Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត គិ​ន ភា​ ៖ ភាព​មន្ទិលសង្ស័យ​រប​ស់​សហរដ្ឋអាមេរិក​មិន​បញ្ចប់​ត្រឹម​ដំណើរ​ទស្សនកិច្ច​របស់​យោធា​ជើង​ទឹក​ជប៉ុន​នេះ​ទេ

បានផុស

នៅ

​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណិ្ឌត្យសភា​កម្ពុជា​បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​យោធា​ជើង​ទឹក​ជប៉ុន​ទៅកាន់​មូលដ្ឋាន​យោធា​រាម​នេះ មិនអាច​បិទ​បញ្ចប់​ភាព​មន្ទិល ឬ​ការសង្ស័យ​របស់​សហរ​ដ្ឋ​អាមេរិក​បានទេ ពីព្រោះ​វា​ជា​សេណារីយោ ដែល​សហរដ្ឋអាមេរិក​បង្កើតឡើង ដើម្បី​ប្រកួតប្រជែង​ឥទ្ធិពល​ជាមួយ​ប្រទេស​ចិន ហើយ​វា​អាច​បញ្ចប់​ទៅវិញ ចុះ​ត្រាតែ​សហរដ្ឋអាមេរិក​ខ្លួនឯង​ចង់​បញ្ចប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​របស់លោក​បណ្ឌិត គិ​ន ភា ជា​ការ​ឆ្លើយតប​សំណួរ​កម្ពុ​ជាថ្មី ទាក់ទង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ទៅកាន់​ទីបញ្ជាការ​កង​ទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម នា​ព្រឹក​ថ្ងៃទី​១៦ ខែមីនា នេះ​។

បើ​តាម​លោក​បណ្ឌិត គិ​ន ភា រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ព្យាយាម​បង្ហាញ​នូវ​តម្លាភាព​ជុំវិញ​អ្វី​ដែល​សហរដ្ឋអាមេរិក តែងតែ​ធ្វើការ​ចោទប្រកាន់​នាពេល​កន្លងមក​។ លោក​ថា តិច​ឬ​ច្រើន​រឿងនេះ ក៏​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​របស់​កម្ពុជា​ផងដែរ​ក្នុងការ​លាងជម្រះ​នូវ​មន្ទិលសង្ស័យ​មួយចំនួន​។ ទស្សនកិច្ច​នេះ អាច​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ​មួយចំនួន ដែល​ស្ថិតនៅ​ពីក្រោយ​ការសង្ស័យ​របស់​សហរ​ដ្ឋ​អាមេរិក ហើយ​អាច​ត្រូវបាន​លាតត្រដាង អាច​ត្រូវបាន​បកស្រាយ​ខ្លះ​នៅ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ​។

លោក​បណ្ឌិត គិ​ន ភា បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​កងទ័ពជើងទឹក​ជ​ប៉ុន​មកកាន់​មូលដ្ឋាន​យោធា​រាម​នេះ វា​មិនមែនជា​ករណី នៃ​គណៈប្រតិភូ​បរទេស​លើកទីមួយ​ទេ ដែល​ទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​នេះ​។ កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​ដូចគ្នានេះដែរ ទៅកាន់​តំបន់​មូលដ្ឋាន​យោធា​រាម ដោយ​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនកិច្ច​នៅ​ទីនោះ ហើយ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក មកកាន់​ប្រទេស​កម្ពុជា​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​អនុញ្ញាតឱ្យ​អនុព័ន្ធយោធា​របស់​សហ​រដ្ឋ​អាមេរិក​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​យោធា​រាម​នេះ​ផងដែរ​។ ជា​លទ្ធផល​ភាព​មន្ទិល និង​ការចោទប្រកាន់​ទាំងឡាយ ដែល​សហរដ្ឋអាមេរិក​តែងតែ​លើកឡើង​នោះ ហាក់ដូចជា​មិនត្រូវ​បាន​លាងជម្រះ​ទេ​។

​បើតាម​លោក​បណ្ឌិត គិ​ន ភា ទោះបីជា​គេ​ដឹងថា អាមេរិក នឹង​ជប៉ុន គឺជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​ក៏ដោយ ដំណើរ​ទស្សនកិច្ច​រប​ស់​កងទ័ពជើងទឹក​ជ​ប៉ុន​នៅ​មូលដ្ឋានទ័ព​រាម​នេះ មិនអាច​លាងជម្រះ​មន្ទិល ឬ​ជម្រះ​ការសង្ស័យ​របស់​សហរ​ដ្ឋ​អាមេរិក​បានទេ​។ លោក​ថា “​ខ្ញុំ​គិត​បែប​ហ្នឹង ពីព្រោះ​ការសង្ស័យ​នេះ ឬ​ការចោទប្រកាន់​នេះ ឬ​ភាព​មន្ទិល​នេះ វា​មិន​ផ្អែកទៅលើ​មូលដ្ឋាន​សត្យានុម័ត​ទេ វា​ជា​មូលដ្ឋាន​អត្តនោម័ត ដោយសារតែ​សហរដ្ឋអាមេរិក​បានរៀបចំ​នូវ​ការសង្ស័យ​នេះ​ឡើង រៀបចំ​មន្ទិល​នេះ​ឡើង ដើម្បី​ជា​សេណា​រី​យ៉ូ​យោ​បាយ​របស់ខ្លួន​ជុំវិញ​ការប្រកួតប្រជែង​ឥទ្ធិពល​រវាង​សហរដ្ឋអាមេរិក​ខ្លួនឯង ជាមួយ​ប្រទេស​ចិន អីចឹង​ដរាបណា​គោលដៅ របៀបវារៈ​នយោបាយរ​បស់​សហរដ្ឋអាមេរិក ជុំវិញ​បញ្ហា​នេះ មិនទាន់បាន​សម្រេច​ទេ ការចោទប្រកាន់ ឬ​ភាព​មន្ទិល​ចំពោះ​ប្រទេស​កម្ពុជា ក៏​មិន​ត្រូវបាន​បិទ​បញ្ចប់ ដោយ​ដំណើរ​ទស្សនកិច្ច​នៃ​យោធា​ជើង​ទឹក​ជប៉ុន​មកកាន់​មូលដ្ឋាន​សមុទ្រ​រាម​នេះ​បាន​នោះទេ​”​។

លោក​បណ្ឌិត គិ​ន ភា បញ្ជាក់ដែរថា កន្លងមក​សូម្បីតែ​អនុព័ន្ធយោធា​របស់​សហ​រដ្ឋ​អាមេរិក​ខ្លួនឯង​ទៅ​បំពេញ​ទស្សនកិច្ច នៅតែមាន​ហេតុផល​ថា មិនបាន​មើល​គ្រប់​ទីកន្លែង នៅតែមាន​ការសង្ស័យ​ច្រើន ដូច្នេះ​ការសង្ស័យ​នេះ មិន​ផ្អែកទៅលើ​ភស្តុតាង មិន​ផ្អែកទៅលើ​ភាព​សត្យានុម័ត​នោះទេ ប៉ុន្តែ​វា​ចំណុះ​ទៅលើ​កត្តា​អត្តនោម័ត​របស់​សហរ​ដ្ឋ​អាមេរិក​ខ្លួនឯង​តែម្ដង “​វា​បាត់​ទៅវិញ លុះត្រាតែ​សហរដ្ឋអាមេរិក​ចង់​ឲ្យ​បាត់​”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម