ព័ត៌មានជាតិ
អភិបាលរាជធានី បញ្ជាឲ្យបិទដេប៉ូខ្សាច់ ៧ទីតាំង នៅផ្លូវជាតិលេខ ២ ដោយសារមិនអនុវត្តតាមការណែនាំ
អនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន ៧ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចក្រអង្រែក្រោម និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោក ស៊ុយ សេរិទ្ធ បានបញ្ជាក់ថា ការចុះបិទដេប៉ូខ្សាច់ទាំងនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឲ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកឲ្យប្រជាពលរដ្ឋធ្វើដំណើរ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ និងប្រព័ន្ធលូ ជាដើម។

លោក ស៊ុយ សេរិទ្ធ ក៏បានបញ្ជាក់ផងដែរថា អាជីវកម្មទាំងនេះ គឺត្រូវបិទទាំងស្រុងតែម្តង ពោលគឺមិនទុកឲ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនាសម្ព័ន្ធដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ ២ ផ្លូវ ៦០ ម៉ែត្រ និងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ កើបដីខ្សាច់ចេញពីថ្នល់ និងធ្វើការជួសជុលឡើងវិញទាំងលូ និងផ្លូវ។

លោកបានបញ្ជាក់បន្ថែមថា ទីតាំងដេប៉ូខ្សាច់ខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំឲ្យពួកគេមានម៉ាស៊ីនលាងកង់រថយន្ត និងដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់អាជីវកម្ម នៅតែរអនុវត្តមិនបានល្អ ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។

ចំណែកលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី ៨ ខែសីហានេះអាជ្ញាធរថ្នាក់រាជធានី ថ្នាក់ខណ្ឌ និងសង្កាត់ បានចុះផ្អាកអាជីវកម្មដេប៉ូខ្សាច់ ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទីតាំងដេប៉ូខ្សាច់ខាងលើបង្ក ការខូចខាតផ្លូវ ជ្រុះខ្សាច់ ព្រមទាំងបង្កឲ្យខូចខាតលូបង្ហូរទឹកទៀតផង។

លោក ជា សុខៃ បានបន្តថា ព្រោះតែម្ចាស់ដេប៉ូខ្សាច់ ប្រើប្រាស់រថយន្តខ្នាតធំមកដឹកជញ្ជូនខ្សាច់ បង្កឲ្យខូចខាតផ្លូវជាតិលេខ ២សឹងគ្រប់កន្លែង។ បើទោះម្ចាស់ដេប៉ូ បានធ្វើការជួសជុលផ្លូវឡើងវិញក៏ដោយ តែដោយសារការជួសជុលមិនបានល្អបង្កឲ្យខូចខាតទៅវិញ មិនបានប៉ុន្មានថ្ងៃផង។ លោក ចៅសង្កាត់បានបញ្ជាក់ថា ទីតាំងដេប៉ូខ្សាច់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងទឹកដីខណ្ឌមានជ័យនេះ គឺសង្កាត់ចាក់អង្រែលើមាន ៤ទីតាំង និងសង្កាត់ចាក់អង្រែក្រោមមាន ៣ទីតាំង។

កាលពីសប្តាហ៍មុននេះដែរ កម្មុជាថ្មីបានចុះផ្សាយព័ត៌មាន ស្តីពី ការខូចខាតផ្លូវជាតិលេខ ២ មុខអតីតរោងចក្រកាត់ដេរ (តាកហ្វាត) ដែលមានទីតាំងស្ថិតនៅខាងជើង សាលាសង្កាត់ចាក់អង្រែលើ ដែលបង្កឲ្យលំបាកក្នុងកាធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន, នរា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


