ព័ត៌មានជាតិ
វឌ្ឍនភាពខ្លាំងក្នុងវិស័យសុខាភិបាល ៤០ ឆ្នាំ គឺការអនុវត្តន៍វិធីសាស្ត្រថែទាំសុខភាពបឋម
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងថា វឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសុខាភិបាល ក្នុងរយៈពេលសែសិបឆ្នាំចុងក្រោយនេះ គឺការអនុវត្តន៍វិធីសាស្ត្រថែទាំសុខភាពបឋម ដែលជាលទ្ធផលឈានដល់ការសម្រេចបានគោលដៅសហសវត្ស ទី៤ និងទី៥។

ការថ្លែងនេះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងពិធីបើក “សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី របាយការណ៍លទ្ធផលនៃការវិភាគស្ថានភាពការថែទាំសុខភាពបឋម និងកិច្ចពិគ្រោះយោបល់ លើយន្តការការចូលរួមរបស់សហគមន៍នៅប្រទេសកម្ពុជា” ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅសណ្ឋាគារភ្នំពេញ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា និងបានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រសុខាភិបាលជំហានទី៤ ឆ្នាំ២០២២-២០៣០ បានផ្តោតការយកចិត្តទុកដាក់ “ការធ្វើពង្រឹង ប្រព័ន្ធផ្តល់សេវាថែទាំសុខភាព និងការគ្របដណ្តប់សុខភាពជាសកលដើម្បីឱ្យប្រជាជនកម្ពុជាមានសុវត្ថិភាព និង សុខភាពប្រសើរជាងមុន”។

លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់បន្ថែមថា៖ “វឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសុខាភិបាល ក្នុងរយៈពេលសែសិបឆ្នាំចុងក្រោយនេះ គឺការអនុវត្តន៍វិធីសាស្ត្រថែទាំសុខភាពបឋម ដែលបានបង្កើតឡើងនៅតាមមណ្ឌលសុខភាពជាច្រើននៅទូទាំងប្រទេស ដើម្បីផ្ដល់សេវាដ៏ទូលំទូលាយសម្រាប់ សុខភាពមាតា ទារក និងកុមារ ការផ្តល់ថ្នាំបង្ការ និងការលើកកម្ពស់អាហាររូបត្ថម្ភ ដែលជាលទ្ធផលឈានដល់ការសម្រេចបានគោលដៅសហសវត្ស ទី៤ និងទី៥ ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ បានយ៉ាងច្រើន និងបានបង្កើនអាយុរំពឹងទុករបស់ប្រជាជនកម្ពុជា”។
រដ្ឋលេខាធិការក្រសួងសុខាភិបាលខាងលើលើកឡើងបន្តថា លើសពីនេះ ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវការគ្របដណ្ដប់សុខភាព ជាសកល ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ជំងឺមិនឆ្លង និង ធានាសុវត្ថិភាពសុខភាពសាធារណៈផងដែរ។ ចក្ខុវិស័យដែលចង់បានសម្រាប់ការថែទាំសុខភាពបឋមនៅកម្ពុជា ក្នុងឆ្នាំ២០៣០ ត្រូវចាប់ផ្តើមពិនិត្យពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធសុខាភិបាល និងការថែទាំសុខភាពបឋមនៅ កម្ពុជា កំណត់សក្តានុពលសម្រាប់ពង្រីកតួនាទីមណ្ឌលសុខភាព និងតម្រូវការនានាដើម្បីធ្វើឱ្យកាន់តែប្រសើរ ឡើងនូវការថែទាំសុខភាពបឋមនៅកម្ពុជា ព្រមទាំងកំណត់ជម្រើសគោលនយោបាយដើម្បីសម្រេចបានការ ផ្លាស់ប្តូរនេះក្នុងទសវត្សរ៍ក្រោយ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សង្ឃឹមទុកយ៉ាងមុតមាំថា សិក្ខាសាលារយៈពេល ២ថ្ងៃ នេះនឹងសម្រចទទួលបាននូវចំណុចសំខាន់ចំនួន ៣ ដូចខាងក្រោម៖
១. យោបល់ ឬអនុសាសន៍ល្អៗពីសិក្ខាសាសម្រាប់បញ្ចប់សេចក្តីព្រាងរបាយការណ៍ពិគ្រោះយោបល់ពី ស្ថានភាពការថែទាំសុខភាពបឋមនៅប្រទេសកម្ពុជា។
២. ធាតុចូលលើទំហំ (Scope) និងគ្រោងនៃក្របខ័ណ្ឌជំរុញការអនុវត្តការងារថែទាំសុខភាពបឋម។
៣. ធាតុចូលពីយន្តការនៃការចូលរួមរបស់សហគមន៍ និងការលើកទឹកចិត្តក្រុមទ្រទ្រង់សុខភាពភូមិដែលអាចប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌជំរុញការងារថែទាំសុខភាពបឋមនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោកស្រី Hedy Ip តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំកម្ពុជា លោក លោកស្រី អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ចំនួន ២៥ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ចំនួន ២៥ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ ក្រុមទ្រទ្រង់សុខភាពភូមិ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.នក) អ្នកស្ម័គ្រចិត្តកាកបាទក្រហម មេភូមិ អ្នកស្ម័គ្រចិត្តព្យាបាលគ្រុនចាញ់ មកពីខេត្តពោធិ៍សាត់ និងដៃគូសុខាភិបាល សរុបចំនួន ១០៦នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


