ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការប្រមាថរបស់លោក សុន ឆ័យ មកលើ គ.ជ.ប ត្រូវតែដោះស្រាយគ្នាតាមយន្តការតុលាការ
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១២ ខែកក្កដានេះថា ការប្រមាថស្ថាប័នជាតិមួយថា ជាចោរ មិនមែនជារឿងសាមញ្ញ ហើយក៏មិនមែនជាការបញ្ចេញមតិដែរ។ ដូច្នេះ ត្រូវតែដោះស្រាយគ្នាតាមយន្តការតុលាការ។

ការលើកឡើង របស់អគ្គលេខាធិការរង គ.ជ.ប បែបនេះ ជាការឆ្លើយតបចំពោះការលើកឡើងរបស់លោក សុន ឆ័យ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីចាកចេញពីតុលាការថា លោកសម្តែងការសោកស្តាយដែល គ.ជ.ប បានលើកយកករណីរបស់លោកទៅតុលាការ។ លោកថា ករណីនេះ គ.ជ.ប គួរតែមានការពន្យល់មួយ។
លោក សោម សូរីដា បញ្ជាក់យ៉ាងដូច្នេះថា «ការប្រមាថស្ថាប័នជាតិថា ជាចោរ គឺជាការប្រមាថមួយ ដែលមិនអាចគិតថា ជារឿងធម្មតា ដែលត្រូវហៅអ្នកប្រមាថមកចរចា ឬជជែកគ្នារកខុសរកក្រៅនោះទេ។ ករណីលោក សុន ឆ័យ ប្រមាថជាសាធារណៈ និងបរិហារកេរ្តិ៍ជាសាធារណៈនេះ ខ្ញុំសូមបញ្ជាក់ថា មិនមែនជាការបញ្ចេញមតិ ដែល គ.ជ.ប ត្រូវអញ្ជើញលោក សុន ឆ័យ មករកខុសរកត្រូវជាមួយ គ.ជ.ប នោះទេ អីចឹងករណីនេះ គឺជាករណីដែលត្រូវដោះស្រាយគ្នាតាមយន្តការតុលាការ»។
លោក សោម សូរីដា បានបន្ថែមថា បើលោក សុន ឆ័យ គិតថាការប្រមាថ គ.ជ.ប ថា ជាចោរបែបនេះ ហើយគិតថា គឺជារឿងធម្មតានោះ លោកស្មានខុសហើយ គិតខុសហើយ។ អ្នកនាំពាក្យ គ.ជ.ប បានបន្ថែមថា លោក សុន ឆ័យ គួរតែចេះថ្លឹងថ្លែងអំពីពាក្យពេចដ៏ ការប្រើប្រាស់ភាសាខ្មែរ ដែលគួរតែប្រើក្នុងន័យមួយ គោរពគ្នាទៅវិញទៅមក រវាងបុគ្គលដែលជាថ្នាក់ដឹកនាំគណបក្សនយោបាយ ជាមួយស្ថាប័នជាតិមួយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

ដោយឡែកការលើកឡើង របស់លោក សុន ឆ័យ ថា ការប្តឹងនោះ ជាការធ្វើឲ្យខាតពេលវេលារបស់លោកនោះ លោក សោម សូរីដា អះអាងថា វាគ្រាន់តែជាការលើកឡើង ដើម្បីបន្ថយនូវទោសកំហុសទៅសាធារណជនប៉ុណ្ណោះ។ ប៉ុន្តែកិច្ចការនេះ មិនសាមញ្ញដូចលោក សុន ឆ័យ គិតនោះទេ លោក សុន ឆ័យ គួរពិចារណាឡើងវិញពីពាក្យសម្ដីរបស់ខ្លួន។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានចូលឆ្លើយបំភ្លឺលើបណ្តឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលបណ្តឹងនេះ គ.ជ.ប បានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងធ្វើលិខិតសុំទោសជាសាធារណៈ។
មកដល់ពេលនេះ លោក សុន ឆ័យ ទទួលរងបណ្តឹងចំនួន ២ គឺ ទី១, បណ្តឹងពាក់ព័ន្ធការចោទ និងការបំភ្លៃព័ត៌មានជុំវិញដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលត្រូវបានចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ហើយបណ្តឹងនេះ មេធាវីបានទាមទារសំណងជំងឺចិត្តចំនួន ៤.០០០លាន រៀល ឬប្រហែល ១លានដុល្លារអាមេរិក។ ទី២, បណ្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ របស់ស្ថាប័នគ.ជ.ប ដែលបណ្តឹងនេះ បានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ៕
អត្ថបទ៖ កោះកែវ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


