Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ជំរុញមន្ត្រីបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវានៅតាមមូលដ្ឋាន អំឡុងបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយគុណភាព និងប្រសិទ្ធភាព នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ២៦ មីនា លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ និងគុណភាពសេវានៅតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរ ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ និងពិនិត្យឱសថ បរិក្ខារពេទ្យ ធានាឲ្យមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់នៅតាមមូលដ្ឋាន។ ចំណែកឃ្លាំងឱសថកណ្តាល ត្រូវរៀបចំផែនការបែងចែកឱសថទៅតាមមូលដ្ឋានឲ្យបានសមស្រប និងឆាប់រហ័ស ទៅតាមចំនួនប្រជាជននៅក្នុងតំបន់ និងមន្ទីរសុខាភិបាល និងមូលដ្ឋានសុខាភិបាលនៅតាមបណ្តាខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំសុខភាពជូនប្រជាជន និងវីរកងទ័ពនៅតាមមូលដ្ឋានរៀងៗ ខ្លួន។ លើសពីនេះទៀត គ្រប់មូលដ្ឋានសុខាភិបាល និងឯកជន ត្រូវពង្រឹងការប្រើប្រាស់រថយន្តគិលានសង្រ្គោះ ដោយត្រូវដឹងពីកាតព្វកិច្ចគោលការណ៍ ក្នុងការបំពេញការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ត្រឹមត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

បន្ថែមពីនេះ ត្រូវពិនិត្យ និងយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ប័ណ្ណ ប.ស.ស ប្រកបដោយសមធម៌។ រៀបចំរបាយការណ៍ដោយមានការប្រៀបធៀបក្នុងរយៈពេល ៣ ឆ្នាំ ឬ រយៈពេលសមរម្យណាមួយ ដើម្បីអាចមើលឃើញនូវលទ្ធផល និងអាចវាស់វែងបាន និងត្រួតពិនិត្យវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី។

លោករដ្ឋមន្រ្តី ក៏បានណែនាំឲ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តយកចិត្តទុកដាក់លើការងារទំនាក់ទំនងជាមួយអ្នកជំងឺដោយប្រើពាក្យសម្តី និងកាយវិការសមរម្យ និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយសុជីវធម៌ គុណធម៌ សមធម៌ និងបង្កើនភាពជិតស្និទ្ធ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ , ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម