Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារគាំទ្រគម្រោងសាកល្បងលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារនៅតាម​រោងចក្រ

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គាំទ្រ​ចំពោះ​គម្រោង​សាកល្បង​លើកកម្ពស់​សុខភាព​និង​អាហារូបត្ថម្ភ​ដល់​ស្ត្រី​និង​កុមារ​នៅតាម​រោងចក្រ​ដែល​កំពុង​អនុវត្ត​ដោយ​អង្គការ ហេឡែន ខេ​ល​ល័​រ​អន្តរជាតិ​។​

លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​មានការ​រៀបចំ​ជា​កិច្ចព្រមព្រៀង​អនុស្សារណៈ​នៃ​ការ​យោ​គយល់​គ្នា​(MOU) រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​អង្គការដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​អនុវត្ត​ទៅ​ទទួលបាន​ប្រសិទ្ធភាព និង​ជោគជ័យ​រួម​។​

ការគាំទ្រ​របស់លោករ​ដ្ឋ​មន្ត្រី​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​បានអនុញ្ញាត​ឲ្យ​លោកស្រីGwyneth Cotes នាយិកា​ប្រចាំ​ប្រទេស អង្គការ ហេឡែន ខេ​ល​ល័​រ អន្តរជាតិ ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្តីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រីបាន​បញ្ជាក់ថា​«គម្រោង​នេះ​គឺ​យើង​ធ្វើ​នៅតាម​រោងចក្រ​មិនមែន​អនុវត្ត​នៅតាម​សហគមន៍​ទេ​ដូច្នេះ​នៅ​ទីតាំង​រោងចក្រ គឺជា​ទីកន្លែង​អាជីវកម្ម​មួយ​ដែលមាន​ការគ្រប់គ្រង​ពី​និយោជកមាន​ម៉ោង​ធ្វើការ​ច្បាស់លាស់យើង​ត្រូវ​ប្រាកដថា​មាន​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ​ជាមួយ​អ្នកពាក់ព័ន្ធ ដូច្នេះ​ឯកឧត្តម​បណ្ឌិត​ស្នើ​ឲ្យ​មាន​កិច្ចសហការ​ផ្លូវការ ដោយមាន​អនុស្សរណៈ​រវាង​អង្គការ​ជាមួយ​ក្រសួងដើម្បី​មាន​សកម្មភាព​សម្រាប់​យក​ទៅ​អនុវត្ត និង​មាន​គោលដៅ​ច្បាស់លាស់ទទួលបាន​នូវ​លទ្ធផល​គាប់ប្រសើរ​ថែមទៀត​»​។​

នៅក្នុង​ជំនួប​នោះ លោក​រដ្ឋមន្ត្រី បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ​ហេឡែន ខេ​ល​ល័​រ ដែល​បាន​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​របស់ខ្លួន​តាំងពី​ឆ្នាំ១៩៩២​មកម្ល៉េះ ពិតជា​បានរួម​ចំណែក​ច្រើន​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​។ ​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ​សង្គម​មួយ​ដែល​មិនអាច​ខ្វះ​បានដែល​ភាពជា​ដៃគូ រវាង​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល នេះ​ពិតជា​ជួយ​ជំរុញ​បន្ថែម​ដល់​និរន្ត​ភាព​សកម្មភាព​របស់​អង្គការ​ត​ទៅមុខទៀត​។​

លោកស្រី Gwyneth Cotes​បាន ថ្លែង​អរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រីដែល​បាន​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​ដែល​ឈាន​ឲ្យ​មាន​ការចុះ​កិច្ចព្រមព្រៀងជាមួយគ្នា​ក្នុងការ​អនុវត្ត​គម្រោង​នេះ ហើយ​រំពឹងថា គម្រោង​លើកកម្ពស់​សុខភាពនិង​អាហារូបត្ថម្ភ​នៅតាម​បណ្តា​រោងចក្រ​នេះ​នឹង​ទទួលបាន​លទ្ធផល​ជោគជ័យ​។​

លោកស្រី​បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ថា អង្គការ ហេឡែន ខេ​ល​ល័​រ ជា​អង្គការ​មនុស្ស​ធ៌​ម​មិនមែន​រដ្ឋាភិបាល ដែល​បាន​កំពុង​អនុវត្ត​កម្មវិធី​លើកកម្ពស់​សុខភាព​សន្តិ​សុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​ ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និត​ជាមួយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

លោកស្រី​បាន​បន្តថា​បច្ចុប្បន្ននេះ អង្គការ ហេឡែន ខេ​ល​ល័​រ កំពុង​រៀបចំ​ដំណើរការ​សាកល្បង​គម្រោង​លើកកម្ពស់ សុខភាព​និង​អាហារូបត្ថម្ភ ស្ត្រី និង​កុមារ​នៅតាម​បណ្តា​រោងចក្រ​មួយចំនួន​តាមរយៈ​ការគាំទ្រ​ថវិកា​របស់​គម្រោង GIZ-MUSEFO ដើម្បី​រួមចំណែក​លើកកម្ពស់ សុខភាព ផលិតភាព និង​សេដ្ឋកិច្ចកម្ពុជា​។​

លោកស្រី​បាន​បន្តទៀតថា​ កម្មវិធី​នេះ​នឹង​ផ្តោតលើ​ការអប់រំ​ដល់​បុគ្គលិក កម្មករ កម្មការិនី​អំពី​សារៈសំខាន់​នៃ​សុខភាព​និង​អាហារូបត្ថម្ភ​ដូចជា​៖ សារៈសំខាន់​នៃ​អាហារូបត្ថម្ភ​ក្នុងការ​លើកកម្ពស់​សុខ​ភាព និង​ការពារ​ជំងឺ​ផ្សេងៗ​អត្ថប្រយោជន៍​ការបរិភោគ​អាហារ​ចម្រុះដែលមាន​សារជាតិ​ចិញ្ចឹម​ខ្ពស់​ដើម្បី​សុខភាព និង​ថាមពល​មាំមួនការថែទាំ​សុខភាព​ពេល​លំហែ​មាតុភាព និង​ក្រោយ​សម្រាលកូន ការអប់រំ​ស្តីពី​ការចិញ្ចឹម​ទារកនិង​កុមារ​តូច​ក្នុងកំឡុងពេល​ធ្វើ​ការដើ​ម្បី​ឲ្យ​កូន​របស់​ពួកគេ​មាន​សុខភាព​ល្អ និង​ក្លាយជា​ពលរដ្ឋ​មាន​សក្តានុពល​ប្រកបដោយ​ផលិតភាព​ខ្ពស់​ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​នាពេល​អនាគត​។​

នៅក្នុង​ជំនួប​នោះដែរ លោក​រដ្ឋមន្ត្រីលើកឡើង​ពី​ការយកចិត្តទុកដាក់​គិតគូ​ដល់​បងប្អូន​កម្មក​រ​និយោជិត​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​កន្លងមក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីបាន​ចុះទៅ​ឃើញ​ស្ថានភាព​បែបនេះ​តាម​បណ្តា​រោងចក្រ ហើយ​សម្តេច​តេ​ជោបានផ្តល់​អនុសាសន៍​ឲ្យ​មានការ​រៀបចំ​នៅ​កន្លែងធ្វើការ ត្រូវមាន​អាហារ​ដ្ឋា​នកន្លែង​បំបៅ​ដោះ​កូន ជាដើម​។ មួយវិញទៀត​ចំពោះ​គម្រោង​នេះក៏​ជាការ​ផ្ញើ​សារ​មួយ​ទៅកាន់​ទីផ្សារ​បញ្ជា​ទិញ​អន្តរជាតិ​ធំៗ​ផងដែរ​អំពី កិច្ច​គាំពារលក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម​ទំនាក់​ទំនង​វិជ្ជាជីវៈ នៅ​កម្ពុជា​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម