Connect with us

ព័ត៌មានជាតិ

ការអប់រំ គឺជា​តម្រូវការ​ជា​មូលដ្ឋាន​ចម្បង​បំផុត​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និង​ជនបទ

បានផុស

នៅ

​ភ្នំពេញ​ ៖ ការអប់រំ គឺជា​តម្រូវការ​ជា​មូលដ្ឋាន​ចម្បង​បំផុត​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និង​ជនបទ ដែល​តែង​ទន្ទឹង​ចង់ឱ្យ​កូនៗ​បាន​ទៅ​រៀនសូត្រ​នៅ​សាលា បើទោះបី​ជាមាន​កម្រិតជីវភាព​បែបណា ក៏ត្រូវ​ខិតខំ​តស៊ូ​ដើម្បីអោយ​កូន​មានឱកាស​ក្នុងការ​សិក្សា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់ លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​អគារសិក្សា និង​បណ្ណាល័យ នៃ​គ្រឹះស្ថានសិក្សា​ចំនួន ៣ រួមមាន វិទ្យាល័យ​ជាស៊ីម​ឈូក​វ៉ា ខណ្ឌ​ព្រែក​ព្នៅ វិទ្យាល័យ​ជាស៊ីម​សាមគ្គី ខណ្ឌទួលគោក និង​សាលាបឋមសិក្សា​ក្រាំងធ្នង់ ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២២​នេះ​។

លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​នៅ​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គ្រប់​អាណត្តិ​កន្លងមក តែង​បាន​ផ្តល់​សារៈសំខាន់ និង​អាទិភាព​លើ​វិស័យ​អប់រំ ដោយ​អនុវត្ត​សម្រេច​បាន​សមិទ្ធផល​ជាច្រើន ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នេះ គឺ​មិនមែន​មានតែ​នៅក្នុង​អត្ថបទ​គោលនយោបាយ​នោះទេ​។

មកដល់ពេលនេះ វិស័យ​អប់រំ​មានការ​រីកចម្រើន​ទាំង​ផ្អែក​ទាំង​ផ្នែក​បរិមាណ និង​គុណភាព ដោយមាន​សាលា​គ្រប់​ភូមិ​សិក្សា​នៅ​ទូទាំងប្រទេស លោកគ្រូ​-​អ្នកគ្រូ​ក៏​ច្រើន និង​សិស្ស​ក៏​ច្រើន ព្រមទាំង​មាន​កម្មវិធីសិក្សា​, ហេដ្ឋារចនាសម្ព័ន្ធ និង​ឧបករណ៍​សម្ភារ​ល្អ​ទំនើប​។

លោក​បន្ត​ថា ពិត​ណាស់ ការ​ពង្រឹង​សាលារៀន​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង គឺជា​កិច្ច​ការសំខាន់​មួយ​នៅក្នុង​ការងារ​កែទម្រង់​វិស័យ​អប់រំ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ផងដែរ​នោះ គឺ​ការ​យកចិត្តទុកដាក់​លើ​ការ​ពង្រឹង​ឆន្ទៈ គុណធម៌ សីលធម៌ ស្មារតី​គោរព​ច្បាប់ ព្រមទាំង​ការយល់ដឹង​អំពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ជាតិ ឲ្យ​ដល់​ក្មួយៗ​សិស្សានុសិស្ស ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​មិត្ត​ល្អ កូន​ល្អ និង​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ ជាពិសេស​ក្នុង​បរិការណ៍​នៃ​ការរីកចម្រើន​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា ដូច​ពេលបច្ចុប្បន្ន ដែល​ទន្ទឹម​នឹង​ការ​ផ្តល់នូវ​ចំណុច​វិជ្ជមាន​ជាច្រើន ប៉ុន្តែ​ក៏បាន​នាំមក​នូវ​ចំណុច​អវិជ្ជមាន​មួយចំនួន​ផងដែរ ដូចជា បញ្ហា​ព័ត៌មាន​មិន​ពិត និង​អំពើ​ល្មើស​ផ្សេងៗ​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ជាដើម​។

ជា​ទិសដៅ​ទៅមុខ រាជរដ្ឋាភិបាល​នឹង​បន្ត​ការ​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​វិស័យ​អប់រំ​តាម​គ្រប់​លទ្ធភាព និង​ក៏បាន​បើកចំហ​ឲ្យ​មាន​ការចូលរួម​រប​ស់​វិស័យ​ឯកជន​ផងដែរ​សំដៅ​បង្កើន​ការប្រកួតប្រជែង​នៅក្នុង​វិស័យ​នេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន យុវនារី មានចំណេះដឹង និង​ផលិតភាព​ខ្ពស់ សម្រាប់​ទីផ្សារការងារ​ដ៏​សម្បូរ​បែប ស្រប​ពេលដែល​កម្ពុជា​កំពុង​ខិតខំ​ពង្រឹង និង​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួន ឈានឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​បែប​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ដែលមាន​តម្រូវការ​ខ្ពស់​នូវ​ធនធានមនុស្ស​ជំនាញ​បច្ចេកទេស​។

ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស អគារសិក្សា​ដែលជា​អំណោយ​របស់​សម្តេច​ទាំងពីរ​មាន​ប្រមាណ​ជិត ៥,០០០ ខ្នង ហើយ​ក្នុងនាម​នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ ក៏​តែង​បានផ្តល់​អាទិភាព​លើ​កត្តា​មនុស្ស ដោយ​បាន​ណែនាំ​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់​លើ​ការពង្រឹង​ប្រព័ន្ធ​អប់រំ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ទាំង​ទីក្រុង និង​ជនបទ ជាពិសេស​តំបន់​ដាច់ស្រយាល និង​តំបន់​ជាប់​ព្រំដែន​។

លោក​បញ្ជាក់​ថា ការ​សម្ពោធ គឺជា​និមិត្តរូប​នៃ​ការ​អបអរសាទរ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​នេះ គឺជា​ផល​ជាក់ស្តែង​នៃ​ការប្រើប្រាស់​សមិទ្ធផល​ទាំងនេះ ដើម្បី​បម្រើ​ដល់​វិស័យ​អប់រំ ដែល​ជា​វិស័យ​អាទិភាព​សំខាន់ រួមចំណែក​ក្នុង​ធានា​និរន្ត​ភាព​នៃ​ការ​អភិវឌ្ឍ និង​ឯករាជ្យ​ម្ចាស់ការ​របស់​ប្រទេស​យើង ដែល​កំពុង​បន្ត​វិ​វ​ឌ្ឍ​រីកចម្រើន​ទៅមុខ​ទាំង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច ជាពិសេស​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​។

ឯករាជ្យ​ម្ចាស់ការ​ក្នុង​ន័យ​នេះ សំដៅ​ដល់​សមត្ថភាព​របស់​កូន​ខ្មែរ​ក្នុង​ការដឹកនាំ​គ្រប់គ្រង លើ​គ្រប់​វិស័យ​ទាំង​អស់ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ព្រោះ​ចំណេះវិជ្ជា ជា​សិទ្ធិអំណាច ជា​ឥទ្ធិពល និង​ជា​លទ្ធភាព​នៃ​ជម្រើស​ក្នុងការ​គ្រប់គ្រង​ដំណើរ​ជីវិត​របស់​យើង​។ ទ​ន្ទឹម​គ្នា​នេះ ការទទួលបាន​ឱកាស​នៃ​ការអប់រំ​ស្មើគ្នា​សម្រាប់​បុរស​-​ស្ត្រី ក៏បាន​នាំមក​នូវ​សង្គម​មួយ​ដែលមាន​សមភាព ការប្រកួតប្រជែង និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែលជា​ចលករ​នៃ​ការអភិវឌ្ឍ​រីកចម្រើន​ជឿនលឿន ដូចដែល​កើតមានឡើង​ក្នុងពេល​បច្ចុប្បន្ន​៕​

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម