ព័ត៌មានជាតិ
ទោះជួបវិបត្តិតម្លៃម្រេចធ្លាក់ចុះ កសិករមណ្ឌលគិរីក្រាញននៀលដាំម្រេចអស់រយៈពេល១២ឆ្នាំរហូតជោគជ័យ
កសិករមួយរូបនៅខេត្តមណ្ឌលគិរី បានតស៊ូក្រាញននៀលដាំម្រេចអស់រយៈពេល ១២ឆ្នាំ ដោយមិនបោះបង់ចោលចម្ការ ទោះធ្លាប់ជួបវិបត្តិតម្លៃម្រេចឡើងចុះញឹកញាប់ ជាពិសេសធ្លាក់ចុះខ្លាំងនៅក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩។ ការអត់ធ្មត់ និងជឿជាក់លើដំណាំម្រេចជាដំណាំឧស្សាហកម្ម បានជួយឱ្យលោកទទួលបានជោគជ័យ និងសម្រេចពង្រីកផ្ទៃដាំដុះបន្ថែម ខណៈតម្លៃម្រេចបច្ចុប្បន្នកំពុងមានទីផ្សារល្អ។

លោក ហ៊ោ ហួត អាយុ ៤៥ឆ្នាំ រស់នៅឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថា លោកចាប់ផ្តើមដាំម្រេចតាំងពីឆ្នាំ២០១៤ លើផ្ទៃដី ២ហិកតា ដោយជ្រើសរើសដាំពូជបាយ និងពូជម៉ាឡេ។
ក្នុងរយៈពេល ១២ឆ្នាំកន្លងមក លោកបានឆ្លងកាត់ឧបសគ្គជាច្រើន ជាពិសេសនៅអំឡុងឆ្នាំ២០១៩ និងវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យតម្លៃម្រេចក្រៀមធ្លាក់ចុះមកនៅត្រឹម ៦,០០០ ទៅ ៨,០០០រៀលក្នុងមួយគីឡូក្រាម បណ្តាលឱ្យកសិករជាច្រើនបោះបង់ចម្ការ ឬជួបវិបត្តិហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា លោកនៅតែបន្តថែរក្សាចម្ការ និងមិនបោះបង់ការដាំដុះឡើយ ដោយជឿជាក់ដំណាំប្រភេទនេះ និងអនាគតទីផ្សារម្រេច។

បច្ចុប្បន្ន ចម្ការម្រេចរបស់លោកអាចផ្តល់ទិន្នផលជាមធ្យមប្រមាណ ៦តោនក្នុងមួយហិកតា ខណៈម្រេចក្រៀមមានតម្លៃទិញចន្លោះពី ២១,០០០ ដល់ ២៣,០០០រៀលក្នុងមួយគីឡូក្រាម។ ដោយសារតម្លៃមានស្ថិរភាព និងទីផ្សារមានតម្រូវការល្អ លោកបានសម្រេចពង្រីកការដាំដុះបន្ថែម ២ហិកតាទៀតក្នុងឆ្នាំ២០២៦ ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ។
លោក ហ៊ោ ហួត រំពឹងថា តម្លៃម្រេចនឹងបន្តរក្សាស្ថិរភាព ឬកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ដែលនឹងជួយលើកកម្ពស់ជីវភាពរបស់កសិករ និងលើកទឹកចិត្តឱ្យមានការពង្រីកការដាំដុះកាន់តែច្រើន។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ខេត្តមានផ្ទៃដីដាំម្រេចសរុប ១,៣៥៨ហិកតា ខណៈផ្ទៃដីប្រមូលផលក្នុងឆ្នាំ២០២៦ មានចំនួន ១,៣០៨ហិកតា ទទួលបានទិន្នផលប្រមាណ ៣,៣៤៨តោន។ លោកបញ្ជាក់ថា ការពង្រីកផ្ទៃដាំម្រេចរបស់កសិករ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តលើទីផ្សារ ខណៈផលិតផលម្រេចកម្ពុជានៅតែទទួលបានការគាំទ្រពីអ្នកទិញទាំងក្នុង និងក្រៅប្រទេស៕
ដោយ៖ រៀម សុខហេង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


