Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិ​លេខ​៥ ដែលជា​សរសៃឈាម​​សេដ្ឋកិច្ចជាតិ​ដ៏​ធំ​ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១០ មករា

បានផុស

នៅ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្ត​បាត់ដំបងទៅខេត្តបន្ទាយមានជ័យ។ ផ្លូវនេះ មានប្រវែងជាង៨៤ គីឡូម៉ែត្រ ដែលបាន​ចំណាយ​ថវិកាអស់​ជាង ១៦០ លានដុល្លារ។ ផ្លូវជាតិលេខ៥នេះ គឺជាផ្លូវអាស៊ានហាយវេទី១របស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាប្រវត្ថិសាស្ត្រមួយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ​ដែលទទួល​បាននូវ​សមិទ្ធផល​ពីរាជរដ្ឋាភិបាលកម្ពុជា គឺផ្លូវអាស៊ានហាយវេទី១ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទា​យមានជ័យ។ ផ្លូវនេះ បានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១​មកម៉្លេះ បន្ទាប់​ពីបាន​ស្ថាបនារួចរាល់។

ផ្លូវអាស៊ានហាយវេទី១នេះ គឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់​របស់ប្រទេសកម្ពុជា​ដែលតភ្ជាប់ពីតំបន់​សេដ្ឋកិច្ចនៃ​ច្រក​ទ្វារ​ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់ខេត្ត បាត់ដំបង ភ្ជាប់មករាជធានីភ្នំពេញ ។ ផ្លូវនេះ​ ជាប្រភេទផ្លូវ៤គន្លងដែលមានទទឹង ២៣ ម៉ែត្រសម្រាប់តំបន់ជនបទ និង ២៨ ម៉ែត្រ​សម្រាប់តំបន់ទី​ប្រជុំ​ជន​ដោយចំណាយថវិកាក្នុងការសាងសង់សរុប ១៦០,៦លានដុល្លាសហរដ្ឋអាមេរិក ។​ ចំពោះ​ ខេត្តបាត់ដំបង​ មាន​ផ្លូវវាងក្រុងបាត់ដំបងមួយខ្សែដែលមានប្រវែងសរុប ២៣.៩២គីឡូ ម៉ែត្រ​ និងផ្លូវតាមបណ្ដោយ​ផ្លូវជាតិ​លេខ៥​ប្រវែង ២២.៣៥គីឡូម៉ែត្រ​ដែលមាន​សួនច្បារនៅកណ្ដាលដោយមានដាំដើមត្របែក​ព្រៃ និងផ្លូវវា​ង​ក្រុង​មានដាំដើមក្ងោកនៅត្រឹមព្រំដី ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនធ្លាប់ បានបញ្ជាក់ថា៖«ផ្លូវជាតិ​លេខ​៥​នេះ គឺ​សំខាន់​ណាស់ វា​ជា​ចំណែក​ផ្លូវ​របស់អាស៊ាន​ហា​យ​វេលេខ​១ ដែល​បាន​ត​ភ្ជាប់​តាំងពី​មីយ៉ាន់ម៉ា មក​ថៃ កម្ពុជា និង​វៀតណាមសម្រាប់​ដឹក​ទំនិញ។ យើង ​មាន​កសិផល​ក៏​ច្រើន​នៅ​ប៉ៃលិន បាត់ដំបង រួម​នឹង​ខេត្តផ្សេង​ ទៀត​អាច​ដឹក​មក​តាម​ផ្លូវ​នេះ​ចុះ​ទៅ​កំពង់​ផែ ហើយ​បន្តិចទៀត អា​ចត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ។ ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវ​សំខាន់ និង​ជា​សរសៃឈាម​ដ៏​ធំ​មួយ​ ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​យើង​រីក​ចម្រើន​ថែម​ទៀត»។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ​កំណាត់ផ្លូវជាតិលេខ៥​ គឺជា​គម្រោង​ក្រោមកម្ចីឥណទាន​សម្ប​ទាន​ពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ​ជប៉ុនប្រចាំកម្ពុជា​ដែលផ្តើម​សាង​សង់​ចេញពីព្រែកក្តាមរហូតដល់ក្រុងប៉ោយប៉ែតឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយ មានជ័យមានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិកហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺភាគខាងជើង ភាគខាងត្បូង និង ភាគ​កណ្តាល ។

ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ជាផ្លូវអាស៊ានហាយវេលេខ១  ហើយក៏ជាផ្លូវរបៀងសេដ្ឋកិច្ច​កើត-លិច ទី២ដ៏មានសក្ដានុពលសម្រាប់ប្រកួតប្រជែងពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ ​និង​សេដ្ឋកិច្ចនៃមហាតំបន់មេគង្គ GMS ដែលតភ្ជាប់រវាងបាងកក-ភ្នំពេញ-ហូជីមិញ។ ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនបានឱ្យ​ដឹង​ថាគម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ  ​៥ គឺជា​គម្រោង​ក្រោមឥណ ទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុនតាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា (JICA)​។ គម្រោង​នេះ គឺ​ផ្តើម​សាងសង់​ចេញពី​ព្រែក​ក្តាមរហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​តមាន​ប្រវែង​សរុប​៣៦៦​គីឡូម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ ។

កំណាត់​ផ្លូវជាតិ​នេះ ត្រូវបានសាងសង់ពង្រីកពី​២​គន្លងដែលមានស្រាប់​ទៅ​៤​គន្លង ដោយមាន​ទទឹង​សរុប​២៣​ម៉ែត្រ មាន​ប្រវែង​សរុប​៣០៤​គីឡូម៉ែត្រ ដោយ​ក្រាល​ជំនួស​កៅស៊ូ AC (Asphalt Concrete) និង​មាន​សួនច្បារ​កណ្តាល។ ការ​អនុវត្ត​នីតិវិធី​ក្នុង​ការ​សាងសង់ ត្រូវ​បាន​បែងចែក​ជា​៣​គម្រោង​ធំ​ៗ​រួម​មាន ៖

១-​ផ្នែក​ខាងជើង ៖ មានឈ្មោះ​ជា​ផ្លូវការ​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ភាគ​ខាងជើង (​បាត់ដំបង​-​សិរី​សោភ័ណ​) ប្រវែង​៨៤,៧៤​គីឡូម៉ែត្រ និង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​១៤៣,០៤​លាន​ដុល្លារ ដោយ​ប្រើ​រយៈពេល​សាងសង់​៣​ឆ្នាំ ។

២-​ផ្នែក​ខាងត្បូង ៖ មានឈ្មោះ​ជា​ផ្លូវការ​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងត្បូង (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ប្រវែង​១៣៥,២៥​គីឡូម៉ែត្រ និង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​២៤៦,៣៥​លាន​ដុល្លារ និង​ត្រូវការ​រយៈពេល​៤​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ ហើយ​ក្នុង​នោះ​ចែក​ចេញ​ជា​៣​គឺ ៖ កញ្ចប់​ការងារ​ទី​១ មាន​ប្រវែង​៤១,៥៤​គីឡូម៉ែត្រ (​ផ្លូវ​វាង​ឧដុង្គ ប្រវែង​៥,២​គីឡូម៉ែត្រ​)​។ កញ្ចប់​ការងារ​ទី​២ មាន​ប្រវែង​៤២,៥០​គីឡូម៉ែត្រ (​ផ្លូវ​វាង​កំពង់ឆ្នាំង ប្រវែង១២,០៧​គីឡូ ម៉ែត្រ​) និង​កញ្ចប់​ការងារ​ទី​៣ មាន​ប្រវែង​៥១,២០​គីឡូម៉ែត្រ ។

៣-​ផ្នែក​កណ្តាល ៖ មានឈ្មោះ​ជា​ផ្លូវការ​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​កណ្តាល (​ធ្លា​ម្អម​-​បាត់ដំបង និង​សិរី​សោភ័ណ​-​ប៉ោយ​ប៉ែ​ត​) ប្រវែង​១៤៦,០៤​គីឡូម៉ែត្រ ចែក​ចេញ​ជា​៥​កញ្ចប់​ការងារ ។កញ្ចប់​ការងារ​ទី​១ មាន​ប្រវែង​១៩,៨​គីឡូម៉ែត្រ (​ផ្លូវ​វាង​ក្រុង​ពោធិ៍សាត់ ប្រវែង​១១,៦៩​គីឡូម៉ែត្រ​)​។ កញ្ចប់​ការងារ​ទី​២ មាន​ប្រវែង​៤៧​គីឡូ ម៉ែត្រ​។ កញ្ចប់​ការងារ​ទី​៣ មាន​ប្រវែង​៤៤,១​គីឡូម៉ែត្រ ។ កញ្ចប់​ការងារ​ទី​៤ មាន​ប្រវែង​៣៥,៤​គីឡូម៉ែត្រ និង​កញ្ចប់​ការងារ​ទី​៥ ការ​ស្ថាបនា​ស្ថានីយ​ជញ្ជីង​ថ្លឹង​ទម្ងន់​​ចំនួន​៦​ទីតាំង ក្នុង​នោះ​មានការ​ស្ថាបនា​ថ្មី​៣​ស្ថានីយនិង​នៅ​លើ​ទីតាំង​ចាស់​៣​ស្ថានីយ ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម