Connect with us

ព័ត៌មានជាតិ

មន្ត្រីកម្ពុជា និងអ្នកវិភាគ ៖ ការដាក់ទណ្ឌកម្មរបស់អាមេរិក លើមន្ត្រីយោធាកម្ពុជា ២រូប គឺជាការបម្រើរបៀ​ប​​​​វារៈនយោ​បាយ​​របស់ខ្លួនប៉ុណ្ណោះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិភាគបញ្ហានយោបាយផងដែរ បានលើកឡើងថា ការដាក់ទណ្ឌជា​ឯក​តោភាគីរបស់​សហរដ្ឋអាមេរិក មកលើមន្ត្រីយោធាកម្ពុជា ២រូបកាលពីពេលថ្មីៗនេះ គឺរបៀបវារៈនយោបាយរបស់អាមេរិក ដែលធ្វើឡើងដោយហេតុផល ភូមិសាស្រ្ដនយោបាយរបស់ខ្លួនប៉ុណ្ណោះ។

ការលើកឡើងនេះ បន្ទាប់ពីក្រសួងរតនាគារ និងក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ បានដាក់ទណ្ឌកម្មដោយឯកតោភាគី លើលោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេក ទេសក្រសួងការពារជាតិ និងលោកនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់​ព័ន្ធនឹងអំពើពុករលួយ ក្នុងការអភិវឌ្ឍន៍តំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថាជាការអនុវត្តច្បាប់ Global Magnitsky របស់ខ្លួន។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការសម្រេច​ជា​​​ឯកតោភាគី ជាសិទ្ធិរបស់សហរដ្ឋអាមេរិក ដែលចង់ដាក់ទណ្ឌកម្មនរណាម្នាក់ ហើយកន្លងមកសហរដ្ឋអាមេរិក បានធ្វើបែបនេះជាហូរហែរមកហើយ សម្រាប់ប្រទេស និងថ្នាក់ដឹកនាំ ដែលមិនស្ថិតក្រោមការបង្គាប់បញ្ជា​របស់​ខ្លួន។ ប៉ុន្តែសម្រាប់ប្រទេសមួយចំនួន ដែលត្រូវបានគេរាយការណ៍ថា មានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គ្មាន​ប្រជា​ធិបតេយ្យ និងគ្មានការបោះឆ្នោតជាដើមនោះ បែរជាសហរដ្ឋអាមេរិក ធ្វើមិនដឹង មិនលឺ ដោយសារតែជា​សម្ព័ន្ធ​មិត្ត ឬកូនជឹងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន មានប្រសាសន៍បន្តថា «ការសម្រេចជាឯកតោភាគីរបស់គាត់ហ្នឹង វា​ជាសិទ្ធិសេរីភាពរបស់​គាត់ ប៉ុន្តែគ្រាន់តែថា ទង្វើរបស់គាត់ហ្នឹង គឺជាទង្វើមួយធ្វើខូចសណ្ដាប់ធ្នាប់ នយោបាយអន្តរជាតិ ខូចសណ្ដាប់ធ្នាប់​ទំនាក់​​ទំនងអន្តរជាតិ ដែលប្រទេសមួយសម្រេចដាក់ទណ្ឌកម្ម ថ្នាក់ដឹកនាំប្រទេសមួយទៀត ជាឯកតោភាគី ដែល​មិនឆ្លងតាមយន្តការ របស់អង្គការសហប្រជាជាតិ អញ្ចឹងនឹងនាំឲ្យមានភាពអនាធិបតេយ្យ ហើយអាចនាំឲ្យមាន​ការសងសឹកដូចគ្នាអញ្ចឹង ពេលណាប្រទេសតូចៗ ប្រទេសមួយចំនួន​ ដែលរងភាពអយុត្តិធម៌ហ្នឹង គេនឹងរួមគ្នា ក្នុងការដាក់ទណ្ឌកម្ម និងចេញរបាយការណ៍រិះគន់វិញដូចគ្នា ព្រោះអីស្ថានភាពសិទ្ធិមនុស្សនៅអាមេរិកហ្នឹង ក៏វា​មិនល្អអីជាងគេ ហើយក៏មានបញ្ហាមិនតិចជាងគេប៉ុន្មានដែរ»។

បើតាមមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ការសម្រេចរបស់អាមេរិកខាងលើនេះ គឺដើម្បីសម្រេចនូវរបៀបវារៈនយោ​បាយរ​បស់​ខ្លួនតែប៉ុណ្ណោះ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ២រូប កាលពីថ្ងៃពុធកន្លងទៅនេះ។ សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១២ ខែវិច្ឆិកា​នេះ បានលើកឡើងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះអំណាចយុត្តាធិការ ហួសព្រំដែនរបស់សហរដ្ឋអាមេរិក មកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់​គ្មានមូល​ដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្រ្ដនយោបាយ។

សេចក្ដីថ្លែងការណ៍ បានលើកឡើងបន្តថា យុទ្ធនាការលាបពណ៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគី របស់សហរដ្ឋ​អាមេរិក ប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូល​ដ្ឋាន នៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ។ ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុង ដល់ឯករាជ្យភាព និងជាការ​ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ។

រីឯលោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ​បញ្ហា​នយោបាយផងនោះ បានលើកឡើងដែរថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ២រូបនេះ គឺជាការបន្តនូវសេណារីយ៉ោ ចោទប្រកាន់របស់សហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជា ពាក់ព័ន្ធនឹង​មូល​ដ្ឋាន​យោធាចិន នៅមូលដ្ឋានយោធាជើងទឹករាម។ លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា ទង្វើបែបនេះជា​ឥរិ​យា​បថ និងចរិតនយោ បាយច្រើនជាង ដោយសារយើងឃើញថា ការប្រកួតប្រជែងខាងភូមិសាស្រ្ដនយោបាយរវាងចិន និងសហរដ្ឋអាមេរិកនេះ គឺសហរដ្ឋអាមេរិក បានប្រើប្រាស់នូវគ្រប់វិធីសាស្រ្ដ គ្រប់យុទ្ធសាស្រ្ដ និងសេណារី​យ៉ោជា​ច្រើន ដើម្បីធ្វើយ៉ាងណាឲ្យមានអរិយភាព នៅក្នុងតំបន់ ក៏ដូចជាធ្វើឲ្យមានអរិយភាព នៅក្នុងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក​ ដែលមិនសូវល្អូកល្អឹនស្រាប់។

អ្នកវិភាគរូបនេះ បានលើកឡើងបន្តថា តិច ឬច្រើន ការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើមន្ត្រីកម្ពុជា​ នឹងធ្វើឲ្យ​មាន​ភាពល្អក់កករ ឬភាពរកាំរកូស នៅក្នុងការទំនាក់ទំនងខ្លះរវាងប្រទេសទាំងពីរ។ ប៉ុន្តែលោកជឿជាក់ ទៅលើ​រាជ​រដ្ឋាភិបាលកម្ពុជា គឺនឹងព្យាយាមដោះស្រាយទៅលើបញ្ហានេះ​ ដោយមិនយកបញ្ហាមួយ ឬចំណែកណាមួយ ធ្វើឲ្យ​ខូច​ទំនាក់​ទំនងទាំងស្រុង ជាមួយសហរដ្ឋអាមេរិកនោះទេ។ លោកបណ្ឌិត គិន ភា បានលើកឡើងទៀតថា «យើង​មិនយល់គ្នាកន្លែង ណា កន្លែងយើងព្យាយាម​ដោះស្រាយ តែ​កន្លែងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន ខ្ញុំ​គិត​ថា រាជរដ្ឋាភិបាល គឺលោកមានភាពឆ្លាត​វៃខ្លាំង ក្នុងនយោ​បា​យការបរទេសបច្ចុប្បន្ននេះ អញ្ចឹងវាមិនមែនជាផ្ទាំង​ពពកខ្មៅដ៏ធំមួយ ដែលគ្របដណ្ដប់លើផ្ទៃនៃទំនាក់ទំនង​ទាំង​មូល ក៏ប៉ុន្តែវាអាចនឹងធ្វើឲ្យប៉ះពាល់ ដល់ទំនាក់ទំនង​ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងការពារជាតិ​»។

ជាមួយគ្នានេះ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ លោកបណ្ឌិត គិន ភា មើលឃើញថា គឺជាជំហានដ៏ត្រឹមត្រូវ និង​បានធ្វើជាបន្តបន្ទាប់។ ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឲ្យមានទស្សនកិច្ចរបស់អ្នកសារព័ត៌មាន និង​សេនា​​នុ​ព័ន្ធ​យោធាបរទេស រាប់ទាំងសេនានុព័ន្ធយោធា របស់អាមេរិកផងដែរ ដែលបានទៅទស្សនកិច្ច នៅ​ទីតាំង​មូលដ្ឋានយោធា​ជើង​ទឹក​រាម។

ត្រង់ចំណុចនេះលោកបណ្ឌិត គិន ភា បានលើកឡើងបន្ថែមថា «អាហ្នឹង គឺជាសកម្ម​ភាព​កា​រទូតមួយ ជាសកម្មភាព​មួយ ដែលមានលក្ខណៈតម្លាភាព អាហ្នឹង គឺការបង្កលក្ខណៈឲ្យមានការជឿទុក​ចិត្តគ្នា ប៉ុន្តែការចោទប្រកាន់ធម្មតា គេមានសេនារីយ៉ោ យើងចង់ធ្វើបែបណា ក៏វាមិនអាចបំពេញទឹកចិត្តគេបានដែរ ទី១ គឺតម្លាភាពនៅក្នុងការងារហ្នឹង ខ្ញុំគិតថា តម្លភាពអស់ហើយ ទី២ រាជរដ្ឋាភិបាលព្យាយាម យើងគិតថា កម្ពុជា​យើងគឺគប្បីហើយ គឺប្រកាន់នូវ​នយោ​បាយការបរទេសអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធហ្នឹង ព្រោះយើង​អត់បាន ទៅចុះកិច្ចព្រមព្រៀង ឬក៏សន្ធិ​សញ្ញាយោធាណាមួយ ជាមួយបរទេសណាមួយ ដើម្បីប្រឆាំងនឹងប្រទេស​ណាមួយទៀតទេ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម