Connect with us

ព័ត៌មានជាតិ

អ្នកសម្របសម្រួល UN គាំទ្រ​កម្ពុជា ដែល​បាន​ក្លាយជា​ប្រទេស​ចូលរួមចំណែក​ដ៏​សំខាន់​ដល់​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ទូទាំង​ពិភពលោក​

បានផុស

នៅ

ការគាំទ្រ​នេះ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​ប្រព័ន្ធ អ​.​ស​.​ប​. ប្រចាំ​កម្ពុជា ដែល​បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២២​។

នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ ហើយ​មានការ​ប្តេជ្ញាចិត្ត​ដូចគ្នា​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​បន្ថែមទៀត​។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការបញ្ចប់​បេសកកម្ម​ប្រកបដោយ​ជោគជ័យ​របស់លោក​ស្រី Pauline Tamesis នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​អះអាង​ជាថ្មី​ម្តងទៀត​ពី​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ​.​ស​.​ប​.​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ទីភ្នាក់ងារ អ​.​ស​.​ប​. ប្រចាំ​កម្ពុជា ក្នុងការ​ផ្តល់​ជំនួយ​ដ៏​មានតម្លៃ រួមមាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និង​ប្រតិបត្តិការ​នានា ព្រមទាំង​វ៉ាក់សាំង​ដ៏​ច្រើន​សន្ធឹកសន្ធាប់ តាមរយៈ​យន្តការ COVAX និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេងទៀត ដើម្បី​ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​អ​.​ស​.​ប​. ដល់​ប្រទេស​កម្ពុជា ដែល​បាន​ក្លាយជា​អ្នកចូលរួម​ចំណែក​ដ៏​សំខាន់​ដល់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អ​.​ស​.​ប​. នៅ​ទូទាំង​ពិភពលោក ដោយ​បាន​បញ្ជូន​កងក​ម្លាំ​ងរក្សា​សន្តិភាព​របស់​កម្ពុ​ជាជាង​៨០០០​នាក់ ចូលរួម​ក្នុង​បេសកកម្ម​ចំនួន​១១ ក្នុង​ប្រទេស​ចំនួន​៩ តាំងពី​ឆ្នាំ​២០០៦​មក ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​២៨ ក្នុងចំណោម​ប្រទេស​ចូលរួម​ចំនួន​១២២ និង​ចំណាត់ថ្នាក់​លេខ​២ ក្នុង​អាស៊ាន​អំពី​ចំនួន​ស្ដ្រី​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អ​.​ស​.​ប​.​។

​នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​អ​.​ស​.​ប​. និង​ការចូលរួម​របស់​លោក​អគ្គលេខាធិការ អ​.​ស​.​ប​. ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អ​.​ស​.​ប​. លើក​ទី​១២ ដែល​នឹង​ប្រារព្ធ​ឡើង​ក្នុង​ទម្រង់​រូបវន្ត (physical format) ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​វិស័យ​មួយចំនួន ដែល​ត្រូវ​យកចិត្តទុកដាក់​នៅក្នុង​កិច្ចប្រជុំ​កំពូល រួមមាន ក្របខណ្ឌ​ការ​ស្តារឡើងវិញ គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន ការ​បន្ស៊ី​គ្នា​រវាង​ទស្សនៈវិស័យ​សហគមន៍​អាស៊ាន ក្រោយ​ឆ្នាំ​២០២៥ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាមួយនឹង​របៀបវារៈ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របៀបវារៈ​ស្ត្រី​សន្តិភាព និង​សន្តិសុខ ការការពារ​បរិស្ថាន ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មីន ពលករ​ទេសន្តរប្រវេសន៍ ជាដើម​។

លោកស្រី Pauline Tamesis បាន​កោតសរសើរ​អំពី​ការអភិវឌ្ឍ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច ការរួមចំណែក​ដ៏​សំខាន់​ដល់​កិច្ចខិតខំ​ថែរក្សា​សន្តិភាព​អន្តរជាតិ​របស់​កម្ពុជា​ភាពជោគជ័យ​របស់​កម្ពុ​ជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ឈានទៅរក​ការបើក​ប្រទេស​ពេញលេញ​ឡើងវិញ និង​បាន​គូសបញ្ជាក់​ពី​ការគាំទ្រ​ដ៏​រឹង​ម៉ាំ​របស់​អ​.​ស​.​ប​.​សម្រាប់​ការបង្កើត​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឆ្ពោះទៅកាន់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់ខ្លួន​។

លោកស្រី ក៏បាន​សម្តែង​ការកោតសរសើរ និង​ការដឹងគុណ​សម្រាប់​កិច្ចសហប្រតិបត្តិការ ការគាំទ្រ និង​ការសម្របសម្រួល ដែល​បាន​ផ្តល់ជូន​ក្រុមទី​ភ្នាក់ងារ អ​.​ស​.​ប​. ប្រចាំ​កម្ពុជា ដោយ​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម