ព័ត៌មានជាតិ
តើ “ទិវាវប្បធម៌ជាតិ ០៣ មីនា” ឆ្នាំ ២០២២ អាចប្រារព្ធបាន ឬទេ?
“ទិវាវប្បធម៌ជាតិ ០៣ មីនា” តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយមានការរៀបចំមហោស្រពប្រឡងសិល្បៈពីបណ្ដារាជធានីខេត្តទូទាំងប្រទេស ពិសេសពីក្រុមសិល្បៈមហាជន និងយុវជន ចាប់តាំងពីខែកុម្ភៈ ដើម្បីត្រៀមចូលរួមក្នុងពិធីជំនួប និងប្រគល់ពាន់រង្វាន់ពីប្រមុខរដ្ឋាភិបាល។ មកដល់ពេលនេះ នៅមិនទាន់មានការប្រឡងសិល្បៈនៅឡើយ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលនេះថា ក្រសួងបានគ្រោងរៀបចំប្រារព្ធទិវាវប្បធម៌ ឆ្នាំ ២០២២ នេះ តាំងពីចុងឆ្នាំ ២០២១ មក ប៉ុន្តែដំណើរការបាន ឬមិនបាន មិនទាន់ច្បាស់។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្តថា៖ “យើងបានត្រៀម ត្រៀមលក្ខណៈរៀចំកម្មវិធីសិល្បៈ ដោយបានប្រជុំ និងបង្កើតគណៈកម្មការ មានការប្រកួតប្រជែងសិល្បៈពីវិទ្យាល័យតាមបណ្ដាមន្ទីររាជធានីខេត្ត ដោយបានប្រកាសរួចហើយ ប៉ុន្តែថាអាចដំណើរការបានយ៉ាងម៉េចអីនោះ អត់ទាន់ច្បាស់ទេប្អូន។ ព្រោះជាធម្មតា ទិវាវប្បធម៌ ត្រូវមានការចូលរួមពីសម្ដេចតេជោ ប្រមុខនៃរដ្ឋាភិបាល អ៊ីចឹង ជាគោលការអត់ទាន់ចេញ”។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងលើមានប្រសាសន៍ថា ក្រសួងបានរៀបចំគណៈកម្មការ បែងចែកផ្នែកទទួលរៀបចំសិស្បៈ ការប្រឡង កម្មវិធីសំណួរចម្លើយ រៀបចំជាផ្ទៃក្នុងរួចហើយ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់ថា៖ “ប៉ុន្តែចេញជារូបរាងធំដុំអត់ទាន់មានទេ ព្រោះដំណើរការជាដំណាក់ៗរហូតចុងខែ២ (កុម្ភៈ) បានយើងចាប់ផ្ដើមប្រឡងជម្រុះតាមមន្ទីរ ឥឡូវដំណើរការអត់ទាន់ដើរដល់ហ្នឹងទេ។ ក្រសួងអាចនឹងប្រកាសព័ត៌មាន អំពីការប្រឡង ឬការជួបជុំ បើស្ថានភាពការឆ្លងជំងឺកូវីដ-១៩ មានស្ថានភាពធូរស្បើយ”។

គួររំលឹកថា ក្រសួងវប្បធម៌ និងវិចិត្រសល្បៈ កាលឆ្នាំមុន បានប្រកាសលើកពេលប្រារព្ធ ទិវាវប្បធម៌ជាតិ លើកទី២៣ និងទិវាវប្បធម៌យុវជន ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិ លើកទី ២៣ នេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យប្រារព្ធតាមរយៈការបោះពុម្ពបដា ផលិតជាឯកសារ សម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា មហោស្រពសិល្បៈយុវជនទូទាំងប្រទេសប្រចាំឆ្នាំ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅឆ្នាំ២០១៥ ក្នុងគោលបំណងបណ្តុះស្មារតីឱ្យយុវជន និងមហាជនស្រឡាញ់មរតកសិល្បៈវប្បធម៌ខ្មែរ ពិសេសជំរុញការផលិត និងរកទីផ្សារវប្បធម៌ឱ្យកាន់តែទូលំទូលាយ។

ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌នេះ ក៏ជាការជំរុញនូវការចូលរួមវិភាគទានដោយផ្ទាល់ដល់ការងារអភិរក្ស និងការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ពិសេសដើម្បីឱ្យយុវជនមានឱកាសបញ្ចេញនូវសមត្ថភាព និងទេព្យកោសល្យពិតៗរបស់ខ្លួនទៅលើការថែរក្សា និងការអភិវឌ្ឍវប្បធម៌ សំដៅទប់ស្កាត់វប្បធម៌អវិជ្ជមាន ក្នុងស្រទាប់យុវវ័យ ក៏ដូចជាការបណ្តុះស្មារតីយុវជនឱ្យស្រឡាញ់វប្បធម៌ជាតិ ដើម្បីបុព្វហេតុអភិរក្ស អភិវឌ្ឍវប្បធម៌ និងរួមចំណែកលើកស្ទួយសុវត្ថិភាពសង្គម សន្តិភាព និងការអភិវឌ្ឍ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក