ព័ត៌មានជាតិ
ក្រុមការងារអន្តរក្រសួង បើកកិច្ចពិគ្រោះយោបល់ សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ឲ្យបានលឿន
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញបានមានប្រសាសន៍ឲ្យដឹងថា ជំងឺកូវីដ-១៩ មានភាពពាក់ព័ន្ធយ៉ាងជិតស្និទ្ធ ទៅនឹងសេដ្ឋកិច្ច ពោលគឺប្រសិនបើមិនបានគ្រប់គ្រងស្ថានភាពនៃជំងឺនេះ បានល្អនោះទេ នឹងធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំង។

លោកបានបន្តថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ វ័យឆ្លាត និងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខនៃរាជរដ្ឋាភិបាល ធ្វើឲ្យកម្ពុជាយើងមានសមត្ថភាព និងលទ្ធភាពអាចគ្រប់គ្រងសភាពការណ៍វិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ ទោះបីកម្ពុជាជាប្រទេសតូច ហើយធនធានមានកម្រិតក្តី។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ ទោះបីកំណើនមានសន្ទុះថមថយខ្លះក្តី។ ហើយរាជរដ្ឋាភិបាលកំពុងតែគិត គូររៀបចំយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញ បានឆាប់រហ័ស និងឲ្យកាន់តែខ្ពស់ជាងមុនពេលមានវិបត្តិជំងឺកូវីដ-១៩។ លោកបានឲ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំលើកទី១នៃក្រុមការងារអន្តរក្រសួងទទួលបន្ទុកការចរចា និងការពិគ្រោះយោបល់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាលពីចុងសប្តាហ៍នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកសមាជិកាក្រុមការងារ។ លោករដ្ឋមន្ត្រីប្រតិភូ បន្តមានប្រសាសន៍ថា ទោះពីការអភិវឌ្ឍន៍វ៉ាក់សាំងមកទល់នឹងពេលនេះ កាន់តែរីក ចម្រើនទៅមុខ ហើយមានប្រទេសខ្លះបានចាប់ផ្តើមការចាក់វ៉ាក់សាំងជាបណ្តើរៗក្តី តែចំណោទអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះ នៅតែមិនទាន់មានភាពច្បាស់លាស់ទាំងស្រុងនៅឡើយ ព្រោះពិភពលោកនៅមិនទាន់អាចផ្តើមការចាក់វ៉ាក់សាំងជាទូទៅ ( general vaccine roll out) នៅឡើយទេ ហើយអង្គការសុខភាពពិភពលោក (WHO) ទើបតែផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer/BioNTech សម្រាប់តែករណីបន្ទាន់ (emergency use) ប៉ុណ្ណោះ។ តែទោះបីយ៉ាងណាក៏ដោយ លោកបានបន្តថា ពិតណាស់ថា ទោះបីវ៉ាក់សាំងមិនមែនជាដំណោះស្រាយមាសតែមួយគត់ សម្រាប់លុបបំបាត់ជំងឺកូវីដ-១៩ ក្តីតែវត្តមាននៃវ៉ាក់សាំង ក៏មានភាពចាំបាច់ណាស់ សម្រាប់ការយកឈ្នះលើជំងឺកូវីដ-១៩ ទាំងស្រុងដែរ។


អង្គប្រជុំអន្តរក្រសួង បានធ្វើបានពិភាក្សា និងពិគ្រោះយោបល់អំពីយុទ្ធសាស្ត្រ និងផែនការធ្វើលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនប្រជាជនកម្ពុជាឲ្យបានលឿន និងឆាប់រហ័ស សមល្មមនឹងតម្រូវការកម្ពុជា ដោយធានាបាននូវសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាព ព្រមទាំងឲ្យមានភាពឆ្លើយឆ្លងគ្នាទៅនឹងផែនការចាក់វ៉ាក់សាំងផងដែរ ព្រោះវ៉ាក់សាំងដែលទិញមកហើយ មិនអាចទុកយូរពេកបាននោះទេ។ អង្គប្រជុំក៏បានពិភាក្សាផងដែរ ពាក់ព័ន្ធនឹងការកំណត់ គោលការណ៍ទិញ និងបែងចែក ព្រមទាំងបរិមាណវ៉ាក់សាំង ទាំងសម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ (emergency use) និង ទាំងសម្រាប់ការប្រើប្រាស់ជាទូទៅ (general vaccine roll out)។

គួរបញ្ជាក់បន្ថែមថា គិតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងរហូតដល់ជាង ៨៨លាននាក់ និងអ្នកស្លាប់ដោយសារជំងឺនេះដល់ជាង ១,៩ លាននាក់ហើយ ហើយរលកថ្មីនៃការរីករាលដាលនៃជំងឺនេះ បាន និងកំពុងបង្កើតឲ្យមានក្តី បារម្ភថែមទៀត ពិសេសការរំពឹងទុកអំពីការស្រាកស្រាន្តនៃជំងឺកូវីដ-១៩ ដែលអាចនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកអាចងើបខ្ពស់ឡើងវិញ៕
អត្ថបទ៖ វត្តី
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


