ដើម្បីជំរុញល្បឿនចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ អាជ្ញាធរខេត្តពោធិ៍សាត់កំពុងពិនិត្យលទ្ធភាពប្រមូលផ្តុំក្រុមគ្រូពេទ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋដល់មូលដ្ឋានភូមិឃុំតែម្តង។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច និងលោក ជាវ តាយអភិបាលខេត្តពោធិ៍សាត់ បានផ្ដល់បទសម្ភាសន៍ក្រោយបញ្ចប់ការពិភាក្សារឿងជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ។
លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងដែរថា ក្រោយពេលទទួលបានការណែនាំពីប្រមុខរដ្ឋាភិបាល រដ្ឋបាលខេត្តបានរៀបចំដាក់កម្មវិធីជាក់លាក់ការចាក់ដូសជំរុញ ឬដូសទី ៣ ដើម្បីជំរុញការរៀបចំឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។
លោកបន្តថា រដ្ឋបាលបានរៀបចំក្រុមគ្រូពេទ្យសម្រាប់ចាក់ទៅដល់ទីតាំង អាចដល់គ្រប់ភូមិសម្រាប់បើកយុទ្ធនាការដូសទី ៣ ឬដូសជំរុញ។
ខណៈមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបង្កក្តីព្រួយបារម្ភ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានបញ្ជាក់ថា ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ត្រូវតែជំរុញកៀរគរការចុះចាក់វ៉ាក់សាំងដល់ពលរដ្ឋដោយផ្ទាល់តាមទីតាំងស្របតាមលទ្ធភាព។ អាជ្ញាធរមូលដ្ឋានត្រូវតែផ្សព្វផ្សាយតាមរយៈវីដេអូឃ្លីប និងសារអប់រំដើម្បីផ្តល់ព័ត៌មានឲ្យពលរដ្ឋមកទទួលបានការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនិងអត្រាគ្រោះថ្នាក់ដល់អាយុជីវិត។
យោងតាមសារាចររបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានជំរុញឲ្យគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់សហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បង្កើនល្បឿនការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញឲ្យបានឆាប់រហ័ស ដើម្បីធានាឲ្យបាននូវភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ សំដៅទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាល មកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹងយន្តការ តាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាព នៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ក្របខណ្ឌរាជធានី-ខេត្ត នីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឲ្យបានទាន់ពេលវេលា។ ជាពិសេសការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឲ្យត្រូវទៅនឹងស្ថានភាព ជាក់ស្ដែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី-ខេត្ត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា