ព័ត៌មានជាតិ
អ្នកឃ្លាំមើលបញ្ហាសង្គម គាំទ្រគំនិតផ្ដួចផ្ដើមចំពោះការពិចារណា កំណត់អាយុអនុញ្ញាតឲ្យទទួលទានគ្រឿងស្រវឹង
ក្រោយពីមានការបង្ហើប អំពីការពិចារណាលើការកំណត់អាយុ អនុញ្ញាតឲ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញ វ័យនោះ អ្នកឃ្លាំមើលបញ្ហាសង្គមនៅកម្ពុជា បានបង្ហាញការគាំទ្រ និងយល់ថាអាចជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាមួយចំនួនទៀត។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៦ ខែឧសភានេះថា លោកគាំទ្រគំនិតផ្ដួចផ្ដើម ទៅលើការកំណត់អាយុអនុញ្ញាតឲ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញវ័យនេះ ដោយការកំណត់នេះបណ្ដាប្រទេសមួយចំនួន នៅលើពិភពលោកបានធ្វើរួចហើយ។
លោកមានប្រសាសន៍ថា «ខ្ញុំគាំទ្រគំនិតនេះ ដោយសារតែការកំណត់អាយុមនុស្ស ដែលត្រូវទទួលទាន ឬក៏ត្រូវទៅសេពគ្រឿងស្រវឹង ឬក៏ស្រាហ្នឹង វាជារឿងមួយដែលបណ្ដាប្រទេសមួយចំនួន នៅលើពិភពលោកគេក៏បានធ្វើដែរ ដោយសារតែយើងឃើញហើយ បើយើងនិយាយពីកំណត់អាយុ យើងកំណត់ពីក្រោមទៅថាតើអាយុប៉ុណ្ណា? ឧបមាថា ២១ឆ្នាំ ឬប៉ុន្មានឆ្នាំ បានអនុញ្ញាតឲ្យចូលរួមប្រឡូកក្នុងការសេពគ្រឿងស្រវឹងហ្នឹង ក៏វាអាចជួយកាត់បន្ថយមិនមែនតែគ្រោះថ្នាក់ចរាចរណ៍ទេ វាអាចកាត់បន្ថយដល់ការបំផ្លាញសុខភាព ឬក៏ការបង្កហិង្សា ឬក៏អ្វីផ្សេងទៀតច្រើនដែរ»។
អ្នកឃ្លាំមើលសង្គមរូបនេះ បានលើកឡើងបន្តថា អ្វីដែលក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអប់រំ យុវជន និងកីឡា, និងក្រសួងសុខាភិបាល កំពុងពិចារណាលើការកំណត់អាយុអនុញ្ញាតឲ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញវ័យនោះ គឺជារឿងដែលសង្គមកម្ពុជាត្រូវការយូរហើយ។ លោកបណ្ឌិត ឈត ប៊ុនថង បានបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ មិនមែនបណ្ដាលមកតែពីការទទួលគ្រឿងស្រវឹងនោះទេ។ ប៉ុន្តែការទទួលគ្រឿងស្រវឹងនេះ ជាមូលហេតុលេចធ្លោមួយ ក្នុងចំណោមមូលហេតុដទៃទៀត ដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។
លោកថា «គ្រោះថ្នាក់ចរាចរណ៍នេះ វាមែនទែនមិនមែនមានមូលហេតុ តែបណ្ដាលមកពីតែសេពគ្រឿងស្រវឹងទេ ប៉ុន្តែការសេពគ្រឿងស្រវឹងនេះក៏វាជាមូលហេតុលេចធ្លោ ក្នុងចំណោមមូលហេតុដទៃទៀត ហើយតាមរបាយការណ៍ព័ត៌មានកន្លងមកនឹង គឺអ្នកដែលស្រវឹងហ្នឹងគឺបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្ដង ហើយជាពិសេសគឺពេលយប់ៗ ហើយបង្កគ្រោះថ្នាក់ហើយជួនកាលប៉ះពារគ្នាតិចតួច បង្កហិង្សាទៀតមិនព្រមរកដំណោះស្រាយ អញ្ចឹងហើយបើសិនជាការផ្ដួចផ្ដើមគំនិតនេះ បានសម្រេចខ្ញុំគិតថា យើងអាចកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយអ្នកបើកបរដែលស្រវឹងស្រាហ្នឹងដែរ»។
អ្នកឃ្លាំមើលបញ្ហាសង្គមលោកបណ្ឌិត ឈត ប៊ុនថង បានស្នើឲ្យមានការពន្លឿន ចំពោះការកំណត់អាយុអនុញ្ញាតឲ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញវ័យនេះ ហើយនៅពេលកំណត់រួចហើយ ត្រូវមានការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានដឹងឲ្យបានទូលំទូលាយផងដែរ ដើម្បីការអនុវត្តទទួលបានជោគជ័យ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអប់រំ យុវជន និងកីឡា, និងក្រសួងសុខាភិបាល ដើម្បីឈានទៅដល់ការពិចារណា លើការកំណត់អាយុអនុញ្ញាតឲ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញវ័យ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


