Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមានចាត់វិធានការជនណា​ដែលប្រព្រឹត្តិមិនគប្បីលើស្រ្តី​នៅថ្ងៃចូលឆ្នាំថ្មី

បានផុស

នៅ

អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បានព្រមានដល់ជនណា ដែលប្រព្រឹត្តិមិនគប្បីទៅលើស្រ្តី មានដូចជា ចេតនាលូកលាន់រាងកាយ ឱបថើប និងលួចយកទ្រព្យសម្បត្តិរបស់គេ ពេលយុវនារី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ បើសមីខ្លួនប្តឹង សមត្ថកិច្ចធ្វើការឃាត់ខ្លួន ដាក់ពន្ធនាគារពីឆ្នាំ១ទៅ ដល់៣ឆ្នាំ និងធ្វើការផាកពិន័យ​ជាប្រាក់ពី ២០០.០០០រៀលទៅ ៦.០០០.០០០ រៀល។ នេះបើតាមច្បាប់បទល្មើសព្រហ្មទណ្ឌ មានចែងនៅក្នុង​ក្រមព្រហ្មទណ្ឌ មាត្រា ២៤៥, ស្ថានទម្ងន់ទោស និងទោសបន្ថែម ចាប់ពីមាត្រា ២៤៧, ២៥១ និង ២៥២។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នក​យកព័ត៌មាន នៅព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចូលឆ្នាំខ្មែរកន្លងមកមានយុវជនមួយចំនួន ផឹកស្រាស្រវឹង បានប្រព្រឹត្តបទល្មើសមិនគប្បីលើក្មេងស្រី ដោយពុំខ្លាចច្បាប់អ្វីបន្តិចទាល់តែសោះ និងជាការដាស់តឿន ពញ្ញាក់ស្មារតីដល់ យុវនារី ដែលនិយមស្លៀកពាក់សិចស៊ី ហើយចេញទៅលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ ឬលេង ល្បែងផ្សេងៗទៀត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ បានណែនាំដល់ប្រធានការិយាល័យជំនាញ និងអធិការក្រុងស្រុកទាំង ៩ យកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំនេះ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ លោក សិទ្ធិ ឡោះ បានធ្វើការហាមប្រាមរាល់ល្បែងទាំងឡាយណា ដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហឹង្សាបណ្តាលមកពីការរាំកំសាន្តជាន់ជើងគ្នា ច្រណែនឈ្នានីស ការលេងល្បែងសស៊ីសង ល្បែងភ្នាល់ផ្សេងៗ ល្បែងជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ដល់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។ ម៉្យាងវិញទៀត ត្រូវលើកកម្ពស់ ស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលនាំឲ្យមានអគ្គីភ័យ និងត្រូវទប់ស្កាត់ ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម