ព័ត៌មានជាតិ
ក្នុងវេទិកាសាធារណៈ ពលរដ្ឋស្នើអាជ្ញាធរ ជួយជំរុញការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយថវិកាឧបត្ថម្ភអ្នកស្លាប់ដោយកូវីដ-១៩
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមហោស្រពចេនឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី ២៥ តុលានេះ ប្រជាពលរដ្ឋបានស្នើអាជ្ញាធរជួយដោះស្រាយជាសំណើសំណូមពរមួយចំនួន មានទាំងការស្នើសុំឲ្យជួយអន្តរាគមន៍រឿងថវិកាឧបត្ថម្ភអ្នកស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ ការស្នើសុំកម្មសិទ្ធិដីធ្លី និងការសុំឲ្យជួយសាងសង់អគារសិក្សាបន្ថែមជាដើម។

អ្វីដែលជាការកត់សម្គាល់ បញ្ហាកកស្ទះសំរាម ការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងការស្នើសុំផ្តល់សេវាសាធារណៈផ្សេងៗទៀត មិនត្រូវបានលើកឡើងក្នុងវេទិកានេះទេ។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ាន់ ឈឿន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក។

វេទិកានេះមានប្រជាពលរដ្ឋចំនួន ៣ នាក់ប៉ុណ្ណោះ ដែលបានលើកឡើងជាសំណួរសំណើផ្ទាល់មាត់ ក្នុងនោះរួមមាន ៖ ទី១-ស្នើសុំឲ្យអាជ្ញាធររាជធានី ជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋរស់នៅភូមិ ១៣ សង្កាត់ផ្សារដើមគរ ដែលមានក្រុមគ្រួសារ ២ នាក់ បានស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ ទី២-ប្រជាពលរដ្ឋរស់នៅសហគមន៍មិត្តភាព ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្នើសុំកម្មសិទ្ធិដីធ្លី (ប្លង់រឹង) និងទី៣-អតីតលោកគ្រូបង្រៀន បានស្នើសុំឲ្យជួយសាងសង់អគារសិក្សានៅវិទ្យាល័យ ជា ស៊ីម សាមគ្គីបន្ថែម ខណៈសិស្សានុសិស្សកើនឡើង ៣ ដង។

ចំពោះការលើកឡើងជាសំណើផ្ទាល់មាត់ ៣ នាក់ ខាងលើនេះ ត្រូវបាន លោក មាន ចាន់យ៉ាដា ដោះស្រាយជូនភ្លាមៗតែម្ដង។ លោកបញ្ជាក់ថា ចំពោះការស្នើសុំឲ្យអាជ្ញាធររាជធានីជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋរស់នៅភូមិ ១៣ សង្កាត់ផ្សារដើមគរ ដែលមាន ២ នាក់ បានស្លាប់ដោយជំងឺកូវីដ-១៩ មិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនោះ លោកស្នើឲ្យពលរដ្ឋក្នុងគ្រួសារសព សូមធ្វើសំណើមករដ្ឋបាលខណ្ឌទួលគោក ហើយរដ្ឋបាលខណ្ឌបន្តស្នើទៅរដ្ឋបាលរាជធានី ក្នុងរយៈពេលយ៉ាងយូរ ៤ ថ្ងៃ ថវិកានោះ នឹងបានមកដល់ដៃគ្រួសារ នៃសពហើយ។

ប្រជាពលរដ្ឋរស់នៅសហគមន៍មិត្តភាព ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្នើសុំកម្មសិទ្ធិដីធ្លី (ប្លង់រឹង) លោកសន្យាថា នឹងឲ្យមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ចុះពិនិត្យជាក់ស្ដែងនៅទីតាំងសហគមន៍ បើមានសម្បទាគ្រប់គ្រាន់ សមស្របទៅនឹងច្បាប់ អាជ្ញាធរមិនទុកនោះទេ គឺត្រូវប្រគល់ជូនប្រជាពលរដ្ឋហើយ។ ចំពោះការស្នើសុំឲ្យជួយសាងសង់អគារសិក្សានៅវិទ្យាល័យ ជា ស៊ីម សាមគ្គីបន្ថែមនោះ លោកបានស្នើឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី បន្តស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀត។ ចំណែកលោកក៏នឹងស្នើសុំទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យជួយកសាងសាលានេះផងដែរ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង ១ ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំ ជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕
អត្ថបទ ៖ ស្រីរ័ត្ន
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


