ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ប្តេជ្ញាចិត្តថា នឹងកៀងគរវិនិយោគិនបរទេស ឲ្យមកបណ្តាក់ទុន លើគ្រប់វិស័យ នៅព្រះសីហនុ
ភ្នំពេញ ៖ លោក ឡុង ឌីម៉ង់ អតីតជាអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជួយកៀងគរវិនិយោគិនបរទេស ឲ្យមកបណ្តាក់ទុនលើគ្រប់វិស័យ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាទីក្រុងឆ្លាតវៃ ទំនើប បរិស្ថានល្អ បរិយាកាសរស់នៅប្រកបដោយផាសុកភាព និងជីវចម្រុះ។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើង ក្នុងពិធីប្រកាសតែងតាំងលោកជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី២២តុលានេះ ក្រោមអធិបតីភាពលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា កន្លងមកនេះ លោកធ្លាប់បានប្រលូកការងារ នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញប្រមាណជិត១០ឆ្នាំ មុនពេលត្រូវបានតែងតាំងជាឯកអគ្គរាជទូត កម្ពុជាប្រចាំសាធារណកូរ៉េ ហើយពេលនេះលោកមានឱកាសបានមកបម្រើការងារនៅខេត្តព្រះសីហនុ ដែលតំបន់ប៉ូលសេដ្ឋកិច្ចដ៏ធំមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចធំទាំងបី ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» នៅក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ សំដៅប្រែក្លាយខេត្តព្រះសីហនុដែលមានសក្កានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម ក្លាយជាក្បាលម៉ាស៊ីនថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏ធំ ដែលនឹងអាចជួយកម្ពុជា សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

បន្ថែមពីនេះ លោកឡុង ឌីម៉ង់ បានប្តេជ្ញាចិត្តថា នឹងធ្វើជាសេនាធិការបម្រើជូនរដ្ឋបាលខេត្ត និងប្រជាជន រក្សាសាមគ្គីភាព-ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ការងារយ៉ាងហ្មត់ចត់ជាទីបំផុត។ ប្តេជ្ញាពង្រឹង និងពង្រីក កិច្ចសហការស្អិតល្មួតជាមួយកងកម្លាំងប្រដាប់អាវុធ បណ្តាមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីបម្រើប្រជាពលរដ្ឋ សំដៅកែប្រែនិងលើកស្ទួយជីវភាពរស់នៅ សុខុមាលភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយស្រួលដល់ការប្រកបអាជីវកម្មនានា។ ប្តេជ្ញាផ្សព្វផ្សាយ និងការពារសមិទ្ធផលរបស់រដ្ឋបាលខេត្ត ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឲ្យបានទូលំទូលាយ។ ប្តេជ្ញាពង្រឹងជួយកៀងគរវិនិយោគិនបរទេស មកបណ្តាក់ទុនលើគ្រប់វិស័យ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាទីក្រុងឆ្លាតវៃ ទំនើប បរិស្ថានល្អ បរិយាកាសរស់នៅប្រកបដោយផាសុខភាព និងជីវចម្រុះ។ ប្តេជ្ញាជួយសម្របសម្រួល និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាអង្គទូត អង្គការ-សមាគមអន្តរជាតិនានា បណ្តាទីក្រុងសម្ព័ន្ធមេត្រីភាព-ទីក្រុងមិត្តភាពរបស់កម្ពុជា ដើម្បីកៀងគរជំនួយសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ទាំងផ្នែករឹង និងផ្នែកទន់ សំដៅបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីរាជការ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងឱកាសនោះ បានថ្លែងស្វាគមន៍និងអបអរសាទរចំពោះលោកឡុង ឌីម៉ង់ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុដើម្បីបន្តនិរន្តរភាពការងារជាមួយក្រុមប្រឹក្សាខេត្តព្រះសីហនុ គណៈអភិបាលខេត្តក្នុងការបម្រើឧត្តមប្រយោជន៍ជាតិមាតុ ភូមិ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាពិសេសការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យកាន់តែរីកចម្រើនដើម្បីសម្រេចតាមផែនការមេរបស់រាជរដ្ឋាភិបាលគឺដើម្បីអភិវឌ្ឍន៍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកអភិបាលខេត្តថ្លែងទៀតថា លោកជឿជាក់យ៉ាងមុតមាំថា ក្នុងតំណែងជាអភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ នឹងបន្តខិតខំអនុវត្តតួនាទី ភារកិច្ចនិងយកបទពិសោធន៍ល្អៗ ជាពិសេសទំនាក់ទំនងកិច្ចការបរទេស ការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២គឺ កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ។

លោកគួច ចំរើន ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពនៃការគ្រប់គ្រងការ រីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុមានលក្ខណៈធូរស្រាលនិងទទួលបានលទ្ធផលល្អ ប្រសើរហើយនោះ យើងក៏បានត្រៀមលក្ខណៈសម្បត្តិបើកខេត្តព្រះសីហនុជាគោលដៅទេសចរណ៍សុវត្ថិ ភាព និងបៃតង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួលភ្ញៀវ ជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននាដើមឆ្នាំ២០២២ និងជាពិសេសការ ធានានូវនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តព្រះសីហនុ៕
ដោយ ៖ ស្រីរ័ត្ន




-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


