ព័ត៌មានជាតិ
អគ្គស្នងការរងនគរបាលជាតិ៖ មិនត្រូវប្រើសិទ្ធិអំណាចធ្វើឱ្យប៉ះពាល់ពលរដ្ឋ
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលទាំងអស់ ត្រូវអនុវត្ដប្រតិបត្តិទៅតាមច្បាប់ ហើយមិនត្រូវប្រើប្រាស់សិទ្ធិអំណាចធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ។

ថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃក្នុង និងវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា មន្ដ្រីនគរបាលមិនត្រូវរំលោភបំពានលើប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនបានអនុវត្តផ្ទុយពីច្បាប់ជាដាច់ខាត។ កងកម្លាំងនគរបាលជាមន្ដ្រីអនុវត្តច្បាប់ ត្រូវតែយល់ដឹងច្បាស់អំពីច្បាប់ គោរពអនុវត្តប្រតិបត្តិច្បាប់ និងធ្វើជាគំរូលើការអនុវត្តច្បាប់។ យើងមិនត្រូវអាងលើសិទ្ធិអំណាចណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ឬអ្នកស្លូតត្រង់ អ្នកដែលមិនកំហុស អ្នកដែលមិនបានប្រព្រឹត្តអំពើណាដែលរំលោភបំពានច្បាប់។
នាយឧត្តមសេនីយ៍បានលើកឡើងទៀតថា មានមនុស្សមួយចំនួនបានប្រព្រឹត្តកំហុស ហើយមិនបានទទួលស្គាល់កំហុសនោះទេ ពោលគាត់តែងតែដោះបន្ទុកនូវអ្វីដែលគាត់បានប្រព្រឹត្ត ដូច្នេះមន្ដ្រីនគរបាលត្រូវតែយល់ច្បាស់អំពីច្បាប់ ពិសេសអ្វីដែលជាធាតុផ្សំនៃបទល្មើស ភ័ស្ដុតាង ដើម្បីកុំឱ្យមនុស្សខិលខូចមួយចំនួនរួចផុតពីច្បាប់ ក្រោយបានប្រព្រឹត្តខុសច្បាប់។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា៖ “យើងធ្វើកិច្ចការងារជំនាញ យើងត្រូវសិក្សាឱ្យដល់ឫសគល់របស់វា សំដៅធ្វើយ៉ាងឱ្យការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលប្រព្រឹត្តនូវបទល្មើស ជាជនទុច្ចរិតឱ្យត្រូវទៅនឹងទម្រង់ទាំងអស់នេះ”។
បន្ថែមពីនេះ នាយឧត្តមសេនីយ ឆៃ ស៊ីណារិទ្ធ បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ក្នុងនាមកងកម្លាំងនគរបាលជាតិ មិនត្រូវក្បត់មនសិការ មិនក្បត់ឧត្តមគតិប្រទេសជាតិ មិនត្រូវក្បត់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយអ្វីដែលមានសព្វថ្ងៃនេះ គឺត្រូវខិតខំការពារទាំងអស់គ្នា។

យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក អ៊ុំ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឱ្យដឹងថា ក្នុងវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃក្នុង មានសិក្ខាកាមចំនួន ១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន ចំនួន៣២។ ដោយឡែក វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក មានសិក្ខាកាមចំនួន ១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋានចំនួន ២៦នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


