Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ មន្ដ្រីនគរបាលណា មិនព្រមឆ្លងកាត់វគ្គបណ្ដុះបណ្ដាល នឹងត្រូវប្រឈមលុបឈ្មោះចេញពីក្របខណ្ឌ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា មន្ដ្រីនគរបាលទាំងឡាយ ណា ដែលរឹងទទឹងមិនព្រមឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះ នឹងត្រូវប្រឈមនឹងការលុបឈ្មោះចេញពីក្របខណ្ឌនគរបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត ១ និងកម្រិត ២ ជំនាន់ទី ១ នាព្រឹកថ្ងៃទី  ២៦ ខែកក្ដដានេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដីឥដ្ឋ ខេត្តកណ្តាល សម្ដេចក្រឡាហោម ស ខេង បានបន្តថា «គ្រប់មន្ត្រីប៉ូលីស ដែលមានតួនាទីចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឲ្យនរណាម្នាក់ មិនបានរៀនសូត្រវិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»។

សម្ដេច ស ខេង បានបន្តទៀតថា ការអនុវត្តនេះត្រូវធ្វើឲ្យបានម៉ត់ចត់ ដោយពុំមានការយោគយល់ ផ្អែកលើមនោ សញ្ចេតនា គឺត្រូវតែអនុវត្តផ្អែកទៅលើគោលការណ៍ ដែលបានរៀបចំ។ ក្នុងករណីដែលមន្ត្រីមានការមមាញឹក ក្នុងការងារនៅក្នុងអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបាន តាមភាពជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួន។ ការធ្វើបែបនេះ គឺដើម្បីឲ្យមន្ត្រីគ្រប់រូប អាចទទួលបានចំណេះដឹង និងបំពេញការងារនៅតាមអង្គភាពបាន។

សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ការងាររៀនសូត្រ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនេះពិតជាមានសារៈ សំខាន់ខ្លាំងណាស់ ចំពោះការតែងតាំង និងការដំឡើងតួនាទី ឬការផ្ទេរក្របខណ្ឌផ្សេងៗ មកចូលក្របខណ្ឌនគរបាលជាតិនេះ ហើយក្នុងករណីដែលមិនបានចូលរៀនវគ្គបណ្តុះបណ្តាលនេះ វាជាកំហុសរបស់យើង និងជាចំណុចដែលមិនត្រូវមើលរំលងនោះឡើយ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ចាត់ទុកថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ ដើម្បីធ្វើឲ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹង គ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ក៏បានណែនាំដល់បណ្ឌិត្យសភានគរបាលកម្ពុជា បន្តការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិ ស្របតាមស្ដង់ដាគុណភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម