ព័ត៌មានជាតិ
កម្ពុជារកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកជាង១ពាន់គ្រាប់ ស្មើនឹងជាង១៧តោន
រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កម្ពុជាបានស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក និងស្រង់ពីនាវាលិចក្នុងបាតទន្លេបានជាង១ពាន់គ្រាប់ស្មើនឹងជាង១៧តោន។

នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេនៅទីស្ដីការក្រសួងមហាផ្ទៃនៅថ្ងៃទី១០ ខែសីហា នេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេបានមានប្រសាសន៍ថា គិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារបានស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹកបានជាង១ពាន់គ្រាប់ហើយ ស្មើនឹងជាង១៧តោន។ ទន្ទឹមគ្នានេះមន្រ្តីក្រុមការងារទាំងអស់បានខិតខំពុះពាររាល់ការលំបាក និងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបំពេញបេសកកម្មតាមបទបញ្ជារាជរដ្ឋាភិបាល
ទោះបីជាមិនទាន់មានកញ្ចប់ថវិកាដើម្បីគាំទ្រកិច្ចប្រតិបត្តិការនេះក៏ដោយ។

ពាក់ព័ន្ធនឹងការងារបច្ចេកទេសនៃកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹកនេះដែរ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់(CMAC បានធ្វើបទបង្ហាញជូនសម្ដេចក្រឡាហោម និងអង្គប្រជុំអំពីសកម្មភាពនៃកិច្ចប្រតិបត្តិការ លទ្ធផល និងបញ្ហាប្រឈមនៃកិច្ចប្រតិបត្តិការព្រមទាំងអត្ថប្រយោជន៍ ទាំងលើទិដ្ឋភាពបច្ចេកទេស ច្បាប់ និងនយោបាយនៃកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹករបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មនាពេលនេះ។

ចំណែកឯកលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានធ្វើរបាយការណ៍ជូនអង្គប្រជុំអំពីភារកិច្ចសំខាន់ៗមួយចំនួនរបស់ក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការនេះ ក្នុងនោះរួមទាំងទិដ្ឋភាពបច្ចេកទេស និងច្បាប់ក្នុងការងារបូមខ្សាច់នៅតំបន់ប្រតិបត្តិការ។ ឯកឧត្តមបានឱ្យដឹងថានៅក្នុងការដ្ឋានទី៥នេះ ក្រសួងរ៉ែ និងថាមពល
បានសម្របសម្រួលដំណើរការបូមខ្សាច់ចេញបានប្រមាណជាង៥រយ៨ពាន់ម៉ែត្រត្រីគុណ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកដែលបន្សល់ពីសម័យសង្គ្រាមឱ្យអស់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងសម្រួលដល់ដំណើរនាវាចរណ៍រួមទាំងការងារផ្សេងៗទៀតពាក់ព័ន្ធនឹងទន្លេ។ សម្ដេចបានវាយតម្លៃខ្ពស់ ចំពោះការងារដែលបានខិតខំធ្វើពលិកម្មបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេបានជាបន្តបន្ទាប់ ទោះបីជាមានឧបសគ្គខ្លះក៏ដោយ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកបន្តការបំពេញបេសកម្មឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ដែរថា ចំពោះបញ្ហាប្រឈមមួយចំនួនដែលក្រុមការងារបានលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការនោះសម្ដេចរួមទាំងថ្នាក់ដឹកនាំនឹងខិតខំជំរុញការដោះស្រាយដើម្បីធានាគាំទ្រដំណើរការប្រតិបត្តិការរបស់ក្រុមការងារឱ្យប្រព្រឹត្តិទៅដោយរលូនផងដែរ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


