ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី សាងសង់រង្វង់មូល “រូបសំណាកដំរី” ២កន្លែង ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តនិងទាក់ទាញភ្ញៀវទេសចរ
ខេត្តមណ្ឌលគិរី បានបើកការដ្ឋាន និងបញ្ចុះបឋមសិលាសាងសង់រង្វង់មូល “រូបសំណាកដំរី “ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្បែរវិមានឯករាជ្យ និងសាងសង់រូបសំណាកដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍ ស្ថិតនៅក្រៅក្រុង លើកំណាត់ផ្លូវជាតិលេខ ៧៦A ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត និងទាក់ទាញភ្ញៀវទេសចរ ឲ្យមកកំសាន្តកាន់តែច្រើនបន្ថែមទៀត។

ការសាងសង់រង្វង់មូល រូបសំណាកដំរីទាំង ២នេះ គឺការសាងសង់រង្វង់មូលរូបសំណាកដំរី មានទំហំផ្ទៃរង្វង់មូលចំនួន ១២,៦០ម៉ែត្រ កម្ពស់ដំរី ៦,៦៣ម៉ែត្រ និងកម្ពស់រូបមេទ័ព ៨តឹក និងរូបសំណាកដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍ ខឿនមានបណ្តោយ ៧ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្ពស់ដំរី ៣,០៦ម៉ែត្រ និងផ្លាកទំហំទំហំ ១,២៦ម៉ែត្រ និងប្រវែង ៣,៦៩ម៉ែត្រ សាងសង់ដោយក្រុមសិក្សាប្លង់ និងសំណង់ ហង់ ឃីម ហើយការសាងសង់រូបសំណាកដំរីទាំង ២នេះ រយៈពេលចំនួន ៤ខែ ដោយគិតចាប់ពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២។

ថ្លែងនៅក្នុងពិធីបើកការដ្ឋាន និងបញ្ចុះបឋមសិលាសាងសង់រង្វង់មូល “រូបសំណាកដំរី “នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ កាលពីថ្ងៃទី ២៨ ខែសីហា លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការសាងសង់រង្វង់មូល “រូបសំណាកដំរី ” និងសាងសង់រូបសំណាកដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍ នេះ គឺដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ នឹងលើកកម្ពស់សោភ័ណភាព ជាពិសេសជាការរំលឹកពីប្រវត្តិសាស្ត្រ របស់បងប្អូនជនជាតិដើមភាគតិច ដើម្បីឲ្យខេត្តមណ្ឌលគិរី ប្រែមុខមាត់ថ្មី នឹងកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកទស្សនាកំសាន្ត មានការកើនឡើងជារៀងរាល់ឆ្នាំ។

លោកអភិបាលខេត្ត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានណែនាំ និងជំរុញដល់មន្ទីរអង្គភាព និងវិស័យឯកជន រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាសាងសង់រង្វង់មូលរូបសំណាកដំរី និងរូបសំណាកដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍នេះ ឲ្យទទួលបានជោគជ័យ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ ហើយចូលរួមសាងសង់ និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

បន្ថែមលើសពីនេះ ក៏ស្នើឲ្យមន្រ្តីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព និងបន្តចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


