ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី ៖ ក្នុងនាមជាសមាជិករដ្ឋសភាមួយរូប លោកសូមគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើម វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ
លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា បានលើកឡើងថា ក្នុងនាមជាសមាជិករដ្ឋសភាមួយ លោកសូមគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើម វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ ហើយថា ការវិសោធនកម្មនេះ នឹងធ្វើឲ្យដំណើរប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ អាចបន្តបានដោយឥតមានការរាំងស្ទះ។

ការលើកឡើងនេះ បន្ទាប់ពីសមាជិករដ្ឋសភាចំនួន ១០៥លើ ១០៦សំឡេង បានអនុម័តទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ការអនុម័តនេះ បានធ្វើឡើងគ្រាដែលរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅ បានបន្តសម័យប្រជុំរដ្ឋសភាពេញអង្គលើកទី ៧ នីតិកាលទី ៦ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា បានសរសេរថា ព្រឹកនេះ រដ្ឋសភា បានធ្វើការអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ការអនុម័តនេះ បានបង្ហាញពីឆន្ទៈរួម របស់រដ្ឋសភា ដែលចង់ឃើញនូវដំណើរការរបស់ស្ថាប័នកំពូល របស់ជាតិបានប្រព្រឹត្តទៅធាបក្រតី ជាពិសេសរបស់អំណាចនិតីប្រតិបត្តិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងការធានា ការពារ និងថែរក្សាឲ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ានី បានសរសេរបញ្ជាក់ថា «ក្នុងនាមជាសមាជិករដ្ឋសភាមួយរូប ដែលតំណាងឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត ខ្ញុំសូមគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមមួយនេះ។ យើងទាំងអស់គ្នា ចង់ឃើញប្រទេសជាតិមានការអភិវឌ្ឍបន្តទៅមុខឥតឈប់ឈរ ជាពិសេសបរិយាកាសនយោបាយល្អប្រសើរ មានស្ថិរភាព ដែលជាកត្តាចាំបាច់សម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ឱកាសរៀនសូត្ររបស់កូនចៅ ការទទួលបានការការពារសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាបន្តបន្ទាប់»។

សមាជិករដ្ឋសភារូបនេះ បានសរសេរបន្ថែមទៀតថា វិសោធនកម្មនេះ នឹងធ្វើឲ្យដំណើរប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ អាចបន្តបានដោយឥតមានការរាំងស្ទះ និងឧបសគ្គដែលបង្កនូវការភិតភ័យរបស់ប្រជាពលរដ្ឋ ក្តីបារម្ភរបស់វិនិយោគិន និងធុរជនទាំងឡាយ នៅពេលក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬនៅក្នុងកាលៈទេសៈដែលមានការទម្លាក់រាជរដ្ឋាភិបាល។ លោកថា ជាថ្មីម្តងទៀត ការធានាបាននូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ គឺជាក្តីប្រាថ្នាចម្បងរបស់យើងទាំងអស់គ្នា ដែលមាននីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យជាខឿនទ្រទ្រង់៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ