ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជាអំពាវនាវឱ្យរដ្ឋសមាជិកCICAទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយជំហរអន្តរជាតិរបស់CICA
ប្រមុខការទូតកម្ពុជាបានអំពាវនាវឱ្យរដ្ឋសមាជិក CICAទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយជំហរអន្តរជាតិរបស់ CICAក្នុងការលើកកម្ពស់កិច្ចសន្ទនាដែលមាន ប្រកបដោយបរិយាប័ន្ននិងស្មារតីកសាងការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគនិងការអនុវត្តមធ្យោបាយប្រកបដោយនវានុវត្តន៍ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅទូទាំងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងអំពាវនាវបែបនេះនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦របស់សន្និសីទអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)ដែលបានប្រព្រឹត្តទៅដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ទីក្រុង Nur-Sultan សាធារណរដ្ឋកាហ្សាក់ស្ថាន។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្តីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦របស់សន្និសីទអន្តរសកម្មភាពនិងវិធាន ការកសាងទំនុកចិត្តនៅអាស៊ី (CICA)នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាពនិងវិបុលភាពសកលដែលប្រទេសទាំងអស់ខិតខំសម្រេចបានដោយលំបាករួមទាំងភាពចាំបាច់តម្រូវឱ្យរដ្ឋសមាជិក CICA ចូលរួមដោះស្រាយ បញ្ហាប្រឈមចំពោះមុខដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបញ្ហាប្រឈមដទៃទៀតដូចជាការប្រកួតប្រជែងរវាងមហាអំណាចការរាំងស្ទុះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងគម្លាតនៃការអភិវឌ្ឍ។
ក្នុងន័យនេះលោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យរដ្ឋសមាជិក CICA ទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយជំហរអន្តរជាតិរបស់ CICA ក្នុងការលើកកម្ពស់កិច្ច សន្ទនាដែលមានប្រកបដោយបរិយាប័ន្ននិងស្មារតីកសាងការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគនិងការអនុវត្តមធ្យោបាយប្រកបដោយនវានុវត្តន៍ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅទូទាំងតំបន់ដូចជាទំនាក់ទំនងតាមរយៈ Track 1.5 និង Track 2 ជាដើម។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦ របស់សន្និសីទអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA)ក្រោមមូលបទ«សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព នៅអាស៊ីក្នុងតថភាពថ្មីនៃពិភពលោកក្រោយការរីករាលដាលនៃជំងឺរាតត្បាត» រដ្ឋមន្ត្រីការបរទេស CICA បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងនិងការ កសាងទំនុកចិត្តទៅវិញទៅមកក្នុងគោលបំណងចម្បងគឺការលើកកម្ពស់សន្តិភាពសន្តិសុខ ស្ថិរភាពនិងវិបុល ភាពនៅទូទាំងតំបន់អាស៊ី។
អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈនិងបានដាក់ចេញនូវទិសដៅរួមសម្រាប់បញ្ហាតំបន់និងសកលលោកសំខាន់ៗរួមមានសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែល មានច្បាប់ជាមូលដ្ឋានការការពារបរិស្ថាន តម្រូវការក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាចុងក្រោយដើម្បីសម្របសម្រួលការស្តារសង្គម-សេដ្ឋកិច្ចពីវិបត្តិជំងឺរាតត្បាត កូវីដ-១៩និងសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្សក្នុងន័យទាំងស្រុងស្របតាមគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ។
អង្គប្រជុំបានអនុម័តឯកសារដូចជា ១.បទបញ្ញត្តិសម្រាប់ក្រុមប្រឹក្សាឥស្សរជនឆ្នើម CICA (CICA Council of Eminent Persons) ,២.បច្ចុប្បន្នភាពនៃកាតាឡុក CICA ស្តីពីយន្តការកសាងទំនុកចិត្ត និងទី៣. វិសោធនកម្មនីតិវិធីនៃការសម្រេចចិត្តរបស់ CICA៕
ដោយ ៖ ណារី


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


