Connect with us

ព័ត៌មានជាតិ

ដឹងទេ! តើរដ្ឋមន្រ្តីកម្ពុជាប៉ុន្មានរូបរៀនចប់ថ្នាក់បណ្ឌិតមកពីក្រៅប្រទេស?

បានផុស

នៅ

គិតត្រឹមអាណត្តិទី៦ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា មានក្រសួងចំណុះចំនួន២៧ និងរដ្ឋលេខាធិការដ្ឋានចំនួន១។ តាមក្រសួងនីមួយៗ រដ្ឋមន្ត្រី កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការដឹកនាំ និងគ្រប់គ្រងក្រសួងរបស់ខ្លួន។  ដោយឡែក ចំពោះកម្រិតវប្បធម៌របស់រដ្ឋមន្ត្រីទាំងនោះវិញ គឺសុទ្ធតែបញ្ចប់ការសិក្សាក្នុងកម្រិតផ្សេងៗគ្នា ទាំងក្នុង និងក្រៅប្រទេស ។ ដូច្នេះ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមបង្ហាញរដ្ឋមន្ត្រីរបស់កម្ពុជាចំនួន ៩រូប ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតមកពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក គឺជាបញ្ញវន្តមួយរូបរបស់កម្ពុជាបានទៅសិក្សារៀនសូត្រនៅរុស្ស៊ី។ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ចប់ថ្នាក់បណ្ឌិត(Ph.D.)ផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យរដ្ឋម៉ូស្គូ នៅឆ្នាំ១៩៩៣។ មុននឹងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតនេះ លោករដ្ឋមន្ត្រី មានសញ្ញាបត្រឯកទេសធុរកិច្ចអន្តរជាតិ ពីសាលាធុរកិច្ចក្រុងម៉ូស្គូនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តសេដ្ឋកិច្ចរុស្ស៊ី  នៅឆ្នាំ១៩៩២ និងនៅឆ្នាំ១៩៩០ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យរដ្ឋម៉ូស្គូ។

២. លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ លោកទទួលបានសញ្ញាបត្របណ្ឌិតអន្តរជាតិជាច្រើនពីប្រទេសលោកខាងលិច ដូចជា បារាំង និងហុងគ្រី ជាដើម។ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក ប្រាក់ សុខុន បានសិក្សានៅសាលាអន្តរជាតិផ្នែកសារព័ត៌មាន ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នៅឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩៣ លោកទទួលបានសញ្ញាបត្រវិទ្យាស្ថានអន្តរជាតិ ផ្នែកទំនាក់ទំនងអន្តរជាតិ ទីក្រុងប៉ារីស និងសញ្ញាបត្រនៃមជ្ឈមណ្ឌលសិក្សាផ្នែកការទូត និងយុទ្ធសាស្ត្រ ទីក្រុងប៉ារីស។

៣. លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោកបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្សីនៅឆ្នាំ១៩៩០។ សិក្សានៅប្រទេសរុស្ស៊ីនេះ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅឆ្នាំ១៩៩៤ រួចបន្តយកថ្នាក់បណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅឆ្នាំ១៩៩៧។ បើទោះបីជា បានបញ្ចប់ថ្នាក់បណ្ឌិតពីរុស្ស៊ី ក៏ពិតមែន តែលោក ជា វ៉ាន់ដេត បានបន្តយកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មួយទៀត ផ្នែកគ្រប់គ្រងធុរកិច្ច នៅឆ្នាំ២០១៦ ពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងនៃប្រទេសសិង្ហបុរី។

៤. លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ លោក ហង់ ជួបណារ៉ុន ក៏ជារដ្ឋមន្ត្រីមួយរូបដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ឯកទេសសេដ្ឋកិច្ចអន្តរជាតិ ពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ីដែរ។ រដ្ឋមន្ត្រីអប់រំដ៏ល្បីឈ្មោះ និងជាអ្នកធ្វើកំណែទម្រង់លើវិស័យអប់រំនៅកម្ពុជារូបនេះ ក៏មានសញ្ញាបត្រជាន់ខ្ពស់ជាច្រើនផ្សេងទៀត ដូចជា បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធានារ៉ាប់រង ពីប្រទេសអង់គ្លេស និងវិទ្យាស្ថានធានារ៉ាប់រង ពីប្រទេសម៉ាឡេស៊ី បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រអន្តរជាតិនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ​និងទើបទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកអប់រំនៅប្រទេសថៃផងដែរ។

៥. លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ លោក សាយ សំអាល់ ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ប្រទេស​អូស្ត្រាលី ថ្នាក់បណ្ឌិត​ជំនាញ​ជីវសាស្ត្រ​ ដែលជាជំនាញមួយត្រូវនឹងការងាររបស់លោកក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យបរិស្ថាននៅក្នុងប្រទេសកម្ពុជា។

៦. លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកស្រី ភឿង សកុណា បានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វករគីមីឧស្សាហកម្ម នៅរុស្ស៊ី។ ក្រោយបញ្ចប់ការសិក្សារយៈពេល ៦ឆ្នាំនៅរុស្ស៊ី លោកស្រីរដ្ឋមន្ត្រី ក៏បានបន្តការសិក្សានៅប្រទេសបារាំង ហើយទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកសុវត្ថិភាពចំណីអាហារ នៅឆ្នាំ២០០២។

៧. លោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាប់តាំងពីឆ្នាំ២០០៤ ​រហូតមកដល់បច្ចុប្បន្ន។ លោកស្រី គឺជារដ្ឋមន្ត្រីម្នាក់ក្នុងចំណោមរដ្ឋមន្ត្រីជាស្ត្រី ៣នាក់ ដែលទទួលបានការសិក្សាអប់រំនៅក្រៅប្រទេស។ លោកស្រីរដ្ឋមន្ត្រី បានបញ្ចប់សញ្ញាបត្រវេជ្ជបណ្ឌិត ផ្នែកឱសថសាស្ត្រនៃសាកលវិទ្យាល័យ Paris VI ប្រទេសបារាំង។

៨. លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ លោក គឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ ប្រទេសវៀតណាម ។ ការសិក្សានៅប្រទេសវៀតណាមនេះ លោក អ៊ុក រ៉ាប៊ុន ទទួលបានសញ្ញាបត្រទាំងបីកម្រិត គឺបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើជំនាញសេដ្ឋកិច្ច។ ជាមួយគ្នានេះ លោក ក៏ទទួលបានបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Southern California University for Professional Studies សហរដ្ឋអាមេរិក ផងដែរ។

៩. លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោក គឺជាបញ្ញវន្ត​ខ្មែរម្នាក់បាន​រស់នៅ និង​សិក្សា​នៅ​ប្រទេស​បារាំង​ និង​សហរដ្ឋ​អាមេរិក ជិត២០ឆ្នាំ ។ លោក ប៉ាន់ សូរស័ក្តិ ​​មាន​សញ្ញាប័ត្របរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតមក​ពី​សាកល​វិទ្យាល័យ​ល្បីៗ​នៅ​បារាំង​​ និង​សហរដ្ឋ​អាមេរិក ជាច្រើន លើជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ច្បាប់ គណិតវិទ្យា និងវិទ្យាសាស្ត្រ​កុំព្យូរទ័រ ជាដើម៕

អត្ថបទ ៖ ធឿន វ៉ានសុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៨ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៥៣ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥៥ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥៧ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម