ព័ត៌មានជាតិ
ក្រសួងអប់រំប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុថ្មី គ្រប់គ្រងថវិកាប្រកបដោយតម្លាភាព
ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ (EFMS V3) ដែលជាប្រព័ន្ធមួយថ្មី ដើម្បីធានាបាននូវការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព តម្លាភាព សុក្រឹតភាព និងគណនេយ្យភាព។ មុននឹងអនុវត្តជាផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ (EFMS V3) នេះជូនដល់អង្គភាពជំនាញទាំងអស់ក្រោមឱវាទក្រសួង ដែលប្រព្រឹត្តទៅក្នុងរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ចំណេះដឹង និងចំណេះធ្វើជូនអ្នកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុជំនាន់ទី៣ (EFMS V3) ដែលបានកសាង និងដាក់ឱ្យប្រើប្រាស់លើមុខងារសំខាន់ជាច្រើន ធានាឱ្យមានការប្រើប្រាស់ប្រកបដោយភាពរលូន និងប្រសិទ្ធភាពខ្ពស់។

លោករដ្ឋលេខាធិការ បានបន្តថា បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនេះ មានសារៈសំខាន់ និងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់អង្គភាពជំនាញទាំងអស់ក្នុងរៀបចំផែនការថវិកា កត់ត្រារាល់ប្រតិបត្តិការនៃការអនុវត្តថវិកា ពិនិត្យតាមដាន និងគ្រប់គ្រងលើការប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយប្រព័ន្ធផលិតបានជាស្វ័យប្រវត្តិកម្មនូវបញ្ជីរបាយការណ៍គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីពង្រឹងលើការគ្រប់គ្រងការងារហិរញ្ញវត្ថុឱ្យប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព តម្លាភាព សុក្រឹតភាព និងគណនេយ្យភាព។
លោករដ្ឋលេខាធិការ បានបន្តទៀតថា ប្រព័ន្ធ EFMS V3 នឹងក្លាយជាចំណែកមួយក្នុងការចូលរួមគាំទ្រដល់អង្គភាពថវិកាក្នុងការពិនិត្យតាមដានការអនុវត្តសកម្មភាពការងារ ដើម្បីបង្កើតបានជាលទ្ធផលជាក់លាក់ និងអាចវាស់វែងបាន ក្នុងការរួមចំណែកសម្រេចបានគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងចូលរួមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រទេស ដែលនឹងឈានទៅរកការអនុវត្តជំហានមូលដ្ឋានដំណាក់កាលទី៤ គឺបង្កើនគណនេយ្យភាពលើសមិទ្ធផលការងារ។

លោករដ្ឋលេខាធិការបានបន្ថែមទៀតថា លើសពីនេះទៅទៀត ការអភិវឌ្ឍប្រព័ន្ធនេះក៏បានត្រៀមលក្ខណៈទាំងនីតិវិធី និងបច្ចេកទេសក្នុងការធ្វើសន្ធានកម្មរវាងប្រព័ន្ធ (EFMS) និង (FMIS) ដើម្បីបង្កលក្ខណៈឱ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់លើការកត់ត្រាទិន្នន័យ និងបញ្ជូនការអនុម័តក្នុងប្រព័ន្ធទាំងពីរ និងផ្ដល់សុក្រឹតភាពទិន្នន័យកាន់តែប្រសើរ៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


