ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ជំរុញឱ្យលើកកម្ពស់ឧស្សាហកម្មពលកម្ម ផ្អែកលើជំនាញនៅឆ្នាំ២០២៥
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួង បានស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន និងអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥។

ថ្លែងបើកកិច្ចប្រជុំលើកទី៦ របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោករដ្ឋមន្ត្រី បានស្នើឱ្យមានការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាពសំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ។ ម្យ៉ាងវិញទៀត ជាការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ លោករដ្ឋមន្ត្រី ក៏បានចាត់ទុកការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីជំរុញឲ្យការអនុវត្តគោលនយោបាយនេះ កាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ។
លោក បណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាននាពេលកន្លងមក ដែលឆ្លុះបញ្ចាំងឲ្យឃើញថា ទោះបីជាប្រទេសកម្ពុជាបានរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម និងជាឧបសគ្គរារាំងក្នុងការអនុវត្តសកម្មភាពលើគ្រប់វិស័យក៏ដោយ ក្រសួង ស្ថាប័នពាក់ព័ន្ធនៅតែខិតខំបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីសម្រេចបាននូវគោលបំណងជាសសរស្តម្ភទាំងបីនៃគោលនយោបាយ។ សសរស្តម្ភទាំងបីនេះ រួមមាន ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។ ជាក់ស្ដែង នៅក្នុងកិច្ចប្រជុំលើកទី៦នេះ គណៈកម្មការអន្តរក្រសួងបានពិនិត្យ និងអនុម័តរបាយការណ៍ឆ្នាំ២០២០ សម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។

លោករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធបានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេស ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលបានឆ្លើយតបនឹងវិបត្តិនេះ ដោយភាពស្វាហាប់ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកបដោយស្មារតីបុរេសកម្មសំដៅកាត់បន្ថយផលប៉ះពាល់ និងគាំទ្រដល់សកម្មភាពសង្គម-សេដ្ឋកិច្ច ដោយរក្សាបាននូវការងារ លំនឹងជីវភាពប្រជាជន និងធុរកិច្ច។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងជិតស្និត ក្នុងការផ្តល់ជំនួយថវិកា ព្រមទាំងបច្ចេកទេសមកលេខាធិការដ្ឋាន គណៈកម្មការអន្តរក្រសួងនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការសម្របសម្រួលការអនុវត្តគោលនយោបាយនេះ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គការអន្តរជាតិខាងការងារ (ILO) គឺជាដៃគូរយ៉ាងសំខាន់ដែលមិន អាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


