ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញពីកត្តា ៥យ៉ាងដែលជំរុញឱ្យមានការផឹកស្រាច្រើននៅកម្ពុជា
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹង (ក.គ.ផ.ស) បានលើកឡើងពីកត្តា ៥យ៉ាង ដែលជំរុញឱ្យមានការទទួលទានស្រាក្នុងបរិមាណច្រើននៅកម្ពុជា។ កត្តាទាំងនោះ រួមមាន តម្លៃថោក, ជម្រើសស្រាបៀរមានភាពសម្បូរបែប, ក្របខ័ណ្ឌច្បាប់សម្រាប់គ្រប់គ្រងការផលិត ការចែកចាយ និងការទទួលទានគ្រឿងស្រវឹងនៅមិនទាន់រឹតបន្តឹងខ្លាំង, ទម្លាប់ និងរបៀបរស់នៅមានការផ្សារភ្ជាប់ទៅនឹងស្រាបៀរ និងយុទ្ធសាស្ត្រស្រាបៀមានភាពទូលំទូលាយ និងប្រកួតប្រជែងខ្លាំង។

ទន្ទឹមនឹងកត្តា ៥យ៉ាងខាងលើ ការកើនឡើងនៃប្រជាជនដែលមានជំណូលមធ្យម និងជាប្រទេសនាំមុខនៅក្នុងតំបន់អាស៊ាន ដែលមានប្រជាជនប្រមាណ៦០% ជាយុវជនវ័យក្មេង ក៏ជាកាលានុវត្តភាពមួយក្នុងការពង្រីកវិសាលភាពវិស័យស្រាបៀរផងដែរ។ រួមទាំងការហូរចូលនៃម៉ាកស្រាបៀរអន្តរជាតិល្បីៗ ក៏កំពុងរីកដុះដាលខ្លាំងតាមរយៈការឈានជើងចូលនៅក្នុងទីផ្សារក្នុងស្រុករបស់ក្រុមហ៊ុនថ្មីៗមួយចំនួន ទាំងក្រុមហ៊ុនផលិត និងការនាំចូល ជាមួយនឹងទុនវិនិយោគធំ និងបច្ចេកវិទ្យាថ្មីៗ ធ្វើឱ្យប្រទេសកម្ពុជាមានការទទួលទានគ្រឿងស្រវឹងច្រើន។ លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ ឆន្ទៈល្អ» នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
សិក្ខាសាលានេះ មានគោលបំណងរៀបចំសណ្តាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងផ្សាយលក់ផលិតផលគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់របស់ជាតិ ធានាបាននូវសណ្តាប់ធ្នាប់សង្គម សុខមាលភាពសាធារណៈ និងសុខដមរម្យនីយកម្មនៅក្នុងសង្គមទាំងមូល។

ក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានលើកឡើងថា បើទោះបីវិស័យស្រាបៀរ បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបង្កើតការងារ ចំណូលពន្ធ និងកំណើនផលិតផលក្នុងស្រុកសរុប ព្រមទាំងបានរួមចំណែកដោយប្រយោលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនទៀតនៅក្នុងវិស័យពាក់ព័ន្ធ ដូចជា វិស័យទេសចរណ៍ វិស័យកីឡាជាដើម។ ប៉ុន្តែឧស្សាហកម្មស្រាបៀរ បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់សេដ្ឋកិច្ច សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សុខមាលភាពសាធារណៈ វប្បធម៌ ប្រពៃណី និងការប្រកួតប្រជែងមិនស្មោះត្រង់តាមរយៈការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ទំនងសង្គម។
លោកថា ដោយសារក្រុមហ៊ុនឧស្សាហកម្មគ្រឿងស្រវឹងមានចំនួនច្រើន និងបានធ្វើការប្រកួតប្រជែងទីផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់យ៉ាងច្រើន ដើម្បីធ្វើការទាក់ទាញអតិថិជនរៀងៗខ្លួន ដែលជំរុញឱ្យមហាជន ជាពិសេសស្រទាប់យុវវ័យដែលជាទំពាំងស្នងឫស្សី ឈ្លក់រង្វែងទទួលទានគ្រឿងស្រវឹង ផ្សងសំណាងតាមយករង្វាន់ បាត់បង់ឱកាសសិក្សា ប៉ះពាល់ដល់សុខភាពសាធាណៈ និងបើកបរក្នុងស្ថានភាពស្រវឹងបង្កឱ្យកើតមានគ្រោះថ្នាក់ចររាចរណ៍ជាញឹកញ៉ាប់ ដែលបណ្តាលមកពីការធ្វើទីផ្សារឧស្សាហកម្មគ្រឿងស្រវឹងខ្វះការទទួលខុសត្រូវ៕
ដោយ៖ គេន ម៉ាលិះ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


