ព័ត៌មានជាតិ
TAFTAC៖ កម្ពុជានៅសល់ពេល៣សប្តាហ៍ទៀតដើម្បីបន្តការចរចា មុនការចូលជាធរមាននៃ ពន្ធបដិការរបស់អាមេរិក
តំណាងសមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអះអាងថា ប្រទេសកម្ពុជា និងបណ្តាប្រទេសនានាដែលបានរងការដាក់អត្រាពន្ធបដិការថ្មីពីរដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី៧ខែកក្កដានេះ នៅសល់ពេល៣សប្តាហ៍ទៀតដើម្បីបន្តការចរចាលើអត្រាថ្មីនេះដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ខែសីហាខាងមុខនេះ។

កាលពីថ្ងៃទី៧ខែកក្កដា (នៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្រេចយកពន្ធលើរាល់មុខទំនិញនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិកចំនួន ៣៦% ដែលការប្រកាសពន្ធបដិការលើកនេះ ទាបជាងកាលពីប្រកាសលើកដំបូង ៤៩% បន្ទាប់ពីកម្ពុជាបានចរចាផ្ទាល់ជាមួយភាគីអាមេរិក ២ ដង។
យោងតាមលិខិតរបស់លោក ដូណាល់ ត្រាំ ផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ បញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ យើងនឹងអនុវត្តពន្ធ ៣៦% លើមុខទំនិញរបស់កម្ពុជាទាំងអស់ ដែលនាំចូលអាមេរិក»។
លោក ដូណាល់ ត្រាំ ក៏បញ្ជាក់ដែរថា ប្រទេសនានាអាចទទួលបានការកែសម្រួលអត្រាពន្ធ ប្រសិនបើប្រទេសទាំងនោះផ្លាស់ប្ដូរគោលនយោបាយ ពាណិជ្ជកម្មជាមួយអាមេរិក ដូចជាការមិនយកពន្ធចំពោះការនាំចូលទំនិញអាមេរិកជាដើម។
ប្រមុខសេតវិមានបានហៅពន្ធទាំងនេះថាជា «ពន្ធបដិការ» ដោយអះអាងថា ការដាក់ពន្ធបែបនេះគឺដើម្បីធ្វើឲ្យលក្ខខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែមានតុល្យភាព និងដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មទំនិញដ៏ធំរបស់សហរដ្ឋអាមេរិក។
គណៈប្រតិភូកម្ពុជាបានទៅចរចាផ្ទាល់ជាមួយភាគីអាមេរិកចំនួន ២ ដង និងបានពិភាក្សាតាមអនឡាញ ពិនិត្យនូវសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះហើយបានឯកភាពគ្នាលើសេចក្ដីថ្លែងការណ៍រួម លើពន្ធបដិការកម្ពុជា-អាមេរិក។
លោក កាំង ម៉ូនីកា អគ្គលេដាធិការរងនៃ TAFTAC បានថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៨ ខែកក្កដានេះថា បើទោះបីជាអត្រាពន្ធថ្មីដែលប្រកាសដោយលោកប្រធានាធិបតីដូណាល់ ត្រាំនាយប់ថ្ងៃទី៧នៅសហរដ្ឋអាមេរិកក្តី ក៏កម្ពុជានៅសល់ពេល៣សប្តាហ៍ទៀតដែរដើម្បីបន្តនីតិវិធីចរចា។

លោកបានថ្លែងថា៖«យើងនៅតែមានពេល៣សប្តាហ៍ដើម្បីបន្តការចរចា មុននឹងការសម្រេចនេះចូលជាធរមាន ដូច្នេះយើងនៅមានឱកាសក្នុងការចរចាដើម្បីបន្ថយអត្រាពន្ធបដិការនេះ ឬក៏អាចនឹងមានការកែសម្រួលបន្ថែមទៀតមុនថ្ងៃទី១ខែសីហា។ ប៉ុន្តែឥឡូវនេះ អ្វីដែលជាការគំរាមកំហែងនោះគឺថាអត្រាពន្ធថ្មីនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ខែសីហា ហើយក៏អាចនឹងមានការពន្យាពេលអនុវត្តន៍ដោយប្រការណាមួយនោះក៏អាចនឹងមានផងដែរ»។
លោក Cassey Barnett ប្រធាសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានសរសេរនៅលើបណ្តាសង្គមផ្លូវការរបស់ខ្លួនថា កម្ពុជាមានការកាត់បន្ថយអត្រាពន្ធច្រើនជាងគេក្នុងចំណោមប្រទេសទាំង ១៤។ លោកថា«ភាពប្រសើរឡើងរបស់កម្ពុជាគឺដោយសារការចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក»។
«បច្ចុប្បន្នកម្ពុជាខិតជិតដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួន គឺបង់ក្លាដែស និងឥណ្ឌូនេស៊ី។ ប៉ុន្តែកម្ពុជានៅពីក្រោយប្រទេសវៀតណាមដែលមានអត្រា ២០%។ វៀតណាមបានផ្តល់សិទ្ធិចូលទីផ្សារវៀតណាមដោយគ្មានពន្ធដល់អាមេរិក»។ នេះបើតាមលោក Cassey។

លោកបានសរសេរបន្តទៀតថា រោងចក្រមួយចំនួននៅកម្ពុជាឥឡូវនេះកំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០% ប៉ុណ្ណោះ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រាប់សារព័ត៌មាននៅថ្ងៃទី ០៧ ខែកក្កដាម្សិលមិញថា៖ «ដោយសារយើងបានឯកភាពគ្នា ចរចាដោយស្មោះត្រង់ ទើបថ្ងៃ ០៩ ខែកក្កដានេះ ពន្ធយើងមិនមែន ៤៩% ទៀតទេ អត់មានទេ គឺកម្ពុជាជាប្រទេសមួយក្នុងចំណោម ១៨ ប្រទេស ដែលបានចរចារជាមួយសហរដ្ឋអាមេរិក ក្រៅពីហ្នឹងអត់មានទៅចរចាទេ ក្នុងចំណោម ១៨ ប្រទេស យើងក្នុងចំណោម ១០ ទៀត ដែលបានចេញសេចក្ដីថ្លែងការណ៍រួមហើយ អញ្ចឹងថ្ងៃ ០៩ អត់មានអត្រាពន្ធឡើង ៤៩% ទេ»។
លោកបានលើកឡើងថា នៅកម្ពុជារោងចក្រកាត់ដេរ ខោអាវ ស្បែកជើង កាបូប មានប្រជាពលរដ្ឋធ្វើការ ១ លាននាក់ ម្នាក់ចិញ្ចឹមគ្រួសារ ៤ ទៅ ៥ នាក់ ដូច្នេះ ឱ្យសហរដ្ឋអាមេរិកយល់ច្បាស់ បើអត្រាដាក់ពន្ធខ្ពស់ គឺយើងមានបញ្ហា ដូច្នេះត្រូវតែជួយការពារការងារ ១ លាននាក់ បូកទៅចង់ ៥ លាននាក់ បើចិញ្ចឹមបងប្អូនផង។

លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «យើងលើកហើយលើកទៀត ឱ្យគាត់យល់ អំពីតម្រូវការរបស់យើង ដើម្បីឱ្យអត្រាពន្ធទាប ដើម្បីយើងអាចប្រកួតប្រជែង និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត មកបណ្ដាក់ទុននៅកម្ពុជា»។
នៅថ្ងៃទី ១៣-១៥ ខែឧសភា ឆ្នាំ ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបចរចារពន្ធគយបដិការជាមួយអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយភាគីកម្ពុជា និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក យោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាពន្ធជុំទី២ ម្តងទៀតនៅសប្ដាហ៍ទី១ ដើមខែមិថុនា ឆ្នាំ ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃ ជាង ២៦៤ លានដុល្លារ កើន ២%។
បើយោងតាមលិខិតរបស់លោក ត្រាំ ក៏បញ្ជាក់ដែរថា ប្រទេសនានាអាចទទួលបានការកែសម្រួលអត្រាពន្ធ ប្រសិនបើមន្ត្រីរបស់ពួកគេផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មចំពោះសហរដ្ឋអាមេរិក។
សូមជម្រាបថា ក្រៅពីកម្ពុជានិងថៃ ប្រទេសផ្សេងទៀតដែលស្ថិតក្នុងបញ្ជីពន្ធបដិការរបស់អាមេរិកមានដូចជា៖
- មីយ៉ាន់ម៉ា និងឡាវ៖ ៤០% (ខ្ពស់ជាងគេ)
- បង់ក្លាដែស និងស៊ែប៊ី៖ ៣៥%
- ឥណ្ឌូណេស៊ី៖ ៣២%
- អាហ្វ្រិកខាងត្បូងនិងបូស្នៀ-ហឺហ្សេហ្គោវីណា៖ ៣០%
- ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងទុយនីស៊ី៖ ២៥%៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


