ព័ត៌មានជាតិ
នាយករដ្ឋបាលសាលាខេត្ត បដិសេធថា ពុំមានបក្ខពួកនិយមនៅសាលាខេត្តបាត់ដំបង នោះទេ
មន្ត្រីរាជការមួយរូប នៃសាលាខេត្តបាត់ដំបង បានស្នើសុំលាឈប់ពីការងារ ដោយអះអាងថា ខ្លួនមិនពេញចិត្ត នឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង។ នេះបើយោងតាមលិខិតរបស់លោក លី ឌីនូរី ឋានៈន្តរសក្តិ វរៈមន្ត្រីថ្នាក់លេខ ២ នៃក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តួនាទីបច្ចុប្បន្ន មន្ត្រីសាលាខេត្តបាត់ដំបង ដែលគោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២នេះ។
ក្នុងលិខិតនោះលោក លី ឌីនូរី បានឲ្យដឹងថា រូបលោកបានបំពេញភារកិច្ច ជាមន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ ២០០៧ រហូតបច្ចុប្បន្នជាមន្ត្រីសាលាខេត្តបាត់ដំបង។ លោក លី ឌីនូរី បានបន្តថា «ដោយខ្ញុំបាទ ពុំពេញចិត្តនឹងការបង្កើតបក្ខពួក ក្នុងសាលាខេត្តបាត់ដំបង ខ្ញុំបាទសូមគោរពស្នើសុំលាឈប់ ពីក្របខណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ចាប់ពីពេលនេះតទៅ»។

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានចេញលិខិតអញ្ជើញលើកទី ១ ចុះហត្ថលេខាដោយលោក មូល ធន នាយករដ្ឋបាលសាលាខេត្ត ជូនលោក លី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តបាត់ដំបង ឲ្យចូលទៅបំពេញការងារ នៅការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នា រយៈពេល ២សប្ដាហ៍កន្លងមក។

ក៏ប៉ុន្តែលោក លី ឌីនូរី តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន បានលើកឡើងថា លោកបានទទួលលិខិតអញ្ជើញលើកទី ១ របស់រដ្ឋបាលខេត្តបាត់ដំបង។ លោកថា លោកមិនបដិសេធទេ ប៉ុន្តែលោកមានសំណួរខ្លះៗ ដូចជា៖ ១-តើរយ:កាលកន្លងមក ក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំ វាមិនទាន់គ្រប់គ្រាន់មែនទេ? ២-នៅពេល ដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ ខ្ញុំដូចមន្រ្តីធម្មតា? រឺត្រឹមតែចង់អោយខ្ញុំ មកអង្គុយអានកាសែត ដូចរយៈ:កាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។ ៣- បក្សពួកនិយមខ្លាំងពេក នាំអោយអន្តរាយដល់ស្ថាប័នរដ្ឋ។ នេះប្រហែលមកពីខ្ញុំមិនមែន នៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្សពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប។

លោក មូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៩ ខែមករានេះថា មកដល់ពេលនេះ សាលាខេត្តបាត់ដំបង មិនទាន់ទទួលលិខិតស្នើសុំលាឈប់ ពីបុគ្គលឈ្មោះ លី ឌីនូរី គ្រាន់តែបានឃើញនៅលើបណ្ដាសង្គមហ្វេសប៊ុក និងសារព័ត៌មានតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានបញ្ហាបក្ខពួកនិយមនៅក្នុងសាលាបាត់ដំបងនោះ លោក មូល ធន បានបដិសេធថា មិនមាននោះទេ។ លោកថា «ទាក់ទងទៅនឹងបក្ខពួកនិយមនេះ នៅក្នុងអង្គភាពហ្នឹង វាអត់មានទេ ប៉ុន្តែការចោទប្រកាន់របស់ថា បក្ខពួកនិយមយ៉ាងម៉េច យើងកំពុងស្រាវជ្រាវរឿងនេះ ថាតើវាបក្ខពួកនិយម របស់គាត់ហ្នឹងវាយ៉ាងម៉េច ព្រោះកន្លងមកគាត់ ក៏អត់ដែលបានមកធ្វើការ ហើយដល់ពេលអញ្ចឹង យើងកោះអញ្ជើញគាត់ឲ្យមកបំពេញការងារ នៅក្នុងអង្គភាពហ្នឹង ដើម្បីប្រគល់ការងារឲ្យគាត់ ទៅតាមជំនាញ និងចំណេះដឹងរបស់គាត់»។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង ក៏នឹងចេញសេចក្ដីប្រកាសព័ត៌មាន ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


