ព័ត៌មានជាតិ
សម្ដេច ស ខេង ជំរុញក្រសួងយុត្តិធម៌ពន្លឿនការជំនុំជំរះក្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន
សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់ក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការសម្របសម្រួលជាមួយស្ថាប័នតុលាការ ដើម្បីពន្លឿនការជំនុំជំរះក្តី ចំពោះបទល្មើសគ្រឿងញៀន ឱ្យបានឆាប់រហ័ស។

ទន្ទឹមនឹងនេះត្រូវបន្តពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវ លើបទល្មើសគ្រឿងញៀនណាដែលសង្ស័យថា មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ ដើម្បីធ្វើការដកហូតឱ្យបានទាន់ពេលវេលានូវទ្រព្យសម្បត្តិ ដែលបានមកពីផល នៃការប្រព្រឹត្តបទល្មើស។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការដកហូតបានទាន់ពេលវេលានូវទ្រព្យសម្បត្តិ ដែលបានមកពីផល នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងបង្ហាញពីឆន្ទៈ កិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមស៊ើបអង្កេតស្រាវជ្រាវប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានគាំទ្រដល់ការរីកសាយភាយអាវុធមហាប្រល័យនៅក្នុងក្របខណ្ឌសកលលោក។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំ ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង-សា្ថប័នជំនាញមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពន្លឿនការធ្វើវិសោធនកម្មច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងរៀបចំតាក់តែងគោលនយោបាយ ឬលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដើម្បីបម្រើដល់ការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅ ក្នុងប្រទេសកម្ពុជា ជាពិសេស ការរៀបចំច្បាប់ថ្មីពាក់ព័ន្ធនឹងការគ្រប់គ្រងត្រួតពិនិត្យ ការប្រើប្រាស់សារធាតុគីមីផ្សំ សំដៅដល់ការទប់ស្កាត់ការបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព។
សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើដល់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ ជាពិសេស ស្ថាប័ន-អង្គភាព ដែលមានមន្ត្រីបម្រើការងារនៅតាមខ្សែបន្ទាត់ព្រំដែន និងខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបការ ចរាចរ ការជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបបង្ក្រាបបាន ៦,៣៩០ ករណី ស្មើនឹង ១០១.៣០%ប្រៀបធៀបនឹងឆ្នាំ ២០២១ (៦,៣០៨ករណី) មានចំនួនច្រើនជាង ៨២ករណីកើនឡើង១.៣០% ជនសង្ស័យសរុប ឃាត់ខ្លួន ១៥,០០២នាក់ ស្មើនឹង១០៧.៣២%ប្រៀបធៀបនឹងឆ្នាំ២០២១ មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង ៧.៣២% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤,៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស ៣១៩នាក់ (ស្រី៤៣នាក់) ស្មើនឹង១០ជនជាតិ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


