Connect with us

ព័ត៌មានជាតិ

និយោជកគាំទ្រការបង់វិភាគទាន ២ភាគរយ តែស្នើឲ្យកម្មករខំធ្វើការដើម្បីលើកកម្ពស់ផលិតភាពការងារបន្ថែម

បានផុស

នៅ

និយោជកសហគ្រាស-រោងចក្រ បានស្នើឲ្យកម្មករ-និយោជិតខិតខំធ្វើការ ដើម្បីលើកកម្ពស់ផលិតភាពការងារបន្ថែម និងទទួលបានប្រាក់ចំណូលកើនឡើង ហើយយកប្រាក់ចំណូលទាំងនោះ ទៅបង់វិភាគទាន២ភាគរយ សម្រាប់អនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅខែតុលា ឆ្នាំ ២០២២ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចូលរួមពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន កាលពីថ្ងៃទី ១៩ ខែកក្កដា នៅសណ្ឋាគារហ្គាឌិនស៊ីធី លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា ការអនុវត្តរបបសោធននេះ គឺជាការវិវត្តន៍មួយជំហានថ្មីមួយទៀត នៃការអនុវត្តផ្នែកបេឡាជាតិសន្តិសុខសង្គម។

លោកបានបន្តថា «យើងដឹងស្រាប់ហើយលើកមុន យើងមានតែរបបហានិភ័យការងារ បន្ទាប់មកទៀតយើងមានរបបថែទាំសុខភាព ឥឡូវនេះយើងបានដើរមួយជំហានទៀត ដែលបង្ហាញពីការវិវត្តន៍មួយជំហានទៀត នៃវិស័យសន្តិសុខសង្គមរបស់យើង»។

លោកបានបន្តទៀតថា «ជាការពិតហើយការអនុវត្តរបបនេះនិយោជក ត្រូវទទួលបន្ទុកបង់វិភាគទានបន្ថែម។ ជាធម្មតាទេជាបន្ទុកផ្នែកហិរញ្ញវត្ថុ ទៅលើនិយោជកយើងហើយ។ ប៉ុន្តែយើងទទួលស្គាល់ថា ច្បាប់នេះបានដាក់ចេញយូរដែរហើយ ប៉ុន្តែត្រូវបានពន្យាពេលដោយសារស្ថានភាពសេដ្ឋកិច្ច រងការប៉ះពាល់ដែលបណ្តាលវិបត្តិជំងឺកូវីដ-១៩។ អីចឹងនៅពេលនេះដល់ពេល ដែលត្រូវអនុវត្តហើយ ទោះបីជាយ៉ាងណាក៏ដោយយើងនឹងព្យាយាម អនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល»។

យ៉ាងណាក៏ដោយ លោកបានបន្ថែមថា «គ្រាន់តែថាវាមានបញ្ហាបន្តិចគ្រាន់ថា យើងចាប់ផ្តើមអនុវត្តនៅពេលវិបត្តិនៅមិនទាន់បានបញ្ចប់ទី ១ វិបត្តិកូវីដ-១៩ មិនទាន់បានចប់ទី ២ វិបត្តិសាកលផ្សេងៗទៀត ដែលបានប៉ះពាល់ដូចជាវិបត្តិសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនជាដើម ធ្វើឲ្យមានបញ្ហាសេដ្ឋកិច្ចសកលយើងមានការព្រួយបារម្ភ ខ្លាចប៉ះពាល់ដល់លទ្ធភាព នៃការនាំចេញរបស់យើងពិសេសសម្រាប់សវិស័យនាំចេញ អាចជាបញ្ហាតែទោះបីជាវាជាបញ្ហាប្រឈម តែយើងត្រូវជម្នះឲ្យបាន»។

ជាមួយគ្នានេះដែរ លោកបានស្នើឲ្យរាជរដ្ឋាភិបាល ត្រូវធ្វើកំណែទម្រង់សេវាសាធារណៈ និងផ្តល់សេវាសាធារណៈឲ្យបានល្អបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជនមានលក្ខណៈងាយស្រួលក្នុងការប្រកបធុរកិច្ច និងការវិនិយោគ ដើម្បីធានានូវភាពប្រកួតប្រជែងនាំចេញទៅទីផ្សារអន្តរជាតិ និងប្រកួតប្រជែងថ្នាក់ជាតិបាន។

លោក កាំង ម៉ូនីកា បានឲ្យដឹងទៀតថា «អីចឹងនៅពេលនិរន្តភាព អាចប្រកួតប្រជែងបានវាជួយសម្រាលបន្ទុកនៃការចំណាយរបស់យើង និងសូមឲ្យបងប្អូនកម្មករនិយោជិត ព្យាយាមសហការជាមួយនិយោជក ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ផលិតភាពការងារ ពីព្រោះមានតែផលិតភាពការងារទេ ដែលអាចជួយធ្វើឲ្យកម្រិតនៃប្រាក់ចំណូល របស់សហគ្រាស-រោងចក្រកើនឡើង ដើម្បីយកប្រាក់ចំណូលទាំងនោះ មកជួយទប់ការចំណាយបន្ថែមដល់កម្មករ ចាប់ពីខែតុលានេះទៅ»។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប.ស.ស មានប្រសាសន៍ដែរថា ក្រសួងការងារ បានប្រកាសដាក់ឲ្យអនុវត្តរបបផ្នែកសោធននេះ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០​២២។ ប៉ុន្តែដោយសារតែរបបនេះថ្មី ក៏ពន្យាលពេល ៩០ថ្ងៃ ចាប់ពីខែកក្កដានេះ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ ២០២២ មុននឹងអនុវត្តរបបនេះជាផ្លូវការ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ​ហើយកម្មករ-និយោជិត និងនិយោជក ត្រូវចាប់ផ្តើមបង់វិភាគទាន ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២តទៅ។

គួរបញ្ជាក់ថា របបផ្នែសោធននេះ តម្រូវឲ្យបង់ចំនួន ៤ភាគរយ។ ក្នុងនោះកម្មករ-និយោជិតបង់ ២ភាគរយនៃប្រាក់ឈ្មួល និងនិយោជកបង់ ២ភាគរយ។ ប៉ុន្តែកម្មករទទួលបាន ៤ភាគពេញស្មើនឹង ១០០ភាគរយ ពេលដល់អាយុចូលនិវត្តន៍ ៦០ឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម