ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ដល់អានុសាសន៍ ៣សំខាន់ ដល់នាយទាហានផ្លាស់ប្ដូរមុខតំណែង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អបអរសាទរជាមួយនាយទាហាន ដែលទទួលបានការទុកចិត្តពីព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងថ្មីក្នុងជួរថ្នាក់ដឹកនាំសាលាពលទាហានទី៥ ដែលស័ក្តិសមទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក ហើយក៏ជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំពង្រឹងយោធភូមិភាគទី៥ និងសាលាពលទាហានទី៥ តទៅខាងមុខទៀត។

ការថ្លែងនេះ ធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នៅខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការហ្វឹកហ្វឺន គឺជាមធ្យោបាយគន្លឹះ នៃការធានាសមត្ថភាពកងទ័ព និងនិរន្តភាពនៃកិច្ចការពារជាតិ។ ក្នុងន័យនេះ សាលាហ្វឹកហ្វឺន គឺជាកន្លែងដ៏មានសារៈសំខាន់សម្រាប់បណ្តុះបណ្តាលយោធិននៃកងយោធពលខេមរភូមិន្ទឱ្យមានឆន្ទៈស្មោះត្រង់មោះមុតដាច់ខាត ស្មារតីប្រយុទ្ធរឹងមាំ ទឹកចិត្តតស៊ូក្លាហាន និងប្រកបដោយជំនាញច្បាស់លាស់ តាមរយៈការអភិរក្សផ្នែកស្មារតី និងការធ្វើទំនើបកម្មផ្នែកសម្ភារ ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិ និងប្រជាជន ពីមួយជំនាន់ទៅមួយជំនាន់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ផ្តើមចេញពីមូលដ្ឋាននេះ សូមនាយក នាយករង ជាថ្នាក់ដឹកនាំសាលា ខិតខំបំពេញភារកិច្ច ៣សំខាន់៖ ទី១. ថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកឱ្យ, ទី២. កសាង និងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតលើគ្រប់វិស័យ ជាមួយនឹងការធ្វើទំនើបកម្មឥតឈប់ឈរទាំងលើកត្តាមនុស្ស និងកត្តាសម្ភារ និង ទី៣. ខិតខំរៀបចំមូលដ្ឋានសម្រាប់កម្លាំងបន្តវេន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ ក្នុងនាមជាកម្លាំងរបស់ជាតិ និងប្រជាជន មាន ២កាតព្វកិច្ច៖ ១. រក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានភាពដាច់ខាតក្នុងការធានាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង ២. បន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីធានាការពារសន្តិភាព និរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ។

គួរបញ្ជាក់ថា ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនសាលាពលទាហានទី៥ ដែលកន្លងមកនេះសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោទនៈ តាមរយៈតួនាទីស្នូលដ៏សំខាន់ក្នុងនាមជាថ្នាលហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញទ័ពថ្មើរជើងសម្រាប់យោធិនទូទាំងយោធភូមិភាគទី៥ ចាប់តាំងពីដំណាក់កាលដំបូងនៃបង្កើតយោធភូមិភាគនេះ នៅចុងទសវត្សរ៍ឆ្នាំ៨០៕
អត្ថបទ៖ រស្មី




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


