ព័ត៌មានជាតិ
ក្រសួងអំពាវនាវដល់ម្ចាស់កម្មវិធី ត្រូវពិនិត្យបណ្ណចាក់វ៉ាក់សាំង និងធ្វើតេស្តភ្ញៀវ មុនឲ្យចូលកម្មវិធី
ក្រសួងសុខាភិបាល បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់កម្មវិធី ត្រូវចាត់ចែងឲ្យមានការពិនិត្យ លើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងយកសំណាកធ្វើតេស្ត អ្នកដែលពុំទាន់បានធ្វើតេស្តរហ័ស មុនអនុញ្ញាតឲ្យចូលរួមកម្មវិធី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី ជូនដំណឹងចុះកាលពីយប់ថ្ងៃទី ២០ កុម្ភៈ ដោយលើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត មានជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី ឬកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីកីឡា ឬកម្មវិធីកំសាន្តប្រមូលផ្តុំនានា ធ្វើការកាត់បន្ថយចំនួនអ្នកចូលរួម ក្នុងកម្មវិធីទាំងនេះ ឲ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តន៍ វិធានគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ក្នុងបរិយាកាស ដែលមានរំហូរខ្យល់ចេញ-ចូលគ្រប់គ្រាន់ ស្របតាមស្ថានភាពជាក់ស្តែង នៃទីតាំងកម្មវិធីនីមួយៗ និងរក្សាបាននូវអនាម័យដៃ និងផ្លូវដង្ហើមបានត្រឹមត្រូវ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមទាំងអស់ ធ្វើតេស្តរហ័សរក អង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង មុននឹងទៅចូលរួមកម្មវិធីជួបជុំ ក្នុងកម្រិតអប្បបរមាណាមួយ និងមិនត្រូវទៅចូលរួមកម្មវិធីណាមួយនោះ ក្នុងករណីដែលបុគ្គលខ្លួនឯងមិនមានសុវត្ថិភាព ឬមានរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩ ឡើយ។
លោករដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់កម្មវិធី ត្រូវចាត់ចែងឲ្យមានការពិនិត្យ លើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងយកសំណាកធ្វើតេស្តអ្នក ដែលពុំទាន់បានធ្វើតេស្តរហ័ស មុនអនុញ្ញាតឲ្យចូលរួមកម្មវិធី ដោយត្រូវរៀបចំក្រុមការងារ ដែលមានសុខភាពល្អ ចេះធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ធ្វើការយកវត្ថុសំណាកធ្វើតេស្ត ដោយអនុវត្តទៅតាមការណែនាំពីរបៀបធ្វើតេស្ត ទៅតាមប្រភេទតេស្តរហ័សនីមួយៗ ដោយត្រូវប្រើប្រាស់តែឧបករណ៍តេស្ត ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ព្រមទាំងត្រូវវេចខ្ចប់កាកសំណល់ ដែលបានធ្វើតេស្តរហ័សរួច ឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព មុននឹងយកទៅកំទេចចោល។
លោករដ្ឋមន្ត្រីបញ្ជាក់ថា បុគ្គលដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឲ្យត្រឡប់ទៅធ្វើការព្យាបាលនៅផ្ទះ តាមមធ្យោបាយសមស្រប និងមានសុវត្ថិភាព។ បើទោះបីជាមានការអំពាវនាវ ពីក្រសួងសុខាភិបាលយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា ម្ចាស់កម្មវិធីមួយចំនួន ហាក់មិនអនុវត្តតាមដែរ ដោយសារការចំណាយទៅលើការធ្វើតេស្តច្រើន ព្រោះថា មានកម្មវិធីខ្លះមានភ្ញៀវចូលរួមរហូតដល់ខ្ទង់ពាន់នាក់ក៏មាន ហើយម្យ៉ាងទៀតមិនមានការត្រួតពិនិត្យ ឲ្យបានហ្មត់ចត់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធឡើយ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ