ព័ត៌មានជាតិ
ភិក្ខុ យ៉ន សេងយៀត ព្រះសង្ឃដំបូងគេរបស់កម្ពុជាបានបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Harvard
ព្រះភិក្ខុមុនីកោសលបណ្ឌិត យ៉ន សេងយៀត គឺជាបញ្ញវន្តសង្ឃនិកាយថេរវាទទី១ ដែលទទួលបានសក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋពីសាកលវិទ្យាល័យហាតវឺដ( Harvard) ដ៏ល្បីឈ្មោះកម្រិតពិភពលោករបស់សហរដ្ឋអាមេរិក។ ព្រះតេជគុណ យ៉ន សេងយៀត ទទួលបានសក្ខីបត្រថា្នក់បណ្ឌិតជាផ្លូវការពីសាកលវិទ្យាល័យកំពួលរបស់អាមេរិកកាលពីថ្ងៃទី០៤ ខែឧសភា កន្លងទៅថ្មីៗនេះ។

ព្រះតេជគុណ យ៉ន សេងយៀត បានសិក្សានៅមហាវិទ្យាល័យហាតវឺដ ឯកទេសទស្សនវិជ្ជា (Harvard Divinity school ) រយៈពេលបួនឆ្នាំ ដោយសិក្សា និងស្រាវជ្រាវបញ្ចប់ថ្នាក់ក្រោយបណ្ឌិត ឬ Postdoc លើប្រធានបទ «មាគ៌ាអរិយជន» ដែលផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាង និងថែរក្សាសន្តិភាព។ ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត គឺជាព្រះសង្ឃខែ្មរទី១ដែលត្រវបានជ្រើសរើសតាមរយៈការផ្ដល់អាហារូបករណ៏ឲ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យ ហាតវឺដ លើឯកទេសទស្សនវិជ្ជានៅក្នុងព្រះពុទ្ធសាសនា នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនចាប់តាំងពីការបង្កើតសាកលវិទ្យាល័យនេះឡើងនៅក្នុងឆ្នាំ១៦៣៦មក។

ជុំវិញការទទួលសក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋពីសាកលវិទ្យាល័យកម្រិតពិភពលោកនេះដែរ ព្រះភិក្ខុ យ៉ន សេងយៀត មានថេរដីកាថា វាពិតជាមិនងាយស្រួលនៅក្នុងការសិក្សាកម្រិតថ្នាក់ក្រោយបណ្ឌិតនេះនោះទេ ពោល គឺការសិក្សាមានលក្ខខណ្ឌច្បាស់លាស់ណាស់ ហើយខាងសាកលវិទ្យាល័យក៏គ្មានសញ្ញាបត្រប្រគល់ជូនបេក្ខជននោះដែរ គឺមានតែសក្ខីបត្រមួយសន្លឹកគត់ដែលផ្ដល់ជូនសម្រាប់តែបញ្ជាក់អំពីភាពជោគជ័យនៅក្នុងការស្រាវជ្រាវលើឯកទេសរបស់ខ្លួនតែប៉ុណ្ណោះ។
ព្រះបណ្ឌិតរដ្ឋ យ៉ន សេងយៀត បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «ការសិក្សាដល់កម្រិតនេះ ពុំមែនជាការសិក្សាយកសញ្ញាបត្រទេ ប៉ុន្តែមានលក្ខខណ្ឌច្បាស់លាស់សម្រាប់ការចូលស្រាវជ្រាវ មានន័យថា គេគ្មានសញ្ញាបត្រណាប្រគល់ជូនបេក្ខជនទេ ដែលបានបញ្ចប់ការសិក្សាស្រាវជ្រាវនោះ។ អ្វីដែលគេអាចប្រគល់ឲ្យ គឺសក្ខីបត្រមួយសន្លឹក គឺមិនមែនជាសញ្ញាបត្រទេ ដើម្បីបញ្ជាក់អំពីភាពជោគជ័យនៃការស្រាវជ្រាវតែប៉ុណ្ណោះ»។

ព្រះបណ្ឌិតរដ្ឋ យ៉ន សេងយៀត ប្រសូត្រក្នុងគ្រួសារកសិករ នៃស្រុកថ្មគោល ខេត្តបាត់ដំបង និងជាកូនទីពីរ នៃគ្រួសារដែលមានបងប្អូន៥នាក់។ ព្រះអង្គបានបួស និងសិក្សាក្នុងជំរុំជនភៀសខ្លួនដែលរៀបចំឡើងដោយ អង្គការសហប្រជាជាតិចាប់ពីឆ្នាំ ១៩៩១ ហើយក៏ជាទីដែលព្រះអង្គមានឱកាសសិក្សាទាំងព្រះធម៌ ភាសាបាលី និងភាសាអង់គ្លេស។ បច្ចុប្បន្ន ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត គឺជាសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាលេខាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ និងជាប្រធានពុទ្ធិសមាគមកម្ពុជរដ្ឋ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យហាតវឺដ( Harvard ) គឺជាសាកលវិទ្យា័យដ៏ចំណាស់មួយនៅសហរដ្ឋអាមេរិក ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សល្បីៗ និងអស្ចារ្យជាច្រើននាពេលកន្លងមក។ ក្នុងនោះ មានអ្នកនយោបាយ អ្នកជំនួញ និងអ្នកវិទ្យាសាស្រ្ត ដូចជា ប្រធានាធិបតីអាមេរិកលោក ហ្វ្រង់គ្លីន ឌីលេណូ រ៉ូស្វែរ លោក ចន កេណ្ណឺឌី ជាដើម៕
ដោយ៖ លន់ សេនី
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


