Connect with us

ព័ត៌មានជាតិ

ជប៉ុន​គ្រោង​នឹង​បង្កើត​រោងចក្រ​កែច្នៃ​ស្វាយចន្ទី​នាំចេញ​ទៅកាន់​ទីផ្សារ​ជប៉ុន​និង​ទីផ្សារ​អន្តរជាតិ​

បានផុស

នៅ

​ក្រុមហ៊ុន​ជប៉ុន​មួយ​គ្រោង​នឹង​ធ្វើ​ការវិនិយោគ​លើ​ដំណាំ​ស្វាយចន្ទី​លើ​ផ្ទៃដី ១០០០​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​បង្កើត​រោងចក្រ​កែច្នៃ​ស្វាយចន្ទី​នាំចេញ​ទៅកាន់​ទីផ្សារ​ជប៉ុន​និង​ទីផ្សារ​អន្តរជាតិ​ដែល​នឹង​ជួយ​លើកកម្ពស់​និង​ពង្រីក​ផលិតផល​ស្វាយចន្ទី​របស់​កម្ពុ​ជាកា​ន់​តែ​ទូលំទូលាយ​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នា​រសៀល​ថ្ងៃ ទី​២៥ ខែមករា ឆ្នាំ​២០២២ លោក Akira Taniguchi នាយក​ក្រុមហ៊ុន YEBISS HOLDINGS​បាន​មានប្រសាសន៍ថា ការវិនិយោគ​នេះ​មាន​គោលបំណង​សំខាន់​៣ គឺ ៖ ទី​១- បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ជប៉ុន និង​ទីផ្សារ​អន្តរ ជាតិ​ផ្សេងទៀត ទី​២- កែច្នៃ​សំបក​គ្រាប់ស្វាយចន្ទី​ជា​ប្រេង ដើម្បី​យកទៅ​កែច្នៃ​ធ្វើជា​សម្ភារ​ប្រើប្រាស់​ដូចជា​កំប៉ុង ថង់ កែវ ទុ​យូ ប្រអប់​។​ល​។ ជំនួស​ឲ្យ​វត្ថុ​ប្លា​ស្ទីក​ដែល​កំពុង​បំផ្លាញ​បរិស្ថាន​។

លោក វេ​ង​សាខុន បាន​ជម្រាប​ជូន​លោកនាយក​ក្រុមហ៊ុន​ដោយ​សង្ខេប​អំពី សក្តា​ន​ពល​នៃ​ដំណាំ​ស្វាយចន្ទី ទិន្នផល​ប្រមូល​បាន និង​បរិមាណ​នាំចេញ ជាពិសេស​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​បាន​នាំចេញ​ផលិតផល​ស្វាយចន្ទី​កែច្នៃ​រួច​ចេញទៅ​កាន់​ទីផ្សារ​ជប៉ុន ហើយ​ផលិតផល​នេះ​ត្រូវបាន​ដាក់​តាំង​បង្ហាញ និង​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន​ជប៉ុន​ទៀតផង។

លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា គម្រោង​វិនិយោគ​នេះ នឹង​នាំមក​នូវ​ពហុ​ប្រយោជន៍​យ៉ាងច្រើន​ដល់​កសិករ សហគមន៍ និង​ចម្ការ​ស្វាយចន្ទី តាមរយៈ​ការ​ផ្សព្វផ្សាយ​បច្ចេកទេស ពូជ ជី និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចង្រៃ និង​ជាពិសេស​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​វត្ថុធាតុដើម​ដ៏​មានតម្លៃ​មួយ​នេះ បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល ដែល​នេះ ប្រាកដជា​នឹងចូលរួម​បង្កើន​សេដ្ឋកិច្ច​គ្រួសារ ឆ្លើយតប​តាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ ២០៣០ និង​២០៥០​។

នា​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​បានផ្តល់​យោបល់​ឲ្យ​ក្រុមហ៊ុន បង្កើត​រោងចក្រ​ជា​ជំហាន​ដំបូង ជាការ​សាកល្បង​ប្រើប្រាស់​វត្ថុធាតុដើម (​សំបក​) បន្ទាប់មក​ធ្វើ​កិច្ចសន្យា​ប្រមូល​ទិញ​ពី​ប្រជា កសិករ សហគមន៍ និង​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួនទៀត សំខាន់​ជាង​នេះ​គឺ​ស្រូបយក​ពលកម្ម​ក្នុងស្រុក បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​។

លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​លោកនាយ​កថា​ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​គ្រប់បែបយ៉ាង ធ្វើយ៉ាងណា​ឲ្យ​គម្រោង​វិនិយោគ​នេះ​ទទួលបាន​ជោគជ័យ ទីមួយ​គឺមាន​ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ​ថា​កម្ពុជា​យក​សំបក​គ្រាប់ស្វាយចន្ទី​ធ្វើ ជា​ប្រេង និង​ទី​ពីរ​កម្ពុជា​យក​សំបក​គ្រាប់ស្វាយចន្ទី​ជា​ប្រយោជន៍​សម្រាប់​វិស័យ​ឧស្សាហកម្ម​ប្លា​ស្ទីក កែច្នៃ​ជា​សម្ភារ​ប្រើប្រាស់​ជា​ពហុ​ប្រយោជន៍ ដែល​ពីមុន​វា​មានតម្លៃ​ស្នើ​សូន្យ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម