កម្មវិធី DEY ដំណាក់កាលទី២ បន្តផ្តោតលើ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជំនាញធុរកិច្ច មុខរបរ និងការងារ និងការស្តារឡើងវិញនូវសមត្ថភាពរបស់យុវជនដែលរងផលប៉ះពាល់ដោយការរាលត្បាតជំងឺកូវីដ-១៩ រួមទាំងអ្នកដែលត្រូវបានព្យួរ ឬបញ្ឈប់ពីការងារ ក៏ដូចជាពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកមាតុភូមិវិញ។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានគណៈប្រឹក្សាភិបាលនៃ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (កម្មវិធី DEY) បានឱ្យដឹងថា កម្មវិធី DEY ពិតជាឆ្លើយតប និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជា។ លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY)នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ការអនុវត្តកម្មវិធី DEY ដំណាក់ទី២នេះ និងដំណាក់កាលបន្តបន្ទាប់ នឹងចូលរួមចំណែកដ៏សំខាន់ ក្នុងការសម្រេចបានគោលដៅរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍដោយចរីភាព (SDG) ជាពិសេសគោលដៅទី៨។
« ជាការពិតណាស់ ខ្ញុំចង់ឃើញវត្ដមានកម្មវិធី DEY ដំណាក់កាលទី៣ ព្រោះខ្ញុំជឿជាក់យ៉ាងមុតមាំថាកម្មវិធី DEY ពិតជាឆ្លើយតប និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត»។ នេះជាការបន្ថែមរបស់លោករដ្ឋមន្រ្តី អ៊ិត សំហេង។
ជាមួយគ្នានេះ លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងជាអ្នកសម្របសម្រួលបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «យើងបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំចុងក្រោយកាលពីខែកុម្ភៈ ឆ្នាំ២០២២ ថាយើងត្រូវកំណត់អាទិភាពឡើងវិញ លើសកម្មភាពអន្តរាគមន៍ ចំណុចការងារដែលរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាននូវគោលដៅចុងក្រោយ និងលទ្ធផលរំពឹងទុកជារួមរបស់កម្មវិធី ដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ននៃការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គម រួមទាំងទំនាក់ទំនងនឹងតម្រូវការទីផ្សារការងារក្រោយសម័យកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យមានការអនុវត្តផែនការទៅតាមអ្វីដែលយើងបានគ្រោងទុក»។
គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣៖
១) ពិនិត្យ និងអនុម័តលើសំណើការកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY ក្រោយវិបត្តិជំងឺកូវីដ-១៩ ។
២) ពិនិត្យ និងអនុម័តលើផែនការយុទ្ធសាស្ត្រទំនាក់ទំនងរបស់កម្មវិធី DEY
៣) ពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធី ដែលជាដំណាក់កាលទី៣។
អង្គប្រជុំក៏បានធ្វើបទបង្ហាញលើសំណើកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY, ការពិនិត្យ និងអនុម័តលើសំណើកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY, ការធ្វើបទបង្ហាញ និងអនុម័តស្តីពីយុទ្ធសាស្ត្រទំនាក់ទំនងកម្មវិធី DEY និងការពិភាក្សាលើកដំបូងពីដំណាក់កាលទី៣ នៃកម្មវិធីផងដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនេះ សម្រេចបានអនុម័តលើការកំណត់អាទិភាពឡើងវិញនៃកម្មវិធីដំណាក់កាលទី២ អនុម័តផែនការយុទ្ធសាស្ត្រទំនាក់ទំនងនិងពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធីគឺដំណាក់កាលទី៣៕ សំអឿន