ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា-វៀតណាម ប្តេជ្ញាធ្វើការជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយលើព្រំដែនគោកដែលនៅសេសសល់
ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក ប៊ូយ ថាញ់សឺន ( Bui Thanh Son) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ។

តាមលទ្ធផលនៃដំណើរទស្សនកិច្ច ដែលផ្សព្វផ្សាយដោយក្រសួងការបរទេស នាល្ងាចថ្ងៃទី២១ ខែមករា នេះ បានឲ្យដឹងថា ក្នុងឱកាស នៃដំណើរទស្សនកិច្ចនេះ លោក ប៊ូយ ថាញ់សឺន បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ភាគីទាំងពីរបានសម្តែងនូវការសំដែងការពេញចិត្តចំពោះកំណើនប្រកបដោយស្ថិរភាព នៃពាណិជ្ជកម្មទ្វេភាគី និងបានចែករំលែកទស្សនៈគ្នា ក្នុងការលើកទឹកចិត្តដល់បណ្តាក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរក្សានិរន្តរភាពនៃសន្ទុះកំណើននេះ។ ជាមួយនោះ ភាគីទាំងពីរ បានរំលឹកឡើងវិញ នូវសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ និងការពារជាតិ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួល ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ រួមមានការជួញដូរមនុស្ស និងការរត់ពន្ធគ្រឿងញៀន នៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

ចំពោះកិច្ចការព្រំដែន ភាគីទាំងពីរបានកត់សម្គាល់ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាន ដែលសម្រេចបានដោយគណៈកម្មការព្រំដែនចម្រុះ (JBC) ក្នុងការបោះបង្គោល និងកំណត់ខណ្ឌសីមាព្រំដែន ព្រមទាំងបានស្វាគមន៍ចំពោះកំណត់ហេតុរវាងប្រធានគណៈកម្មការព្រំដែនចម្រុះ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដែលភាគីទាំងពីរបានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែនគោកដែលនៅសេសសល់ ប្រមាណ ១៦ភាគរយ។

រដ្ឋមន្ត្រីបរទេសទាំងពីរ ក៏បានពិភាក្សាយ៉ាងស៊ីជម្រៅផងដែរ លើវិស័យនានា នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានវិស័យសុខាភិបាល អប់រំ កសិកម្ម ដឹកជញ្ជូន និងបរិស្ថាន ក្នុងចំណោម វិស័យផ្សេងៗទៀត។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ដែលនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


