ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តរតនគិរី រៀបចំវេទិកាសាធារណៈអនុញ្ញាតឱ្យពលរដ្ឋលើកពីក្តីកង្វល់ និងបញ្ហាប្រឈម
ក្រុមប្រឹក្សាខេត្តរតនគិរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកវើនសៃ ដែលជាវេទិកាសាធារណៈ បើកឱកាសឱ្យប្រជាពលរដ្ឋ លើកជាសំណូមពរ និងបញ្ហាប្រឈម ទៅកាន់អាជ្ញាធរ/មន្ទីរពាក់ព័ន្ធ ដើម្បីដោះស្រាយក្តីកង្វល់ពលរដ្ឋ។ វេទិកានេះ ដើម្បីបង្ហាញពីសមិទ្ធផលរបស់ខេត្ត និងអនុញ្ញាតឱ្យពលរដ្ឋបានចោទជាសំណួរលើទៅការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល កសិកម្ម អគ្គិសនី និងបរិស្ថាន ដែលពួកគាត់បានជួបបញ្ហាកន្លងមក។

វេទិការសាធារណៈ ត្រូវបានរៀបចំឡើងនៅវត្តភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ាន់ សោភា អភិបាលរងខេត្ត រួមទាំងប្រធានមន្ទីរ អនុប្រធានមន្ទីរ អាជ្ញាធរភូមិ/ឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅស្រុកវើនសៃ សរុបប្រមាណ ៧៦ នាក់។
ឆ្លើយតបទៅនឹងក្តីកង្វល់ពលរដ្ឋ លោក ណាប់ ប៊ុនហេង បានថ្លែងដោយជំរុញទៅកាន់អាជ្ញាធរមូលដ្ឋាន ត្រូវប្រឹងប្រែងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងទៅតាមជំនាញរៀងៗខ្លួន។ លោកបញ្ជាក់ថា តាមរយៈកញ្ចប់ថវិកាមូលនិធិឃុំសង្កាត់ ក្នុង១ ឆ្នាំៗរដ្ឋបានទម្លាក់ឱ្យជាង ១០ ម៉ឺនដុល្លារ តាមឃុំនីមួយៗ ដូច្នេះត្រូវគិតគូរកសាងផែនការរបស់ខ្លួន លើកទិសដៅទិញសម្ភារឬបន្តកិច្ចខិតខំជួសជុលផ្លូវ កសាងផ្លូវពីភូមិ១ ទៅភូមិ១ ទៀត ក្នុងភូមិសាស្ត្រឃុំរបស់ខ្លួនឱ្យបានល្អប្រសើរ។ ជាពិសេស គិតគូរទៅដល់ប្រយោជន៍ជាសមូហភាពបម្រើទៅដល់សេចក្តីខ្វះខាតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ លោក វ៉ាន់ សោភា អភិបាលរងខេត្ត បានសំណូមទៅកាន់ប្រជាពលរដ្ឋដាំដំណាំណាដែលឆ្លើយតបតម្រូវការទីផ្សារ ដើម្បីលក់បានតម្លៃខ្ពស់។ លោកក៏សំណូមពរទៅដល់ប្រជាពលរដ្ឋ កុំទៅកាប់ព្រៃឈើទន្ទ្រានយកដីបរិស្ថាន ឬវាស់វែងដីធ្លី ដីចម្ការដោយខ្លួនឯង អាចប្រឈមផ្លូវច្បាប់។ នៅចំពោះមុខពលរដ្ឋ លោកក៏បាន ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន បន្តដោះស្រាយក្តីកង្វល់ពលរដ្ឋ និងជនជាតិដើមភាគតិច ទៅតាមលទ្ធភាពដែលអាចធ្វើបាន។
លោក សាយ ឌឿន តំណាងឱ្យជាជនជាតិដើមភាគតិច នៅឃុំកោះពាក្យ សំណូមពរទៅដល់មន្ត្រីបរិស្ថាន មេត្តាយោគយល់ទៅដល់ប្រជាពលរដ្ឋឱ្យកាប់ព្រៃធ្វើជាដីចម្ការសម្រាប់ដាំស្រូវនិងដាំដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយបញ្ជាក់ថាពលរដ្ឋនឹងមិនទាមទារយកធ្វើជាកម្មសិទ្ធិនោះទេ។ លោកនិយាយថា៖«ប្រសិនបើមន្ត្រីបរិស្ថាន មិនអនុញ្ញាតឱ្យធ្វើស្រែចម្ការ ដាំដំណាំនៅលើដីរបស់ខ្លួន ធ្លាប់អាស្រ័យផងទេ នឹងមិនមានអ្វីហូបចុកនោះទេ ពីព្រោះពួកគាត់មិនដែលធ្លាប់លក់ដូរ ឬប្រកបរបរផ្សេងពីនេះ»។
ឆ្លើយតបករណីនេះ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី ដែលមានតួនាទីពាក់ព័ន្ធនឹងឧទ្យានជាតិវីរៈជ័យ បានថ្លែងថា ប្រសិនបើសហគមន៍ជនជាតិដើមភាគតិច ប្រើប្រាស់ដីអាស្រ័យផលមិនមានការប៉ះពាល់ធ្ងន់ធ្ងរទៅលើព្រៃឈើ និងធនធានធម្មជាតិ មិនមានបញ្ហាអ្វីនោះទេ។ យ៉ាងណាមិញ លោកសង្កត់ថា៖« ប៉ុន្តែការកាប់ព្រៃឈើ ទន្ទ្រានយកដីនេះ គឺនៅក្នុងក្រមព្រហ្មទណ្ឌបរិស្ថាន គឺហាមប្រាមជាដាច់ខាត់។ ករណីជនជាតិដើមភាគតិច ដែលធ្លាប់អាស្រ័យផលកន្លងទៅ មិនមានការហាមឃាត់ទេ»។

វេទិកាសាធារណៈ ក៏បានលើកឡើងពីបញ្ហាគ្រូបង្រៀនមិនទៀងទាត់ ការងារអត្រានុកូលដ្ឋាន ខុសឈ្មោះ និងការកំណត់ព្រំប្រទល់ដីជាដើម។ វេទិកាសាធារណៈនេះ គឺផ្តល់ឱ្យប្រជាពលរដ្ឋបញ្ចេញមតិ យោបល់សំណូម បញ្ហាជួបប្រទះ និងមានការឆ្លើយតបពីមន្ត្រីពាក់ព័ន្ធ សំដៅដល់ការស្វែងរកដំណោះស្រាយរួមគ្នា ខណៈមន្រ្តីនឹងយកសំណើរ សំណូមពរទាំងនោះជម្រាបទៅថ្នាក់លើសម្រាប់ដោះស្រាយបន្តទៀត៕
ដោយ៖ ខៀវ ចាប
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


