ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កូរ៉េត្រៀមផ្ដល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានយល់ព្រមជាមួយរាជរដ្ឋាភិបាលកម្ពុជា ទៅលើការសិក្សា និងត្រៀមផ្ដល់ហិរញ្ញប្បទាន ព្រមទាំងជំនួយអត់សំណង សម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីតំបន់ផ្សាររាត្រីនៃរាជធានីភ្នំពេញ ទៅតំបន់ជ្រោយចង្វារ រួចបន្តទៅតំបន់អរិយក្សត្រ នៃខេត្តកណ្ដាល។
នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ២១ ពីរង្វង់មូលតាខ្មៅ ដល់ស្ពានជ្រៃធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា គម្រោងសាងសង់ស្ពានខាងលើនេះ ត្រូវបានសិក្សានូវជម្រើសជាច្រើន រហូតដល់ទៅ ៥ ទៅ ៦ជម្រើសឯណោះ ហើយទីតាំងក៏មានច្រើនកន្លែងផងដែរ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ជម្រើសសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គឺមានច្រើន តែជម្រើសធំៗ គឺមានពីរ។ ទីមួយ. សាងសង់ស្ពានចាប់ពីត្រឹមតំបន់ជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គ ទៅតំបន់ស្វាយជ្រុំ។ ប៉ុន្តែបើសាងសង់ពីជ្រោយចង្វារ ទៅស្វាយជ្រុំ គឺនឹងបង្កើតនូវបញ្ហាកកស្ទះចរាចរណ៍ នៅជ្រោយចង្វារតែម្ដង ដែលជាបញ្ហាលំបាក។ ទីពីរ. សាងស្ពានចាប់ពីតំបន់ផ្សាររាត្រី ឆ្លងកាត់ទន្លេសាប រួចហើយចុះនៅតំបន់ស្ពានជ្រោយចង្វារ ទើបបន្តទៅតំបន់អរិយក្សត្រ។
ពាក់ព័ន្ធនឹងគម្រោងនេះ សម្ដេចតេជោ បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េ ម៉ូន ចេអ៊ីន រួចហើយ ក្នុងពេលដែលសម្ដេចអញ្ចើញទៅទស្សនកិច្ច នៅកូរ៉េខាងត្បូងនាពេលកន្លងទៅ។ ក្នុងការពិភាក្សានោះ សម្ដេច ក៏បានស្នើសុំឲ្យប្រធានាធិបតីកូរ៉េ ម៉ូន ចេអ៊ីន គាំទ្រនូវគម្រោងដែលសម្ដេចបានសម្រេច ហើយលោក ម៉ូន ចេអ៊ីន បានសន្យាថា នឹងពិនិត្យគាំទ្រជាមួយគម្រោងនេះ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមថា ប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាប់ឆ្នោតថ្មី បន្តការគាំទ្រចំពោះគម្រោងសាងសង់ស្ពាននេះ ដោយសម្ដេចតេជោ លើកឡើងថា តាមធម្មតា បើប្រធានាធិបតីមុនធ្វើហើយ បន្ទាប់មកប្រធានាធិបតីមកក្រោយ គឺគេមិនលុបចោលនូវគម្រោងបែបនេះទេ។
សម្ដេចតេជោ បានឲ្យដឹងទៀតថា គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ នេះ គ្រោងធ្វើឡើងដោយដែកខ្សែកាបខ្ពស់ ដែលគ្មានសរសនោះទេ ពីព្រោះមានការធ្វើចរាចរណ៍តាមផ្លូវទឹក និងម្យ៉ាងទៀត ក៏ប្រទេសកម្ពុជា មានការរៀបចំពិធីបុណ្យអ៊ុំទូក ផងដែរ។ ដូច្នេះ ប្រសិនបើមានសរស អាចនឹងជួបការលំបាក ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍តាមផ្លូវទឹក។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ខ្ញុំបញ្ជាក់ជាមួយប្រធានាធិបតី ម៉ូន ចេអ៊ីន ហើយក៏បាននិយាយជាមួយប្រធានសភាសព្វថ្ងៃថា ជួយគាំទ្រអាហ្នឹងផងៗ ហើយខ្ញុំបានប្រាប់ឯកឧត្ដម ម៉ូន ចេអ៊ីនថា ប្រសិនបើអាស្ពានធន់នឹងវាកើត នៅទឹកដីទីក្រុងភ្នំពេញ វាក្លាយទៅជារបស់មួយ ដែលទាក់ទងទេសចរណ៍មកមើល ទាំងទេសចរណ៍ក្នុងស្រុក ទាំងទេសចរណ៍មកពីក្រៅស្រុក ព្រោះអាស្ពានធន់នឹង គឺជាស្ពានដែលទំនើប ព្រោះឆ្លងទន្លេអត់មានសរសផង»។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា សមិទ្ធផលនានាកន្លងមក ក៏ដូចជាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នេះ គឺកើតឡើងបន្ទាប់ពីមានទំនាក់ទំនងការទូត រវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលសម្ដេចត្រូវតែពុះពារធ្វើឲ្យខានតែបាន។ បន្ថែមពីលើនេះ សម្ដេចតេជោ ក៏មានមោទកភាពផងដែរ ដែលសម្ដេចជាស្ថាបនិក នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងកូរ៉េខាងត្បូង៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង