ព័ត៌មានជាតិ
ករណីបិទរោងចក្រ ហាយ-ថេក ៖ ក្រសួងការងារ ធានាផ្តល់អត្ថប្រយោជន៍ជូនកម្មករជាង ២,៥០០ នាក់ លើសពីច្បាប់កំណត់ និង ផ្តល់ឱកាសការងារថ្មីភ្លាមៗ
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានសម្របសម្រួលដោយជោគជ័យលើករណីបញ្ឈប់ដំណើរការរបស់រោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) ឯ.ក. ដែលមានកម្មករ-និយោជិត សរុបចំនួន ២,៥៣២ នាក់ ដោយធានាឲ្យកម្មករទទួលបានសិទ្ធិ និង អត្ថប្រយោជន៍ស្របតាមច្បាប់ ព្រមទាំងអត្ថប្រយោជន៍បន្ថែមលើសច្បាប់សម្រាប់កម្មការិនីមានផ្ទៃពោះ និង អ្នកមានកូនតូច។ នេះគឺជាការអះអាងរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នេះ។

លោក ស៊ុន មេសា អះអាងថា កម្មករ-និយោជិត នឹងទទួលបានរួមមាន ៖ ១.ប្រាក់ឈ្នួលចុងក្រោយ , ២.ប្រាក់បំណាច់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ , ៣.ប្រាក់បំណាច់ជួសការជូនដំណឹងមុន , ៤. ប្រាក់អតីតភាពការងារ ឆមាសទី ២ ឆ្នាំ ២០២៦ ចំនួន ៧.៥ ថ្ងៃ , និង ៥.អត្ថប្រយោជន៍បន្ថែមសម្រាប់កម្មការិនីមានផ្ទៃពោះ និង អ្នកមានកូនតូច។ ជាពិសេស កម្មការិនីមានផ្ទៃពោះ នឹងបន្តទទួលបានការបង់ភាគទាន ប.ស.ស រហូតដល់ថ្ងៃសម្រាល និង ទទួលបានប្រាក់ឈ្នួលចំនួន ៥០% រយៈពេល ៩០ ថ្ងៃ ទោះបីជាបន្តធ្វើការនៅរោងចក្រថ្មី ឬ សម្រាកនៅផ្ទះក៏ដោយ។ ចំណែកកម្មការិនីដែលមានកូនអាយុពី ១៨ ខែ ដល់ ៣៦ ខែ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ៥ ដុល្លារអាមេរិក ក្នុង ១ ខែ ដែលនេះ គឺជាអត្ថប្រយោជន៍ដែលពួកគាត់ទទួលបានអត្ថប្រយោជន៍ប្រសើរជាងច្បាប់។

លោក ស៊ុន មេសា បញ្ជាក់ថា «ជាកិច្ចការងារអាទិភាពរបស់ក្រសួងការងារ ក៏ដូចជាលោករដ្ឋមន្ត្រីផ្ទាល់ ក្នុងនាមជាឪពុកម្តាយ អ្វីដែលក្រសួងគិតគូរយ៉ាងសំខាន់បំផុត គឺការធានាថា បងប្អូនកម្មករ-និយោជិត គ្រប់រូប ត្រូវបានគោរពសិទ្ធិ និង អត្ថប្រយោជន៍របស់ខ្លួនយ៉ាងពេញលេញ ដោយទទួលបានស្របតាមច្បាប់ និង មានឱកាសបន្តការងារថ្មីភ្លាមៗ ដើម្បីបន្តពង្រឹងជីវភាពរបស់បងប្អូនឲ្យកាន់តែប្រសើរ បើទោះបីការបើក-បិទ រោងចក្រ គឺជាដំណើរធម្មជាតិ នៃអាជីវកម្ម ប៉ុន្តែក្រសួងការងារពិតជាមិនចង់ឃើញនោះឡើយ»។

លោក ស៊ុន មេសា រំលឹកបន្តថា ចាប់តាំងពីក្រុមហ៊ុនបានជូនដំណឹងអំពីការបញ្ឈប់ដំណើរការ មន្ត្រីជំនាញ នៃក្រសួង តាមរយៈនាយកដ្ឋានវិវាទការងារ សហការជាមួយមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន តំណាងសហជីព និង និយោជក បានបើកកិច្ចប្រជុំ និង សម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់ការព្រមព្រៀងដោយមានការទទួលយកពីកម្មករ-និយោជិត និង តំណាងសហជីពរួចហើយ។

ជាមួយគ្នានេះ កម្មករ-និយោជិត អាចចាប់ផ្តើមផ្តិតមេដៃទទួលប្រាក់ចាប់ពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៦ ហើយប្រាក់អត្ថប្រយោជន៍នេះ នឹងត្រូវវេរចូលគណនីធនាគារក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីបានចុះហត្ថលេខា ឬ ផ្តិតមេដៃ។

បើតាម លោក ស៊ុន មេសា ដដែល ក្រសួង បានសហការជាមួយរោងចក្រ និង សហគ្រាសនៅតាមបណ្តាខេត្តជិតខាង ដើម្បីទទួលយកកម្មករ-និយោជិត ទៅបន្តការងារភ្លាមៗ ខណៈទីផ្សារការងារនៅទូទាំងប្រទេសកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៩,២ ម៉ឺនកន្លែង។


បន្ថែមពីនេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដាន និង សម្របសម្រួលយ៉ាងយកចិត្តទុកដាក់លើការទូទាត់អត្ថប្រយោជន៍ជូនកម្មករ-និយោជិត ឲ្យបានម៉ឺងម៉ាត់ និង ទទួលបានឱកាសការងារភ្លាមៗ។ នេះគឺជាការអះអាងរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ ដដែល៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


