ព័ត៌មានជាតិ
រដ្ឋបាលស្រុកក្រឡាញ់ និងមន្ទីររៀបចំដែនដី បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកក្រឡាញ់
សៀមរាប ៖ ដីរបស់ប្រជាពលរដ្ឋសរុបចំនួន ១៤១៣ក្បាលដី ស្ថិតក្នុងភូមិចំបក់ហែ និងភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ត្រូវបានរដ្ឋបាលស្រុកក្រឡាញ់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប ប្រកាសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋធ្វើការពិនិត្យព័ត៌មានលម្អិតដីរបស់ខ្លួន និងធ្វើការតវ៉ាប្រសិនបើមានកំហុសឆ្គង ដោយគិតចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ក្នុងបរិវេណសាលាស្រុកក្រឡាញ់។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បង្ហាញថា ការបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីនាពេលនេះ មានសារសំខាន់ណាស់ចំពោះប្រជាពលរដ្ឋ ដែលត្រៀមនឹងទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬហៅសាមញ្ញថា ប្លង់រឹង។ ក្នុងរយៈពេល១៥ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋអាចមកពិនិត្យ ឬតវ៉ាក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យក៏បាន ដោយមន្ត្រីរបស់យើងពុំមានការឈប់សម្រាកទេ។ ក្នុងការពិនិត្យផ្ទៀងផ្ទាត់នេះដែរ បងប្អូនប្រជាពលរដ្ឋត្រូវពិនិត្យព័ត៌មានសំខាន់ៗជាច្រើនដូចជា ឈ្មោះម្ចាស់ដី ទំហំដី រូបរាងដី ប្រភេទទ្រព្យ ដីមានជាប់ពាក់ព័ន្ធនឹងដីបុរាណដ្ឋាន។ល។ ប្រសិនបើបងប្អូនមានការលំបាកក្នុងការពិនិត្យ ឬពុំចេះអក្សរ សូមបងប្អូនស្នើដល់មន្ត្រីជំនាញជួយពន្យល់ និងណែនាំបន្ថែម។

លោកអនុប្រធានមន្ទីរ បញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនមានការតវ៉ាចំពោះព័ត៌មានក្បាលដីរបស់ខ្លួនក្នុងរយៈពេល១៥ថ្ងៃនេះទេ បានន័យថាព័ត៌មានក្បាលដីរបស់បងប្អូនត្រឹមត្រូវ។ បន្ទាប់ពីបិទបញ្ចប់ការផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាល នឹងលើកសំណើរជូនទៅ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីសម្រេចចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូនបងប្អូន។
តាងនាម លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ លោកសុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ លើកឡើងថា ភូមិចំបក់ហែរ និងភូមិភ្នំទ្រង់បាត គឺជាភូមិចុងក្រោយ ក្នុងចំណោមភូមិទាំង៨ នៃឃុំកំពង់ថ្កូវ ដែលបានធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ហើយបច្ចុប្បន្នក្រុមការងារជំនាញ កំពុងធ្វើការវាស់វែងនៅឃុំក្រឡាញ់បន្តទៀត។
លោកអភិបាលស្រុក បន្ថែមថា ដំណើរការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងផ្ដល់សិទ្ធពេញលេញក្នុងការចាត់ចែង និងជាម្ចាស់ដីស្របច្បាប់។ ក្នុងករណី មានការរំលោភបំពានលើដីរបស់បងប្អូន វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារស្របច្បាប់អាទិភាព សម្រាប់បងប្អូនយកមកសំអាង។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋក្នុងភូមិទាំងពីរ ជួយធ្វើការផ្សព្វផ្សាយបន្តឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំងអស់បានដឹង និងមកពិនិត្យព័ត៌មានលម្អិតដីរបស់ខ្លួនឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីធានាភាពសុក្រឹត ត្រឹមត្រូវ និងបង្ហាញពីកិច្ចសហការល្អរវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរជម្រាបដែរថា ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីនាពេលនោះ ក៏មានការលើកជាសំណួរពីប្រជាពលរដ្ឋ និងការឆ្លើយបំភ្លឺពីមន្ត្រីជំនាញ និងអាជ្ញាធរស្រុកផងដែរ។ ពិធីនោះដែរ ក៏មានការចូលរួមពី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត មន្ត្រីសាលាស្រុក ប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំ តំណាងធនាគារ មីក្រូហិរញ្ញវត្ថិ និងប្រជាពលរដ្ឋជាច្រើនរូប៕
ដោយ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ