ព័ត៌មានជាតិ
រឿងថៃចង់ដោះមីននៅព្រំដែន៖ប្រមុខការទូតកម្ពុជាតបថា មីនអាចដោះបានលុះត្រាតែត្រូវបោះបង្គោលព្រំដែនច្បាស់លាស់ជាមុនសិន
ឆ្លើយតបទៅនឹងករណីថៃចង់ដោះមីននៅព្រំដែន, ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ប្រាប់អង្គទូតនិងអង្គការអន្តរជាតិ ៦៤រូបថា កម្ពុជា-ថៃ អាចដោះមីននៅតាមបណ្ដោយព្រំដែនបានលុះត្រាតែត្រូវបោះបង្គោលព្រំដែនច្បាស់លាស់ជាមុនសិន។

ប្រមុខការទូតកម្ពុជា ប្រាប់ដូច្នេះនៅក្នុងពេលកោះអញ្ជើញអង្គទូត និងអង្គការអន្តរជាតិទៅពន្យល់អំពីស្ថានភាពជម្លោះព្រំដែនបង្កឡើងដោយភាគីថៃនៅទីស្ដីការក្រសួងការបរទេស កាលពីរសៀលថ្ងៃទី២១ ខែសីហា និងត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសលោក នង សាកល ស្រង់សម្ដីយកមកថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែសីហា នេះ។

អ្នកនាំពាក្យក្រសួងការបរទេស ស្រង់សម្ដីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកម្ពុជាយកមកថ្លែង ក្នុងសន្និសីទសារព័ត៌មានដូច្នេះ÷” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើថា កម្ពុជា-ថៃ អាចស្រាវជ្រាវ រកកំណត់ព្រំដែនអាទិភាព សម្រាប់ការបោសសម្អាតមីនមនុស្សធម៌ ជាពិសេសតំបន់ណាដែលមានមនុស្សរស់នៅ និងកន្លែងណាដែលការបោសសម្អាតនោះបម្រើដោយផ្ទាល់ដល់តម្រូវការសេដ្ឋកិច្ចសង្គម ការពារជីវិតប្រជាជនស៊ីវិលនៃប្រទេសទាំងពីរផង និងគាំទ្រដល់ស្ថិរភាពតំបន់ផងដែរ“។

នៅត្រង់ចំណុចនេះដែរ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន សង្ឃឹមថាភាគីថៃឆ្លើយតបមកវិញដោយវិជ្ជមាន ឬយល់ព្រមបោះបង្គោលព្រំដែនជាមុនសិនទើបឈានដល់ការបោសសម្អាតមីនតាមក្រោយ។

គួរឱ្យដឹងថាតាំងពីមុនមានភាពតានតឹងឈានដល់ការផ្ទុះជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនជាមួយគ្នា ថៃតែងតែបង្ហាញចេតនាចង់ដោះមីននៅតាមបណ្ដោយព្រំដែនជាមួយកម្ពុជា នៅក្នុងកិច្ចប្រជុំកម្រិតគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ RBC, កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (JBC)កម្ពុជា-ថៃ និងកិច្ចប្រជុំផ្សេងៗទៀត។

ជាការកត់សម្គាល់នៅកម្ពុជាគេមើលឃើញថា ចេតនាដែលថៃចង់ដោះមីននៅតាមបណ្ដោយព្រំដែន គឺដើម្បីបើកផ្លូវឲ្យកងទ័ពថៃងាយស្រួលដើរចូលមកលើទឹកដីកម្ពុជាដោយខុសច្បាប់។
សូមរំលឹកថានៅក្នុងខែកក្កដា ទាហានថៃបានល្បាតចូលមកលើទឹកដីកម្ពុជានិងជាន់មីនបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ដាច់ជើងជាដើមចំនួន ២លើក។ ថៃបានយកលេសនេះ បើកការវាយប្រហារមកលើកម្ពុជាទាំងកំរោលរំលោភបំពានច្បាប់អន្តរជាតិ ប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក អាវុធគីមី អាវុធធន់ធ្ងន់ គ្រាប់បែកចង្កោម ដែលអន្តរជាតិហាមឃាត់ រយៈពេល ៥ ថ្ងៃ ទើបស្ងប់ស្ងាត់ទៅវិញក្រៅបទឈប់បានចូលជាធរមាន។

ក្រោយបទឈប់បាញ់ចូលជាធរមានហើយ នៅក្នុងខែសីហា ទាហានថៃបានបន្ត ទន្ទ្រានចូលមកក្នុងទឹកដីកម្ពុជានិងកើតមានករណីជាន់មីនចំនួន ២ លើកទៀត។ ត្រង់ចំណុចនេះដែរអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ យល់ថាការជាន់មីនជាបន្តបន្ទាប់របស់ទាហានថៃថាជាល្បិចឈឺសាច់ដើម្បីចោទប្រកាន់មកកម្ពុជាថាជាអ្នកល្មើសបទឈប់បាញ់មុន ហើយបើកការវាយប្រហារដោយប្រដាប់អាវុធមកលើកម្ពុជាទ្រង់ទ្រាយធំម្ដងទៀត។

កាលពីពាក់កណ្ដាលខែសីហា ក្រសួងការបរទេសកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថាទឹកដីដែលទាហានថៃចូលមកជាន់មីនគឺជាទឹកដីរបស់កម្ពុជា ដែលថៃខ្លួនឯងក៏ដឹងដែរថាជាតំបន់គ្រោះថ្នាក់។ក្រសួងបញ្ជាក់ការបរទេថា៖ «វាជាការពិតដែលតំបន់ទាំងនោះត្រូវបានចុះបញ្ជីយូរណាស់មកហើយ ដោយភ្នាក់ងារដោះមីនជាតិ ក៏ដូចជាអន្តរជាតិថាជាចំការមីន»។ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសបញ្ជាក់ថាចំការមីនដែលទាហានថៃចូលទៅជាន់នោះត្រូវបានចុះបញ្ជីដោយអន្តរជាតិថាជាចំការមីនដល់សល់តាំងជម្លោះផ្ទៃក្នុងកម្ពុជាទស្សវត្សឆ្នាំ១៩៧០ និង១៩៨០មកម្លេះ។ បន្ថែមលើនេះក្រសួងបានបញ្ជាក់ថាទឹកដីដែលទាហានថៃជាន់មីននោះគឺជា «ទឹកដីកម្ពុជា» ដែលទទួលស្គាល់ដោយអន្តរជាតិតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។
គួរគូសបញ្ជាក់ថា កម្ពុជា ថៃ មានបណ្ដោយព្រំដែនគោកនិងព្រំដែនទឹកជាមួយគ្នាជាង៨០០ គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តចំនួន៧ ដូចជាខេត្តកោះកុង, ពោធិ៍សាត់,បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, និងព្រះវិហារ។ ដើម្បីបោះបង្គោលខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ កម្ពុជាប្រើប្រាស់ផែនទីខ្នាត១លើ២០០ពាន់ និងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម១៩០៧ ប៉ុន្តែភាគីថៃវិញបានគូសផែនទី ខ្នាត១លើ៥០ពាន់ថ្មីមួយស្រេចតែចិត្តឯងចូលមកក្នុងទឹកដីកម្ពុជា គ្មានអន្តរជាតិទទួលស្គាល់ ដែលផែនទីនេះរំលោភទៅលើផែនទីដែលបារាំងគូស ហើយផែនទីដែលថៃគូសស្រេចតែចិត្តឯងនេះ សម្ដេចតេជោធ្លាប់បានហៅថាជាផែនទីចោរ។
ជាការកត់សម្គាល់ នៅត្រង់ការប្រើប្រាស់ផែនទីខ្នាតខុសគ្នានេះហើយ ជាហេតុនាំឲ្យការបោះបង្គោលកំណត់ព្រំដែនកម្ពុជា-ថៃត្រូវបានជាប់គាំងជាច្រើនឆ្នាំ ហើយបញ្ហាផែនទីខុសគ្នានេះដែរ ក៏បណ្ដាលឱ្យមានជម្លោះតាមព្រំដែន បង្កឡើងដោយភាគីថៃហើយបើកការវាយប្រហារមកលើកម្ពុជា៕
ដោយ÷ង៉ិល ណារ៉ាត់
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


