Connect with us

ព័ត៌មានជាតិ

លោក ស៊ី ជីន​ពីង អញ្ជើញ​សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​កិច្ច​សន្ទនា​ជាន់ខ្ពស់ ស្តីពី​ការអភិវឌ្ឍន៍​សកល​

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងចូលរួម​ជាមួយ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លេចធ្លោ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត ថ្លែង​សុន្ទរកថា ក្នុង​ព្រឹត្តិការណ៍ “BRICS Plus” កិច្ចសន្ទនា​ជាន់ខ្ពស់​ស្តីពី​ការអភិវឌ្ឍ​សកល ក្រោម​មូលបទ “​លើកកម្ពស់​ភាពជា​ដៃគូ អភិវឌ្ឍន៍​សកល សម្រាប់​យុគសម័យ​ថ្មី​ដើម្បី​រួមគ្នា​អនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។

ការ​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​ខាងលើ​នេះ ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់លោក ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តាម​ប្រព័ន្ធ​អន​ទ្បា​ញ​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​ប្រព័ន្ធ​វីដេអូ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​ផ្តោត​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​ ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ការបន្ត​ដាក់​សម្ពាធ​លើ​បរិយាកាស​សន្តិសុខ​សកល សន្តិសុខ​ស្បៀង និង​សារសំខាន់​នៃ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដោយ​ផ្អែកលើ​វិធាន​ច្បាប់​។ សម្តេច​តេ​ជោ នឹង​គូស​បញ្ជាក់​ផងដែរ ពី​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វីត​-១៩ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​កម្ពុជា​ក្នុង​ដំណើរការ​ចាកចេញ​ដោយ​រលូន​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) និង​ដើម្បី​សំរេច​ជោគជ័យ​លើ​គោលដៅ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​។

ការចូលរួម​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​កិច្ចសន្ទនា​ខាងលើ នឹង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ដើរ​តួនាទី​ដ៏​សកម្ម ដើម្បី​សម្រេច​ការស្តារ​សេដ្ឋកិច្ច​សកល និង​របៀបវារៈ ឆ្នាំ​២០៣០ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម