Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការងារ៖ ​បណ្តាញ​សង្គមព័ត៌មានក្លែងក្លាយ​មួយចំនួនកំពុង​ បន្ទច់បង្អាក់​ដំណើរការអភិវឌ្ឍ​ប្រទេសរបស់រដ្ឋាភិបាល

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈបាន​មានប្រសាសន៍​ថា បច្ចុប្បន្ននៅលើបណ្តាញផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ មានព័ត៌មានក្លែងក្លាយមួយចំនួនកំពុងបំភាន់មតិសាធារណជនឱ្យបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍប្រទេស ដែលជាការខិតខំប្រឹងប្រែងដោយលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បណ្តាញសង្គម FACEBOOK នៅព្រឹកថ្ងៃទី២៥ ខែធ្នូ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) លោករដ្ឋមន្ត្រីបានបន្តថាក្នុងន័យនេះស្នើឱ្យអ្នកលេងបណ្តាញសង្គម ត្រូវផ្សព្វផ្សាយនូវព័ត៌មានពិតទាក់ទងនឹងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសាធារណមតិទាំងក្នុង និងក្រៅប្រទេសបានយល់ដឹង និងចូលរួមចំណែកក្នុងការការពារសមិទ្ធផលអស់ទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។ 

លោករដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញលើការប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញល្បឿនការងារឱ្យបានលឿនទាន់ពេលវេលា កាត់បន្ថយការចំណាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានដល់ដៃសាធារណជនក្នុង និងក្រៅប្រទេស។

លោករដ្ឋមន្ត្រីបានបន្ថែមថា ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រជាជន ជាពិសេសយុវជនទាំងអស់ទទួលបាននូវការសិក្សាបច្ចេកវិទ្យា ការអប់រំប្រកបដោយគុណភាព និងសមត្ថភាព ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបណ្ដាញសង្គមហ្វេសប៊ុក ជាយន្តការដ៏សំខាន់មួយក្នុងការធ្វើការ និងទទួលនិងដោះស្រាយនូវសំណូមពរ ឬបញ្ហានានា ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវតែមានផេករបស់ខ្លួន ដើម្បីទទួលព័ត៌មាន និងដោះស្រាយនូវរាល់កង្វល់នានារបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីសង្ឃឹមថាបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ នឹងមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាននិង សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានណែនាំដល់សិក្ខាកាមក៏ត្រូវចេះប្រើប្រាស់ហេ្វសប៊ុកជាមធ្យោបាយដើម្បីវាយបក ឬបកស្រាយបំភ្លឺសាធារណៈមតិរាល់ព័ត៌មានញុះញង់បំផុសបំផុល ប្រជាភិថុតិ ឬបំភ្លៃការពិតនៅតាមបណ្តាញ Facebook និងបណ្តាញសង្គមផ្សេងទៀតឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសិក្ខាកាមបានយល់ដឹងអំពី បច្ចេកទេសនៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការថត ការកាត់ត រូបភាពតាមទូរស័ព្ទ និងរបៀបបង្កើត Tiktok, ការជ្រើសរើសរូបភាព និងព័ត៌មានក្នុងការផ្សព្វផ្សាយ, ការចុះបដិសេដ ឬគាំទ្រលើព្រឹត្តិការណ៍ ឬព័ត៌មាននានា, ការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល សកម្មភាពរបស់ថ្នាក់ដឹកនាំ ផលប្រយោជន៍នានាដល់បងប្អូនកម្មករនិយោជិត និងសាធារណជន, ការបែងចែកព័ត៌មានដែលផ្ទុយពីការពិត ទៅនឹងព័ត៌មានពិត ដែលគួរជឿនិងមិនគួរជឿ, ការរៀបចំខ្លឹមសារសរសេរ និងយុទ្ធសាស្ត្រដែលមានភាពទាក់ទាញប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម