Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី​ លី ធុជ ​ជួប​ពិភាក្សា​ការ​ងារ​ ជាមួយ​នាយក​ ISU-​APMBT ពង្រឹង​លើការ​ងារ​បោស​សម្អាត​មីន

បានផុស

នៅ

លោក​ទេស​រដ្ឋមន្រ្តី​ លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បាន​អនុញ្ញាត​ឲ្យ​ លោក​ Juan Carlos Ruan នាយកអង្គ​ភា​ព​គាំទ្រ​ការ​អនុវត្ត នៃ​អនុសញ្ញា​ស្តីពី​ការ​ហាម​ប្រាម​ ការ​ប្រើ​ប្រាស់​ ការ​រក្សា​ទុក​ កា​រផលិត​ និង​ការ​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​​ និង​ការ​បំផ្លាញ​គ្រាប់​មីន​ចោល និង​លោក Gregory Cathcart មន្រ្តី​ជាន់​ខ្ពស់ ISU​ ដែល​មាន​ទី​ស្នាក់នៅ​ប្រទេស​ស្វីស​​ ចូល​ជួប​ពិភាក្សា​ការ​ងារ​ស្តីពី​ការ​​​ពង្រឹង​ភាព​ដៃ​គូរ​​ និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​ នៅ​ទីស្នាក់ការ​អាជ្ញាធរមីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Juan Carlos Ruan បាន​បម្រើ​ការ​ងារ​ជា​នាយក​ ISU តាំង​ពី​ឆ្នាំ​២០១៦ និង​បានជួយគាំ​ទ្រ​ដល់​ការ​អនុវត្តខ្លឹមសារ​​អនុសញ្ញា​អូតាវ៉ាទៅ​គ្រប់​សមាជិក​រដ្ឋភាគី​ទាំង​អស់​។

​គណៈ​ប្រតិភូ ISU-APMBC ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​ ​រយៈពេល ០៥ថ្ងៃ ​ចាប់ពីថ្ងៃទី០៦-១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្នុង​គោល​បំណង​តាម​ដាន​​​​ការ​អនុវត្តការ​ងារ​​បោស​សម្អាត​​មីន​របស់​​កម្ពុជា ឲ្យស្រប​ទៅ​នឹង​ផែនការ​ដែល​បាន​អនុម័ត​ឲ្យ​កម្ពុជា​ពន្យារពេល​លើក​ទី២ នៅ​ទី​ក្រុង​អូស្លូ ប្រទេស​ន័រវេស្ស​ និង​ជួយ​គាំ​ទ្រ​កម្ពុជា​ក្នុង​ការ​រៀបចំ​ផែនការ​បោសសម្អាត​មីន​ឲ្យ​សម្រេច​ទៅ​តាម​​មាត្រា៥ នៃ​អនុសញ្ញា​​អូតាវ៉ា​។ ​

គណៈ​ប្រតិភូ ISU-APMBC គ្រោង​នឹង​​ជួយ​ពិភាក្សា​ជាមួយថ្នាក់​ដឹកនាំ​អាជ្ញាធរមីន, គណៈកម្មការ​​ JBC កម្ពុជា​-ថៃ,​​ មន្រ្តី​ UNDP នៃគម្រោង​បោស​សម្អាត​​មីនដើម្បី​លទ្ធផល,​​ CMAC, NPA, Halo Trust, MAG, ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន(ARMAC) និង​ភាគីពាក់ព័ន្ធដទៃ​ទៀត​។

ក្នុ​ងនាម ​​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរមីន​​ លោក​ទេស​រដ្ឋមន្រ្តី លី ធុជ បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​បេសកកម្ម​របស់​គណៈប្រតិភូ​ ISU-APMBC នៅ​កម្ពុជា​ ព្រមទាំង​​បានថ្លែង​អំណរ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ ​អង្គភាព​ ISU-APMBC ដែល​បានជួយ​គាំទ្រដល់​កម្ពុជា​ក្នុង​​ការ​ផ្តល់​​ប្រឹក្សា​យោបល់ និង​ជំនួយ​បច្ចេកទេស​ដល់​ការ​ងារ​បោសសម្អាត​មីន​​ ក្នុង​នាម​កម្ពុជា​ជា​រដ្ឋភាគី​នៃអនុសញ្ញាអូតាវ៉ា​ ជាពិសេ​ស​​លើសំណើ​សុំ​ពន្យា​ពេល​បោសសម្អាត​មីនរបស់​កម្ពុជា​​លើកទី១ និង​លើក​ទី២។

លោក​ទេស​រដ្ឋមន្រ្តី បាន​បញ្ជាក់​ទៀតថា ក្នុង​នាម​ជា​រដ្ឋភាគី​នៃ​អនុញ្ញា​អូតាវ៉ា​​ កម្ពុជា​ ធ្លាប់​បាន​ស្នើ​សុំ​ពន្យារ​ពេល​បោសសម្អាត​មីន​លើក​ទី១ រយៈពេល​ ១០​ឆ្នាំ​​ ចាប់ពីឆ្នាំ​២០១០ ដល់​ឆ្នាំ​ ២០១៩ ដើម្បី​ធ្វើការ​បោស​សម្អាត​ផ្ទៃដី​ដែល​ដឹង​ថា​មាន​គ្រាប់​មីន​ទាំងអស់​ឲ្យ​រួច​រាល់​ត្រឹម​ឆ្នាំ​២០១៩ ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំនោះ​​​ ផ្ទៃដី​ប្រមាណជាង​ ៥៧៧ ម៉ែត្រ​ក្រឡា សរុប​ចំនួន​ ៨,២៩០ ​ចម្ការមីន​​ បាន​បោស​សម្អាត​​រួច មីន​ប្រឆាំង​មនុស្ស​ ១០១,៤២៤ គ្រាប់ មីន​ប្រឆាំង​រថក្រោះ ១,៥៦០ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះពីសង្រ្គាម​ ៧៣,២៣១ គ្រាប់ ប៉ុន្តែ​ផ្អែក​តាម​កា​រ​វាយ​តម្លៃ​លទ្ធភាព កម្ពុជា​នៅតែ​មិន​អាច​សម្រេច​បាន​តាម​គោល​ដៅ​ឆ្នាំ​២០១៩។

លោក​បន្ត​ថា​ បន្ទាប់ពី​ការ​ពិនិត្យ​ឡើង​វិញ​ និង​ស្រប​តាម​ស្មារតី​នៃ​ “​សេចក្តី​ថ្លែង​ការណ៍​ម៉ាពុយតូ+១៥”​  កាលពី​ឆ្នាំ​២០១៤ កម្ពុជា​បាន​ស្នើសុំ​ពន្យារពេល​បោសសម្អាតមីនលើក​ទី២​ រយៈពេល​០៦ឆ្នាំ​បន្ថែម​ទៀត ចាប់ពីឆ្នាំ​២០២០​ ដល់ឆ្នាំ​២០២៥ សំដៅ​ធ្វើការ​បោសសម្អាត​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ២០២៥។

ក្នុង​ឱកាស​នោះ លោក​ទេស​រដ្ឋមន្រ្តី បាន​ជម្រាបប្រាប់​ដល់​គណៈប្រតិភូ​អំពី​បញ្ហា​មីន​នៅ​កម្ពុជា​ថា “​ប្រទេស​កម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងមីន​ និង​សំណល់ជាតិផ្ទុះ​ពីសង្គ្រាម ដែលជាលទ្ធផល​នៃ​សង្រ្គាម​រ៉ាំរ៉ៃ​អូស​បន្លាយ​នៅ​ក្នុង​ប្រទេស ចាប់តាំងពី​ដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតមកដល់ចុងឆ្នាំ​១៩៩៨។​

ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុង​​ឆ្នាំ​ ១៩៩៨ កម្ពុជា ទទួល​បាន​​សន្តិភាពពេញលេញទូទាំងប្រទេស ដែល​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​​កម្ពុជា មាន​លទ្ធភាព​គ្រប់​គ្រាន់​ដោះស្រាយ​ការ​គម្រាម​កំហែង​ដោយ​សារ​មីន​ និង​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ទាំងនោះ ប្រកបដោយប្រសិទ្ធភាព និង​គ្មាន​ការ​ភ័យខ្លាច​។”​​

ជាមួ​យ​គ្នានេះ​ លោក​ទេស​រដ្ឋមន្រ្តី បាន​លើ​កឡើង​អំពី​សមិទ្ធផល​រយៈពេលជិត​ ​​៣០​ឆ្នាំ ​នៃ​ការ​ងារ​​បោស​សម្អាត​មីន​មនុស្ស​ធម៌​​នៅ​កម្ពុជាចាប់​ពី​ឆ្នាំ​១៩៩២​ ក្រោម​ការ​ដឹកនាំរបស់ ​សម្តេ​ច​តេជោ នាយក​រដ្ឋមន្រ្តី និងមាន​​ការ​ចូលរួម​ចំណែក​គាំទ្រ​ពី​ដៃ​គូ​អភិវឌ្ឍន៍​ ប្រទេស​ជា​មិត្ត​ និង​ភាគី​ពាក់ព័ន្ធដទៃ​ទៀត​​ ដោយ​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២១ កម្ពុជា​ បានបោស​សម្អាតផ្ទៃដីចំនួន ២,៣២៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,១១៨,៨១០ គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៩៥២ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៩៨៣,៤១៦ គ្រាប់ ដោយមានអ្នកទទួលផល ៧,៧៣២,៥៣៦ នាក់។​

ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី ២,០១៧ គីឡូម៉ែត្រ​ក្រឡា ដែលក្នុងនោះ ៧៨៨ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន។

លោក​បន្តទៀត​ថា​ ឆ្នាំ​២០២២នេះ​ កម្ពុជាមាន​បំណង​រៀបចំ​​ពិធី​អបអរ​សាទរ​រំលឹក​ខួប​ទី៣០ឆ្នាំ​ នៃ​ការ​ងារ​បោស​សម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា (១៩៩២-២០២២) ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​ទេស​រដ្ឋមន្រ្តី បាន​ស្នើសុំ​ឲ្យ​អង្គភាព ​ISU-APMBC ជួយគាំ​ទ្រ​ដល់​ការ​ងារ​បច្ចេកទេស​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការ​ណ៍​នេះ​ ព្រម​ទាំង​បាន​ស្នើសុំ​ អង្គភាព ​ISU-APMBC ជួយ​កៀរ​គរ​ធន​ធាន​បន្ថែម​ពី​​សហគមន៍​ផ្តល់​​ជំនួយ គាំទ្រ​ដល់​ការ​ងារ​បោសសម្អាតមីន​នៅកម្ពុជា​ឲ្យ​អស់​ទាំង​ស្រុង​នៅ​ត្រឹម​ឆ្នាំ​២០២៥។​

លោក​ Juan Carlos Ruan បាន​អប​អរ​សាទរ​ និង​កោត​សរសើរដល់​រាជរដ្ឋាភិបាលកម្ពុជា​​ ដែលបាន​យក​ចិត្ត​ទុក ចាត់​ចែង​​ និង​រៀបចំ​ឲ្យ​មាន​រចនា​សម្ព័ន្ធយ៉ាង​ច្បាស់លាស់​សម្រាប់​ការ​ងារ​សម្រប​សម្រួល​ និ​ងគ្រប់​គ្រង​វិស័យ​សកម្មភាព​មីន​កម្ពុជា​​ ព្រម​ទាំង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេច​បាន​លើ​ការ​ងារ​បោសសម្អាត​មីន​នា​ពេលកន្លង​មក​ ទោះ​បី​មាន​រីករាល​ជា​សកល​នៃ​ជំងឺ​កូវីដ​-១៩ ក៏​ដោយ​។

ក្នុង​ឱកាស​នោះ​ លោក​ Juan Carlos Ruan មានបំណង​​ស្នើ​សុំ​ឲ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀបចំ​សន្និសីទ​សកល​ ស្តីពី​ការ​ជួយ​សង្រ្គោះ​​ជនរង​គ្រោះ​ដោយ​សារ​មីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​ និង​សិទ្ធិរបស់​ជន​មាន​ពិការ​​ភាព​ (Global​ Conference on Assistance of Anti-Personnel Mines and Other Explosive Remnants of War, and Disability Rights) ​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ក្នុង​ឆ្នាំ​​២០២៣ ខាង​មុខ​នេះ​ ដោយ​​មាន​​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​សហគមន៍​អ៊ឺរ៉ុប​ និងមាន​ប្រទេស​ប្រមាណ ២០០ ចូលរួម​។

ជា​ការ​ឆ្លើយ​តប​ លោក​ទេស​រដ្ឋមន្រ្តី បាន​ស្នើសុំ​ឲ្យ លោក​ Juan Carlos Ruan  រៀបចំ​លិខិត​ផ្លូវ​ការ​មក​រាជរដ្ឋាភិបាល​កម្ពុជា​​ ហើយ​លោក​នឹង​ស្នើ​សុំ​អនុសាសន៍​ណែនាំ​ពី​សម្តេច​តេជោនាយក​រដ្ឋមន្រ្តី​ លើ​សំណើ​​រៀបចំ​សន្និសីទ​សកលនេះ​។

​អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា​ (Implementation Support Unit_ISU) ត្រូវបានបង្កើត​ឡើងក្នុងខែឧសភា ឆ្នាំ​២០០១ ហើយ​វិសាលភាពរបស់​ ISU ត្រូវបានកំណត់ដោយ “សេចក្តីណែនាំរបស់រដ្ឋភាគីចំពោះអង្គភាពគាំទ្រការ​អនុវត្ត​អនុសញ្ញា​” ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋភាគី​លើកទីដប់ (10MSP) ឆ្នាំ២០១០​។

អង្គភាព ​ISU-APMBC មាន​អាណត្តិ​ក្នុង​ការ​​ផ្តល់​ប្រឹក្សា​យោបល់​ ផ្តល់​ជំនួយ​បច្ចេកទេសលើ​ការ​អនុវត្ត​អនុសញ្ញា​​​ដល់​គ្រប់​រដ្ឋភាគី​​ គាំទ្រការរៀបចំនិងតាមដានកិច្ចប្រជុំរដ្ឋភាគី សន្និសិទពិនិត្យឡើងវិញ កិច្ចប្រជុំអន្តរកម្ម និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម