ព័ត៌មានជាតិ
ឱកាសល្អសម្រាប់និស្សិតនារីដាក់ពាក្យសុំកន្លែងស្នាក់នៅឥតគិតថ្លៃក្នុងភ្នំពេញ
មូលនិធីហាប់ស្វែល (Harpswell Foundation) ដែលជាមូលនិធិជួយដល់សិស្សនារីនៅកម្ពុជា ផ្តល់ជាកន្លែងស្នាក់នៅ និងវគ្គសិក្សាផ្សេងៗ កំពុងប្រកាសផ្តល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្សនារីតាមបណ្តាខេត្ត ទើបតែបញ្ចប់ថ្នាក់វិទ្យាល័យ និងមានបំណងបន្តការសិក្សានៅភ្នំពេញសម្រាប់ឆ្នាំ២០២៣-២០២៤។

(រូបភាព៖ Harpswell Foundation)
មូលនិធិហាប់ស្វែល បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន Harpswell Foundation កាលពីថ្ងៃទី០៤ ខែឧសភា ដោយប្រកាសផ្តល់អាហារូបករណ៍សម្រាប់សិស្សនារី ដែលកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យនានាតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា និងមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅភ្នំពេញ។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើស គឺជាសិស្សនារីរៀនពូកែ ទទួលបានពិន្ទុល្អក្នុងថ្នាក់ និងពិន្ទុល្អសម្រាប់ការប្រឡងបាក់ឌុប ហើយជាសិស្សសកម្មក្នុងការចូលរូមសកម្មភាពផ្សេងៗ និងកាងារសង្គម។ បន្ថែមលើនេះ ជាសិស្សដែលមានជំនាញភាសាអង់គ្លេសល្អ ព្រមទាំង មានទស្សនវិស័យសម្រាប់អនាគតខ្លួនឯង និងប្រទេសជាតិ។
សម្រាប់វិញ្ញាសារក្នុងការជ្រើសរើសមាន២ គឺជាវិញ្ញាសារសរសេរសំណេរ និងការជួបសម្ភាសន៍ ដោយធ្វើឡើងនៅក្នុងខែមិថុនា ខាងមុខ។ ការជ្រើសរើសនេះ នឹងឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ រីឯ ការប្រកាសលទ្ធផល នឹងធ្វើឡើងបន្ទាប់ពីការប្រកាសលទ្ធផលពីការប្រឡងបាក់ឌុបថ្នាក់ជាតិ សម្រាប់សិស្សនារីឆ្នាំ២០២៣។ ព័ត៌មានបន្ថែម ចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់មូលនិធិ គឺHarpswell Foundation។
មូលនិធិហាប់ស្វែល មានអន្តេវាសិកដ្ឋានចំនួន២ គឺទី១ស្ថិតនៅសង្កាត់បឹងត្របែក និងទី២ នៅសង្កាត់ទឹកល្អក់។ ទីតាំងទាំង២ សុទ្ធតែស្ថិតនៅចំកន្លែងដែលនៅជិតសាកលវិទ្យាល័យមួយចំនួនធំនៅភ្នំពេញ។ សម្រាប់បន្ទប់និស្សិត មានផាសុខភាពល្អ ហើយក្នុងអន្តេវាសិកដ្ឋាន ក៏មានជាបណ្ណាល័យ បន្ទប់កុំព្យូទ័រ សម្រាប់ទុកឱ្យនិស្សិតសិក្សា និងស្រាវជ្រាវបន្ថែមដោយខ្លួនឯងដែរ។

និស្សិតសិក្សាស្រាវជ្រាវបន្ថែមនៅបណ្តាល័យក្នុងអន្តេវិសិកដ្ឋាន (រូបភាព៖ Harpswell Foundation)
អ្វីដែលអន្តេវាសិកដ្ឋានធ្វើ គឺជ្រើសរើសសិស្សពូកែនារីដែលរៀននៅវិទ្យាល័យ មានភាពជាអ្នកដឹកនាំ និងទស្សនវិស័យសម្រាប់ខ្លួនេង និងប្រទេស។ មូលនិធិបានផ្តល់ជាកន្លែងស្នាក់នៅ អាហារហូបចុក និងវគ្គសិក្សាបន្ថែមដល់និស្សិត។ វគ្គសិក្សាដែលមូលនិធិផ្តល់ជូន គឺភាសាអង់គ្លេស ភាសាបារាំង ថ្នាក់កុំព្យូទ័រ ការពិភាក្សាជជែកដេញដោល ជំនាញការងារ ពលរដ្ឋវិទ្យា ថ្នាក់ត្រិះរិះពិចារណា សំណេរវិភាគ ថ្នាក់តន្រ្តី និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំជាដើម។

សកម្មភាពកិច្ចពិភាក្សា (រូបភាព៖ Harpswell Foundation)
និស្សិតដែលស្នាក់នៅមានរយៈពេល ៤ ទៅ៥ឆ្នាំ តាមមុខជំនាញសិក្សានៅសាកលវិទ្យាល័យ។ បន្ទាប់ពីបញ្ចប់ការសិក្សា ឬ កំឡុងពេលសិក្សា និស្សិតក៏មានឱកាសផ្លាស់ប្តូរការសិក្សា ឬ បន្តការសិក្សានៅបរទេសបានផងដែរ។ គិតតាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២ មាននិស្សិតស្រីចំនួន ២១៥នាក់ បានបញ្ចប់ការសិក្សានៅមូលនិធិនេះ ហើយនិស្សិតដែលបញ្ចប់ការសិក្សា ភាគច្រើនពួកគេសុទ្ធតែទទួលបានការងារល្អៗដូចជា មេធាវី អ្នកគ្រប់គ្រងគម្រោងនៅអង្គការក្រៅរដ្ឋាភិបាល អ្នកកាសែត អ្នកគ្រប់គ្រងហរិញ្ញវត្ថុ គ្រូបង្រៀន សហគ្រិន និងបុគ្គលិកនៅតាមក្រសួងរដ្ឋភិបាល។

និស្សិតដែលបន្តការសិក្សានៅបរទេស (រូបភាព៖ Harpswell Foundation)
សូមជម្រាបថា មូលនិធិហាប់ស្វែល ជាអង្គការមិនមែនរដ្ឋាភិបាល មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលផ្តល់ការអប់រំ កន្លែងស្នាក់នៅ និងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់និស្សិតនារីដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅភ្នំពេញ។ មូលនិធិនេះ គឺបានចុះបញ្ជីស្របច្បាប់នៅកម្ពុជារួចហើយ។ នៅឆ្នាំ២០០៨ ក្រោយពីចុះបញ្ជីបានមួយឆ្នាំ មូលនិធិនេះ ក៏ទទួលបានមេដាយមាសពីរដ្ឋាភិបាល ដែលផ្តល់ជូនដោយសម្តេចចៅហ្វាវាំង គង់ សំអុល ជូនទៅលោកបណ្ឌិត អាឡិន ឡៃមែន (Alan Lightman) ជាស្ថាបនិកនៃមូលនិធិហាប់ស្វែល។ ការជូនរង្វាន់មេដាយមាសនេះក្នុងគោលបំណង លើកទឹកចិត្តចំពោះសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា៕

(រូបភាព៖ Harpswell Foundation)
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


