ព័ត៌មានជាតិ
ដឹងអត់! តើកម្ពុជា មានគ្រឿងឥស្សរិយយសប៉ុន្មានប្រភេទសម្រាប់បំពាក់ជូនបុគ្គលឆ្នើមៗរបស់ជាតិ?
គ្រឿងឥស្សរិយយសនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី១ តាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីទទួលស្គាល់នូវគុណបំណាច់ និងស្នាដៃមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ។ គ្រឿងឥស្សរិយយសនៃកម្ពុជា មានមេដាយចំនួន ១៥មុខ ចែកចេញជា៤ប្រភេទ។
គ្រឿងឥស្សរិយយសនៃកម្ពុជា ត្រូវបានបង្កើតឡើង និងរៀបរៀងតាមប្រភេទ និងតាមឋានានុក្រម ដូចខាងក្រោម៖

ប្រភេទទី១ ជាប្រភេទមាតុប្រទេស។ គ្រឿងឥស្សរិយយសប្រភេទទី១នេះ មានមេដាយចំនួន ៣ គឺ
- មេដាយជាតូបការ ដែលជាមេដាយថ្នាក់ខ្ពស់បំផុត មានតែមួយថ្នាក់គត់។
- មេដាយព្រះជាណាចក្រកម្ពុជា មាន ៥ថ្នាក់ (មហាសេរីវឌ្ឍន៍ មហាសេនា ធិបឌិន្ទ សេនា និងអស្សឬទ្ធិ)។
- មេដាយឯករាជ្យជាតិ មានតែមួយថ្នាក់។
គ្រឿងឥស្សរិយយសប្រភេទទី១នេះ សម្រាប់បំពាក់ជូនអ្នកដែលមានគុណូបការដ៏ឧត្តុង្គឧត្តមបំផុតក្នុងបុព្វហេតុឯករាជ្យ សាមគ្គីភាព ប្រជាធិបតេយ្យ និងសន្តិភាពជូនជាតិមាតុភូមិ។
ប្រភេទទី២ ជាប្រភេទព្រះរាជបល្ល័ង្ក។ គ្រឿងឥស្សរិយយសប្រភេទទី២នេះ មានមេដាយចំនួន ៣ គឺ
- មេដាយរាជសម្បត្តិ
- មេដាយសម្ដេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្ន
- មេដាយអនុស្សរា
គ្រឿងឥស្សរិយយសប្រភេទនេះ សម្រាប់បំពាក់វរជនដែលមានគុណបំណាច់ចំពោះព្រះរាជបល្ល័ង្ក ចំពោះព្រះមហាក្សត្រផ្ទាល់ ចំពោះព្រះរាជវង្សានុវង្ស ឬជាអនុស្សាវរីយ៍របស់ព្រះមហាក្សត្រ។

ប្រភេទទី៣ ជាប្រភេទការពារជាតិ។ គ្រឿងឥស្សរិយយសប្រភេទនេះ មានមេដាយចំនួន ២ គឺ
- មេដាយសេនាជ័យសិទ្ធ
- មេដាយការពារជាតិ មាន ៣ថ្នាក់ (មាស ប្រាក់ សំរឹទ្ធ)។
គ្រឿងឥស្សរិយយសទាំងពីរនេះ គឺសម្រាប់បំពាក់ជូនកងកម្លាំងប្រដាប់អាវុធ ដូចជា យោធា និងនគរបាលជាតិ ដែលមានស្នាដៃឆ្នើមពិសេសក្នុងសង្គ្រាម ការការពារព្រំដែន និងការពារសន្តិសុខសង្គមជាតិ។

ប្រភេទទី៤ ជាប្រភេទចម្រុះ។ គ្រឿងឥស្សរិយយសនេះ មានមេដាយចំនួន ៧ គឺ
- មេដាយសហមេត្រី គឺជាមេដាយការទូតដំបូងសម្រាប់បំពាក់ជូនឯកអគ្គរដ្ឋទូត រាជទូត ឬតំណាងប្រទេសជាមិត្តដែលបានបំពេញភារកិច្ចបម្រើផលប្រយោជន៍ប្រទេសទាំងពីរ។
- មេដាយសុវត្ថារា គឺសម្រាប់បំពាក់ជូនអ្នកមានស្នាដៃ និងជួយជ្រោមជ្រែងក្នុងវិស័យកសិកម្ម ឬសេដ្ឋកិច្ច។
- មេដាយមុនីសារាភ័ណ្ឌ សម្រាប់បំពាក់ជូនអ្នកដែលមានស្នាដៃក្នុងវិស័យអប់រំ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឬវិស័យផ្សេងៗទៀត។
- មេដាយការងារ សម្រាប់ប្រគល់ជូនអ្នកដែលមានស្នាដៃលើវិស័យរដ្ឋបាល ឬវិស័យឯកជន។ មេដាយនេះ មាន ៣ថ្នាក់ (មាស ប្រាក់ សំរឹទ្ធ)។
- មេដាយស្ថាបនាជាតិ គឺជាមេដាយទី១ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី១ តាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥។ មេដាយនេះ មាន ៣ថ្នាក់ (មាស ប្រាក់ សំរឹទ្ធ) សម្រាប់ប្រគល់ជូនសប្បុរសជន ឬបុគ្គលទាំងឡាយ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ឬសម្ភារៈក្នុងការជួយកសាងជាតិ និងស្ថាបនាសមិទ្ធិផលជាប្រយោជន៍សាធារណៈ។
- មេដាយខេមរាកីឡារិទ្ធ សម្រាប់បំពាក់ជូនកីឡាការមានស្នាដៃឆ្នើមក្នុងវិស័យកីឡាជាតិ ឬអន្តរជាតិ ដែលបាននាំកិត្តិយសដល់ប្រទេសជាតិ។
- មេដាយស្ត្រីវឌ្ឍនា សម្រាប់បំពាក់ជូនស្ត្រី ឬបុរស មានគុណបំណាច់ខ្ពង់ខ្ពស់ ក្នុងការលើកកម្ពស់និងតម្លៃរបស់ស្ត្រី៕
ដោយ ៖ ធឿន វ៉ាន់សុង
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


