ព័ត៌មានជាតិ
បាត់ដានតម្រុយជនសង្ស័យបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

ក្រោយពីកងកម្លាំងសមត្ថកិច្ចចម្រុះស្ថាប័នដេញតាមប្រមាញ់ចាប់ជនដៃដល់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ផ្តើមចេញពីទំនាស់ពាក្យសម្តីដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាច្រើនថ្ងៃមក ពេលនេះសមត្ថកិច្ចបាត់ដានតម្រុយជនសង្ស័យ បន្ទាប់ពីរត់គេចដល់ខេត្តស្ទឹងត្រែង។
លោកឧត្តសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់កម្ពុជាថ្មីនៅថ្ងៃសុក្រនេះថា សមត្ថកិច្ចជំនាញ កំពុងបន្តធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យជាឃាតករ។
តាមព័ត៌មានចុងក្រោយ ជនសង្ស័យជាឃាតករ បានរត់ពីស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ទៅសំងំលាក់ខ្លួននៅក្នុងព្រៃមួយក្នុងស្រុកលំផាត់ខេត្តរតនៈគិរី ហើយបន្តចូលទៅដល់ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី ៦ ខែមករា ក្រោយការតាមប្រមាញ់ពីកម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។
សមត្ថកិច្ចបានរកឃើញម៉ូតូជនសង្ស័យ១គ្រឿងម៉ាក Dream ២០២០ នៅយប់ថ្ងៃទី ៦ ខែមករានៅភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជនល្មើសបានផ្លុងចោល។

ការបាញ់សម្លាប់មន្ត្រីនគរបាលតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កាលពីយប់ថ្ងៃទី ២៩ ដំណាច់ខែធ្នូ ឆ្នាំ ២០២០ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍តិចតួច ស្ថិតនៅភូមិក្បាលដំរីទី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាមន្ត្រីនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ រ៉េត ស៊ីណែត អាយុ ៤១ ឆ្នាំ។ ជនសង្ស័យស្លៀកពាក់ស៊ីវិលប្រដាប់ដោយអាវុធខ្លី ១ ដើម ជិះរថយន្ត Lexus RX300 ពាក់ស្លាកលេខសៀមរាប 2A-4546។
នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិ បានធ្វើដំណើរចេញពីហាងហូបស៊ុបនៅម្តុំវត្តភ្នំ ហើយបានបើករថយន្ត Ford Raptor ចេញដំណើរដល់ចំណុចកើតហេតុ ក៏មានរថយន្តជនបង្កដែលមានអ្នករួមដំណើរចំនួន ៥ នាក់ ប្រុស២ ស្ត្រី ២ និងកុមារម្នាក់ បើកទៅបុករថយន្តជនរងគ្រោះបណ្តាលឲ្យខូចខាតកម្រិតស្រាល។ ពេលនោះ ជនរងគ្រោះបានជិះវ៉ារថយន្តជនបង្ក ហើយទៅបាំងពីមុខរថយន្តជនសង្ស័យ។ ជនសង្ស័យក៏ឈប់រថយន្តដោះស្រាយគ្នាបានមួយសន្ទុះ ក៏ដកកាំភ្លើងបាញ់ជនរងគ្រោះជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានបុរសអ្នកបើករថយន្តឲ្យជនដៃដល់ ឈ្មោះ កែ ចាន់មាន និងត្រូវបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្ម និងបទជួញដូរសារធាតុញៀន។
ចំណែកជនល្មើសនៅបន្តរត់គេចខ្លួន ហើយសមត្ថកិច្ចនៅបន្តរុករក ហើយជាច្រើនថ្ងៃនេះមិនទាន់មានពន្លឺបន្ថែមនៅឡើយទេ៕


អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៧ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


