ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរខិតខំដោះស្រាយទំនាស់មូលដ្ឋានដោយសន្ដិវិធី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំសហការ និងសម្របសម្រួល ដើម្បីដោះស្រាយទំនាស់ និងសកម្មភាពទាមទារ តវ៉ានានា ក្នុងមូលដ្ឋាន ដោយប្រើសន្ដិវិធី និងបញ្ជៀសអំពើហិង្សា តាមគ្រប់រូបភាព។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ ចំណុះក្រសួងមហាផ្ទៃ សម្រាប់ទិសដៅការងារបន្ត ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា៖ “អាជ្ញាធរ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពអុចអាលបំផុសបំផុលញុះញង់ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរនៅក្នុងសង្គម។ ត្រូវខិតខំសហការសម្របសម្រួលដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានានៅមូលដ្ឋានដោយសន្តិវិធី និងខិតខំបញ្ចៀសឱ្យបាននូវរាល់អំពើហិង្សាតាមគ្រប់រូបភាព”។
សម្ដេចក្រឡាហោម បានណែនាំដល់អាជ្ញាធរត្រូវបន្តរួមគ្នារក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខជាតិឱ្យបានកាន់តែរឹងមាំ សំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិ, ធានាការពារព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ, សុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ, បង្កើនការការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា ដើម្បីរក្សាការពារឱ្យបានល្អនូវសុវត្ថិភាពសម្រាប់កិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍នានាក្នុងពេលដែលកម្ពុជាទទួលធ្វើជាប្រធានប្តូរវេនរបស់អាស៊ានក្នុងឆ្នាំ២០២២ នេះ និងការពារសុវត្ថិភាពដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបរទេសនានា និងកិច្ចប្រជុំអន្តរជាតិនានា ដែលរៀបចំធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចក្រឡាហោម បានបន្ថែមថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់នូវការគាំទ្រ និងសហការជាមួយ គ.ជ.ប ដើម្បីចាត់ចែងអនុវត្តកិច្ចការនានាស្របតាមច្បាប់តម្រូវ និងធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា កងកម្លាំងនគរបាលជាតិ ត្រូវបន្តសហការជាមួយកងយោធពលខេមរភូមិន្ទ បង្កើនការគ្រប់គ្រងព្រំដែន ដើម្បីថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យជាតិ, បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន, បង្ការទប់ស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន និងបន្តខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


